Join with Health.com.kh on Telegram

កត្តាច្រើនណាស់ដែលបង្កបញ្ហាដំបៅក្នុងមាត់រួមមានការឆ្លងមេរោគដោយសារវីរុស ឬបាក់តេរី, ការខាំអណ្ដាត ឬថ្ពាល់, ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេក, បញ្ហាពោះវៀន និងរោគផ្សិត ឬជ្រាំងក្នុងមាត់ជាដើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរដោះស្រាយបែបណានៅពេលបញ្ហានេះកើតឡើង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីបំបាត់អាការៈដំបៅក្នុងមាត់បានឆាប់រហ័ស ៖

១. រូបមន្តទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំមួយចំនួនលើដំបៅជាការស្រេច។ អ្នកអាចលាបសារឡើងវិញរៀងរាល់ពី ២ ទៅ​ ៣ម៉ោងម្ដង។ រូបមន្តនេះក៏ជួយកាត់បន្ថយការរលាកនិងហើមផងដែរ។

២. រូបមន្តម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹកធម្មតា ១ស្លាបព្រាបាយ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ សឹមប្រើប្រាស់ម្រាមដៃជ្រលក់លាបល្បាយលើដំបៅក្នុងមាត់នោះ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតានិងខ្ពុរសម្អាតក្នុងមាត់។ អ្នកគួរព្យាយាមអនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយថ្ងៃ។

៣. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងបន្តិចលើដំបៅក្នុងមាត់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចលាបប្រេងដូងលើដំបៅមុនពេលចូលគេងផងដែរ។

៤. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗកន្លះពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ១ ឬ ២នាទី ហើយលាងសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញរាល់ព្រឹកនិងល្ងាចរហូតដល់ដំបៅជាសះស្បើយ។

៥. ទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ បន្ទាប់មកលាងសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។

៦. ខ្ទិះដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយខ្ទិះដូងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី និងលាងសម្អាតក្នុងមាត់ជាមួយទឹកស្អាតធម្មតា។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។

៧. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ២ ស្លាបព្រាបាយជាមួយទឹកធ​ម្មតា ១ស្លាបព្រាបាយ។ កូរឱ្យសព្វ ក្លាយជាល្បាយខាប់ៗ បន្ទាប់មកលាបល្បាយលើដំបៅក្នុងមាត់នោះ និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមលាងសម្អាតចេញ។ អនុវត្តរាល់ព្រឹកនិងពេលល្ងាចរហូតដល់ជាសះស្បើយ។

៨. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ខ្ទឹមសមួយកំពឹសជា ២កំណាត់ បន្ទាប់មកសឹមដុសថ្នមៗលើដំបៅក្នុងមាត់សម្រាប់រយៈពេលពី ១ ទៅ ២នាទី។ លាងសម្អាតក្នុងមាត់ជាមួយទឹកស្អាតក្រោយរយៈពេលពី ៣០ ទៅ ៤០នាទី។ អនុវត្តសារឡើងវិញពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ៕