អ្នកជំនាញផ្នែកស្រាទំពាំងបាយជូពីររូប មកពី San Francisco មានសមត្ថភាព សម្ដែងភាពអស្ចារ្យផ្សេងៗ ដោយហេតុនេះ បានដាក់ងារខ្លួនឯងថា Jesus Christ។ ពួកគេ បានអះអាងថា អាចផ្លាស់ប្តូរទឹកឱ្យទៅជាស្រាទំពាំងបាយជូ ក្នុងរយៈពេលប្រហែលតែ ១៥នាទី។ ស្រាទំពាំងបាយជូ ផលិតឡើង ដោយមិនប្រើផ្លែទំពាំងបាយជូ គឺផលិតដោយ ការលាយបញ្ចូលគ្នារវាងទឹក និងអ៊ីតាណុល រួមជាមួយនឹងគ្រឿងផ្សំរសជាតិ ដែលមានរសជាតិស្រដៀងនឹងស្រាទំពាំងបាយជូពិតៗ។
ស្ថាបនិក មុខជំនួញ Ava Winery គឺលោក Mardonn Chua និងលោក Alec Lee បាននិយាយថា ពួកគាត់មានគំនិតផលិតស្រាទំពាំងបាយជូសិប្បនិម្មិត ដោយគ្មានផ្លែទំពាំងបាយជូនេះ ក្រោយពីបានឃើញស្រាទំពាំងបាយជូស Chardonnay ដែលឈ្នះបានពាន់រង្វាន់មួយដប ក្នុងកន្លែងផលិតស្រាទំពាំងបាយជូ នៅជ្រលងភ្នំ Napa រដ្ឋ California កាលពីឆ្នាំម៉ិញ។ ពួកគាត់គ្មានលទ្ធភាពទិញស្រាទំពាំងបាយជូ Chateau Montelena ប៉ុន្តែពួកគាត់ បានគិតរកវិធីផលិតស្រាទំពាំងបាយជូ ដែលនរណាម្នាក់ ក៏អាចទិញបាន។ លោក Chua បាននិយាយថា “ខ្ញុំ មានអារម្មណ៍ថា ត្រូវបានចាក់ដោតចិត្ត ដោយដបស្រាទំពាំងបាយជូ ដែលដាក់តាំងនៅលើជញ្ជាំង។ នោះ បានធ្វើឱ្យខ្ញុំគិតរកវិធីបង្កើតវា ព្រោះខ្ញុំគិតថា ខ្ញុំគ្មានលទ្ធភាពទិញស្រាល្អបែបនេះ និងមិនអាចបានវា យកមកផឹកយ៉ាងសប្បាយរីករាយនោះទេ”។
ដូច្នេះ ពួកគាត់ ក៏ឈប់គិតអំពីជំហាននៃការដាំនិងការផ្សំផ្លែទំពាំងបាយជូ ដែលមានតម្លៃថ្លៃៗ និងជំនួសមកវិញ ដោយការចាប់ផ្តើមជាមួយនឹង អ៊ីតាណុ ដែលជាគ្រឿងផ្សំចម្បង នៅក្នុងភេសជ្ជៈ ជាគ្រឿងស្រវឹងភាគច្រើន។ បន្ទាប់មក ពួកគាត់ក៏បានចាប់ដំណើការ សាកល្បងផលិតវា។ ការប៉ុនប៉ងផលិតដំបូងរបស់ពួកគាត់ ទទួលបានមកវិញនូវភាពបរាជ័យ ប៉ុន្តែនៅតែរក្សានូវការខិតខំប្រឹងប្រែង រហូតដល់ទីបំផុត ក៏ទទួលបាននូវផលិតផលដ៏សមរម្យមួយ។