​រយៈពេល​មួយ​ថ្ងៃ​ដំបូង នៃ​ការចាប់​កំណើត​របស់​ទា​រក​ថ្មី​មួយរូប គឺជា​រឿង​មួយ​តក់ស្លុត ហើយ​អាច​នឹង​ផ្តល់​ភាព​នឿយហត់​ច្រើន សម្រាប់​ឪពុកម្តាយ​។ តាមរយៈ​អត្ថបទ​នេះ យើងខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​ខ្លះៗ ដែល​ម្តាយ​គ្រប់រូប គួរតែ​ធ្វើ​យ៉ាងណា ចំពោះ​កូន​របស់​ខ្លួន នៅពេល​គេ​កើត​បាន ២៤ ម៉ោង​ដំបូង ជាពិសេស ទារក​ដែល​កើត​គ្រប់​ខែ ឬ​អាយុ​ចាប់ពី ៣៧ ទៅ​៤២ សប្តាហ៍​។​

​នៅ​ពេល​កូន​កើតមក ស្បែក​របស់​គេ​អាច​នឹង​ទៅ​ជា​ស្វាយ និង​អាច​មាន​ពណ៌​ចម្រុះ​ច្រើន​។ រាងកាយ​គេ​ត្រូវបាន​ស្រោប​ទៅ​ដោយ​ទឹកភ្លោះ ឈាម និង​ទឹករំអិល​។ ប៉ុន្តែ វា​គឺជា​រឿង​ធម្មតា​ទេ​។

ស្បែក​គេ​នឹង​ចាប់ផ្តើម ទៅ​ជា​ពណ៌​ផ្កាឈូក​វិញ នៅពេលដែល​គេ​ចាប់ផ្តើម ចេះ​ដកដង្ហើម (​ប្រហែល​មួយ​នាទី​ក្រោយ​កើត​)​។ ដៃ និង​ជើង​របស់​គេ អាច​នៅ​តែ​ស្វាយ​ដដែល រយៈពេល​ច្រើន​ម៉ោង​។​

ទឹក​ភ្លោះ និង​ទឹករំអិល​ដែល​ស្រោប​លើ​រាងកាយ​របស់​កូន មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ឲ្យគេ​អាច​ស្រង់ក្លិន និង​រសជាតិ​បាន ក្រោយ​ពី​សម្រាលកូន​រួច​។ ក្រៅពីនេះ វា​ក៏​ជួយ​ដល់​រាងកាយ​របស់​ទារក ចៀសផុត​ពី​ការ​រលាក និង​បង្ក​រោគ​ពី​ខាង​ក្រៅ​ផង​ដែរ​។

ក្រោយពី អ្នក​សម្រាលកូន​រួច អ្នក​ទំនងជា​នឹង​មាន​ការ​កន្ត្រាក់​ក្នុង​ស្បូន​បន្ថែមទៀត ដើម្បី​ទម្លាក់​ទងសុក​ចេញ ហើយ​ទងសុក ក៏​ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។

ក្រោយ​ពី​សម្រាលកូន​តាម​ធម្មជាតិ​រួច កូន​អ្នក​នឹង​ត្រូវ​បាន​ឆ្មប លើកយក​មក​ដាក់​លើ​ទ្រូង​របស់​អ្នក ដើម្បី​ជា​វិធី​ស្បែក​ប៉ះ​ស្បែក (Skin-to-skin Contact)​។ នៅពេល​នេះ​កូន​ត្រូវកា​រគេង និង​អាហារ ហើយ​ក៏​ត្រូវការ​អារម្មណ៍​មាន​សុវត្ថិភាព និង​ភាពកក់ក្តៅ​ផងដែរ ដូច្នេះ គេ​ត្រូវការ​ដាច់ខាត គឺ​ការ​ប៉ះ​ដឹង​ស្បែក​របស់​អ្នក​តែម្តង​។

រឿង​សាមញ្ញ​ដែល​តម្រូវ​ធ្វើ Skin-to-skin Contact គឺ ៖

  • ​កាត់បន្ថយ​ការ​យំ​របស់​ទារក​
  • ​ជួយ​ចាប់ផ្តើម និង​រក្សា​ការ​បំបៅ​ដោះ​របស់​ម្តាយ​
  • ​ជួយ​ថែរក្សា​សីតុណ្ហភាព​របស់​រាងកាយ​ទារក​។​

​ក្រោយ​ពី​លើក​កូន ដាក់​លើ​ទ្រូង​ម្តាយ​រួច ឆ្មប​នឹង​យក​គេ​ទៅ​ថ្លើង ដើម្បី​ប្រាកដថា គេ​កើត​មក​មាន​ទម្ងន់​ធម្មតា ឬ​មាន​សុខភាព​ល្អ​ឬ​អត់​។​ ​បើសិន​ជា​អ្នក​សម្រាល​ដោយ​វះកាត់​វិញ ចូរ​កុំ​ភ្លេច​សុំ​ឆ្មប ដើម្បី​យក​កូន​ដាក់​លើ​ទ្រូង​អ្នក ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង