ទិញដីសង់ផ្ទះគឺគេជឿណាស់លើហុងស៊ុយ ព្រោះគេមានជំនឿថាដីល្អអាចនាំមកនូវភាពចម្រុងចម្រើនដល់ការរកស៊ី និងជីវិតគ្រួសារបាន។ ផ្ទុយទៅវិញ បើដីមិនល្អ ធ្វើឲ្យជីវិតជួបតែអពមង្គលនិងរកស៊ីមិនទៅមុខ។
ខាងក្រោមនេះជាដីដែលអ្នកមិនគួរទិញដើម្បីសង់ផ្ទះឡើយ៖
១. ដីវាលកប់ខ្មោច
បើតាមគោលការណ៍របស់ក្បួនហុងស៊ុយបញ្ហាប្រវត្តិដីគឺមិនអាចមើលរំលងបានឡើយ ព្រោះបើទិញប៉ះចំដីវាលកប់ខ្មោច ដីមានមនុស្សស្លាប់ ឬកើតឧបទ្ទវហេតុអាក្រក់ផ្សេងៗគឺជាដីមិនល្អ។
ត្រូវចេះសាកសួរពីប្រវត្តិដី ដែលប្រការនេះសំខាន់ណាស់ព្រោះមនុស្សភាគច្រើនតែងមិនគិតដល់បញ្ហាមួយនេះទេ ។ បើសាងសង់ផ្ទះចាត់ទុកថាអពមង្គលរស់នៅមិនសុខខុមសោះឡើយ។ ដីមានប្រវត្តិបែបនេះហាមសាងសង់ផ្ទះដាច់ខាត ព្រោះជាដីបង្កផលអាក្រក់ឲ្យអ្នករស់នៅលើដីនេះ កើតបញ្ហាមិនចេះចប់ហើយ។
២. ដីទាបជាងផ្លូវថ្នល់
តាមក្បួនហុងស៊ុយ ដីទាបជាងផ្លូវថ្នល់តែងបង្កឲ្យផ្ទះដែលសាងសង់លើដីនោះបាត់បង់ជោគលាភ។ រីឯ មនុស្សរស់នៅក្នុងផ្ទះមានអារម្មណ៍សោះកក្រោះ ខ្វះភាពរស់រវើកដែលជាហេតុធ្វើឲ្យដំណើរជីវិតជួបតែភាពរដិបរដុបយាយីច្រើន។
ការពិនិត្យមើលកម្ពស់ដីជាផ្នែកមួយសំខាន់ក្នុងក្បួនហុងស៊ុយ។ ត្រូវចងចាំថាដីដែលខ្ពស់ជាងផ្លូវថ្នល់តែងតែល្អជាងដីដែលទាបជាង។ បើមានត្រង់ណាខ្ពស់ទាបមិនស្មើគ្នាត្រូវចាក់បំពេញឲ្យបានស្មើល្អទើបប្រសើរ។ ផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិតកម្ពស់ដីមិនខុសប្លែកពីគ្នាខ្លាំង។
៣. ផ្ទៃដីមានជម្រាលផ្អៀង
ផ្ទៃដីស្ថិតលើទីខ្ពស់និងជម្រាលទាបគឺពុំផ្ដល់ជោគលាភល្អដូចគ្នា។ ស្ថានដីដែលមានលក្ខណៈបែបនេះចាត់ទុកថាមិនល្អហើយមិនគួរសាងសង់ផ្ទះរស់នៅឡើយ។ ផ្ទៃដីផ្ទះដែលនៅផ្នែកខាងមុខខ្ពស់ជាងផ្នែកខាងក្រោយក៏ចាត់ទុកថាអាក្រក់មិនត្រូវតាមក្បួនហុងស៊ុយដែរ។
បើចង់សាងសង់ផ្ទះឲ្យបានជោគលាភលើជម្រាលដែលល្អគឺត្រូវជ្រើសរើសយ៉ាងណាឲ្យខាងក្រោយផ្ទះស្ថិតក្នុងបរិវេណជម្រាលខ្ពស់ ឯមុខផ្ទះជម្រាលទាបទើបផ្ដល់ជោគលាភល្អជាង។
៤. ដីច្រមុះជ្រូក
ទីតាំងដីបែបនេះត្រូវបានចាត់ទុកថាមិនល្អទាល់តែសោះ ព្រោះបរិវេណមានការប៉ះទង្គិចដោយផ្ទាល់ ហើយបើចង់កាត់បន្ថយពីចង្រៃឧបទ្រពចេញខ្លះ មានតែជ្រើសរើសធ្វើទ្វារចូលមិនឲ្យចំត្រង់ច្រមុះជ្រូកប៉ុណ្ណោះ។
៥. ប្រភេទដីរាងត្រីកោណ
ដីរាងត្រីកោណត្រូវបានគេចាត់ទុកថាអាក្រក់បំផុត ព្រោះថាការសាងសង់ផ្ទះឬអគារនានាតែងជួបការលំបាកហើយបើករណីសង់ផ្ទះកណ្ដាលដីនាំឲ្យខូចផ្ទៃដីថែមទៀត ។
ចំណែកដីរាងចតុកោណកែងឬការ៉េត្រូវបានគេចាត់ទុកថាជា ប្រភេទដីល្អបំផុត។ ប៉ុន្តែសម្រាប់ដីរាងផ្សេងៗទៀតដូចជា រាងអក្សរ T អក្សរ L ចតុកោណស្មើ ចតុកោណព្នាយនិងរាងប្លែកៗដទៃទៀតដែលគ្មានជ្រុងណាមួយស្មើគ្នាក៏ពុំសូវល្អប៉ុន្មានដែរព្រោះថា ជោគលាភចូលមិនដល់ក្រោយ។
ដី៥ប្រភេទរកស៊ីមិនឡើង ទោះលក់ថោកក៏មិនគួរទិញ
3 June, 2021