អ្នកប្រហែលជាដឹងហើយថា ភាពធាត់អាចជាបញ្ហាដ៏ធំមួយសម្រាប់សុខភាព ដោយសារវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជម្ងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងរោគសញ្ញាមេតាប៉ូលីសផ្សេងៗទៀត។ ប៉ុន្តែតើអ្នកដឹងទេថា វាក៏អាចធ្វើឱ្យអ្នកមានបញ្ហាក្នុងការធ្វើឱ្យប្រពន្ធមានផ្ទៃពោះផងដែរ?​ ប្រសិនបើអ្នកធាត់ពេក វាអាចធ្វើឱ្យផលប៉ះពាល់ដល់ការផលិតទឹកកាម និង លទ្ធភាពមានកូន។ ប្រសិនបើអ្នកស្គមពេក វាក៏មានផលប៉ះពាល់អវិជ្ជមានដូចគ្នា។

ការប្រើប្រាស់សន្ទស្សន៍ម៉ាសរាងកាយ (BMI) ជារង្វាស់ (សន្ទស្សន៍ម៉ាស់រាងកាយល្អបំផុតសម្រាប់បុរសអាយុ ២០-២៥ ឆ្នាំ) ការសិក្សាស្រាវជ្រាវដ៏ធំមួយរបស់ដាណឺម៉ាក បានបង្ហាញថា​ បុរសលើសទម្ងន់ដែលមាន BMI> ២៥ មានកំហាប់មេជីវិតឈ្មោលទាបជាង ២២% បើធៀបនឹងបុរសមានទម្ងន់ធម្មតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាបុរសស្គមស្គាំងដែលមាន BMI<២០ ក៏មានគុណភាពទឹកកាមខ្សោយជាងបុរសដែលមានទម្ងន់ធម្មតាផងដែរ។

ការសិក្សាមួយទៀតបានបង្ហាញថា រាល់ការឡើងទម្ងន់១០គីឡូក្រាម មានការកើនឡើង ១០% នៃឱកាសនៃភាពគ្មានកូន។ ហើយរឿងនេះត្រូវបានអនុវត្តនៅពេលដែលកត្តាផ្សេងទៀតដែលអាចជះឥទ្ធិពលដល់លទ្ធផល ដែលរួមមាន ទម្ងន់របស់ដៃគូ អាយុរបស់បុរស ការជក់បារី ការសេពសុរា និងការប៉ះពាល់សារធាតុគីមី។

នៅពេលបុរសធាត់លើសទម្ងន់ ពួកគេសំបូរអ័រម៉ូនអេស្ត្រូសែន ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។ ស្រដៀងគ្នានេះដែរនៅពេលបុរសមានរាងស្គម រាងកាយមិនមានសារជាតិគ្រប់គ្រាន់ក្នុងការផលិតអ័រម៉ូនភេទ និងធ្វើឱ្យថយចុះការផលិតមេជីវិតឈ្មោលនិងការបង្ករកំណើតដូចគ្នាទៅនឹងអ្នកធាត់ដែរ៕