រាជធានីភ្នំពេញ ៖ អាការជាំមុខ គឺជាបញ្ហាដែលច្រើនជួបប្រទះលើមុខ ដែលវាមានទម្រង់ជាពណ៌ក្រម៉ៅត្នោត ឬ ខៀវត្នោត ប្រទះស្តើងទាំងសងខាងលើផ្ទៃមុខដែលគែមវារាងមិនច្បាស់លាស់ ជាលទ្ធផលបណ្តាលមកពីការកើនឡើងជាតិពណ៌ស្បែកឈ្មោះថា មេឡានីន(Melanin) នៅស្រទាប់លើ (Epidermis ) ឬ នៅស្រទាប់ជ្រៅ (Dermis ) ។ នេះបើតាមការចែករំលែកឱ្យដឹងពីវេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសផ្នែកសើរស្បែក នៃកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។
វេជ្ជបណ្ឌិត ឯក ផាណារី បានឱ្យដឹងទៀតថា តើប្រភេទក្រុមមនុស្សណាច្រើនកើតមានអាការជាំមុខ ? អាការជាំមុខច្រើនកើតលើស្ត្រី ច្រើនជាងបុរស និងមនុស្សដែលមានប្រភេទស្បែក លេខ 3-4 ច្រើនជាងប្រភេទស្បែក លេខ 1-2 ជាពិសេសអាការជាំ មិនត្រឹមតែអាចជាំលើមុខទេ ការជាំ (Melasma) អាចជាំនៅតំបន់ទ្រូង ករ និងដើមដៃផងដែរ ដែលជាកន្លែងត្រូវកំដៅព្រះអាទិត្យច្រើន ។
តើអាការជាំមុខមានប៉ុន្មានប្រភេទ ?
មាន ៣ ប្រភេទ ៖
1. ការជាំមុខលើស្រទាប់ស្បែកលើ រឺ (Epidermal type)
2. ការជាំមុខលើស្រទាប់ស្បែកជ្រៅ រឺ (Dermal type) និង
3. ការជាំមុខលើស្រទាប់ទាំងពីរ (Mixed type) ។
តើមូលហេតុ និងកត្តាអ្វីខ្លះបណ្តាលឲ្យកើតមានអាការជាំមុខ ?
រហូតដល់សព្វថ្ងៃនេះ មូលហេតុឲ្យច្បាស់លាស់ពីអាការជាំមុខ មិនទាន់ដឹងច្បាស់ទេ ។ ប៉ុន្តែតាមការសិក្សាអ្នកវិទ្យាសាស្ត្រ រកឃើញថា មានកត្តាដែលជំរុញឲ្យកើតមានអាការជាំមុខមកពីការកើនឡើងខ្ពស់មុខងារ កោសិកាជាតិពណ៌ស្បែកមេឡានីន ច្រើន (Hyperfunction Melanocytes) ដែលអាចមកពី ៖
1. ការត្រូវកំដៅថ្ងៃ
2. កត្តាអរម៉ូន ដូចជា ៖ អំឡុងពេលផ្ទៃពោះ, ការប្រើប្រាស់ថ្នាំពន្យារកំណើត, ការព្យាបាលថ្នាំអរម៉ូន
3. ការប្រើប្រាស់គ្រឿងសម្អាង ដូចជា ៖ ឡេលាយ ផ្សៅលាយ ដែលមានសារធាតុកាត់ឲ្យ ស ច្រើន
4. តំណរពូជ
5. ការប្រើប្រាស់ថ្នាំ ឧទាហរណ៍ ថ្នាំប្រឆាំងការប្រកាច់ និង
6. ប្រព័ន្ធអង់ដូរគ្រីន ។
តើតំបន់ណាខ្លះលើផ្ទៃមុខ ច្រើនកើតមានអាការជាំ ?
ភាគច្រើនការកើតជាំមុខ ដូចជា ៖
1. លើថ្ពាល់
2. ខ្ទង់ច្រមុះ
3. ថ្ងាស
4. និងលើបបូរមាត់ ។
តើធ្វើយ៉ាងណាទើបដឹងថា មានអាការជាំមុខ ?
ការធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសស្បែក តាមរយៈការពិនិត្យមើលស្បែកមុខដោយភ្នែកផ្ទាល់ និងការពិនិត្យដោយឧបករណ៍ពន្លឺពិសេស (Wood’s light) ដើម្បីវាយតម្លៃការជាំមុខ និងកម្រិតនៃការជាំមុខស្ថិតក្នុងស្រទាប់មួយណា ។
តើវិធីសាស្ត្រក្នុងការព្យាបាលជាំមុខដោយរបៀបណាខ្លះ ?
ការព្យាបាលជាំមុខមានវិធីសាស្ត្រច្រើនដូចជា ៖
1. ប្រើឡេការពារពន្លឺថ្ងៃដែលមាន SPF > 50
2. ការប្រើថ្នាំលាបបំបាត់ជាំ
3. ការលេបថ្នាំបំបាត់ជាំ
4. ការព្យាបាលដោយឡាស៊ែរ, IPL therapy, Microdermabrasion
5. និង Chemical Peeling ។
ការផ្ញើរសារក្នុងការការពារអាការជាំមុខ និងការកើតឡើងវិញ ៖
1. តម្រូវឱ្យប្រើឡេការពារកំដៅថ្ងៃជាប្រចាំ ដែលមាន SPF > 30 លាបរៀងរាល់ 2 ទៅ 3 ម៉ោងម្តង ពេលត្រូវកំដៅថ្ងៃច្រើន ក្នុងបរិមាណដ៏ត្រឹមត្រូវ ហើយមុនទៅក្រៅ 20-30 នាទី
2. ពាក់មួកដើម្បីការពារផ្ទៃមុខ
3. កាត់បន្ថយស្តេ្រស
4. គួរប្រើផលិតផលមិនមានជាតិកាត់ និងស្តង់ដារត្រឹមត្រូវ
5. ជួបជាមួយវេជ្ជបណ្ឌិតឯកទេសស្បែក ឬជំនាញស្បែក ដើម្បីការព្យាបាលមានប្រសិទ្ធភាព ក្នុងការចៀសវាងអាការជាំមុខកាន់តែខ្លាំងឡើងៗ ព្រមទាំងចៀសវាងបញ្ហាផ្សេងៗ ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕