Join with Health.com.kh on Telegram

របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ រួមបញ្ចូលទាំងសក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើចង់ឱ្យសក់លូតលាស់បានលឿនឆាប់រហ័ស ថាតើគួរព្យាយាមទទួលទានអាហារអ្វីខ្លះទៀតទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីការលូតលាស់សក់ ៖

១. ត្រី

ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អណាស់សម្រាប់សុខភាពរាងកាយនិងស្បែកក្បាលជម្រុញការលូតលាស់សក់។ ការទទួលទានត្រីសម្បូរខ្លាញ់ក៏ជួយធ្វើឱ្យសក់មានសំណើមទន់រលោងពីខាងក្នុងមកផងដែរ។

២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ

ហូមបួស ឬតមសាច់ ប៉ុន្តែចង់រក្សាបាននូវអាស៊ីតខ្លាញ់អូមេហ្កា ៣ គ្រប់គ្រាន់? កុំបារម្ភ! អ្នកអាចព្យាយាមទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជបានដោយវាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អអូមេហ្កា ៣ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលគ្រាប់អាល់ម៉ុន គ្រាប់វ៉ាល់ណឺត គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្នជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាគ្រាប់វ៉ាល់ណឺត គឺល្អបំផុតសម្រាប់ការពារសក់ដោយវាមានផ្ទុកសម្បូរទៅដោយបាយអូទីននិងទង់ដែងដែលចាំបាច់សម្រាប់ទប់ស្កាត់បញ្ហាសក់ជ្រុះនិងការបាត់បង់ពណ៌ធម្មជាតិនៃសក់។

៣. បន្លែស្លឹកបៃតង

បន្លែស្លឹកបៃតងគ្រប់ប្រភេទ គឺសុទ្ធតែល្អសម្រាប់រក្សាសុខភាពសក់បង្កើនភាពលូតលាស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ការ៉ុត

មិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែបន្លែមើមនេះក៏ប្រសើរសម្រាប់សក់ផងដែរ។ ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលបំលែងជាវីតាមីន A នៅពេលរំលាយ។ វាជាការសំខាន់ណាស់ក្នុងការកត់ចំណាំថាគ្មានកោសិកាណាក្នុងរាងកាយអាចដំណើរការមុខងារដោយគ្មានវីតាមីន A ឡើយ។ កង្វះវីតាមីន A អាចនាំឱ្យស្បែកក្បាលស្ងួតរមាស់និងឡើងអង្គែ។ ជម្រើសនៃបន្លែផ្លែឈើផ្សេងទៀតដែលមានផ្ទុកវីតាមីន A គឺដំឡូងផ្អែម ដំឡូងជ្វា ល្ពៅ ស្វាយ និងផ្លែអាព្រីកូត។

៥. ស៊ុត

ជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្កសី ស៊ុលផួរ ជាតិដែក និងសេលេញ៉ូមដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពស្បែកក្បាលនិងការលូតលាស់នៃសក់។ កង្វះសារធាតុទាំងប៉ុន្មានមុខដូចបានរៀបរាប់នេះអាចបណ្ដាលឱ្យស្បែកក្បាលស្ងួតរបកនិងជ្រុះសក់។ ប្រភពផ្សេងទៀតនៃសារធាតុទាំងប៉ុន្មាននេះរួមមានសាច់គ្មានខ្លាញ់ សាច់មាន់ និងអយស្ទ័រ។

៦. យា៉អួរ

អាចចាត់ទុកជាថ្នាំដ៏ប្រសើរបំផុតមួយដើម្បីព្យាបាលបញ្ហាសក់ផ្សេងៗតាមរយៈវីតាមីន B5 ដែលមានផ្ទុក។ មិនថាលាបលើសក់និងស្បែកក្បាល ឬទទួលទានផ្ទាល់ទេ យ៉ាអួរ គឺមានអត្ថប្រយោជន៍ណាស់សម្រាប់ការលូតលាស់សក់។

៧. បង្គារ

ប្រសិនបើអ្នកកំពុងតមសាច់ក្រហម នោះបង្គារ គឺជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ការលូតលាស់សក់។ បង្គារ គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ព្រមទាំងវីតាមីន B12 ស័ង្កសី និងជាតិដែកដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពសក់៕