​ការ​ដែល​យល់​សុបិន្ត​ឃើញ​រឿង​អាក្រក់ៗ​គឺជា​រឿង​គួរ​ឲ្យ​ភ័យខ្លា​ចណាស់​រហូតដល់​ភ្ញាក់​ពី​គេង ហើយ​បេះដូង​លោត​ញ៉ាប់​ទៀត​។ មនុស្ស​ភាគច្រើន​ធ្លាប់​សុបិន្ត​អាក្រក់​ម្តង ឬ​ពីរ​ដង​ក្នុង​មួយជីវិត​។ ប្រតិកម្ម​ធម្មតា​ដែល​ធ្វើឲ្យ​អ្នក​ភ្ញាក់ម​កនៅភ័យខ្លាច ច្រើន​តែ​មិនមែន​ជា​រឿង​ពិត​នោះឡើយ​។

​សុបិន្ត​អាក្រក់​ច្រើន​តែ​កើត​ឡើង​ក្នុងពេល​គេង ភ្នែក​ធ្វើ​ចលនា​លឿន (Rapid Eye Movement, REM) ឬ​ការ​គេង​ដែល​លង់លក់​ខ្លាំង​តែំ្តង​។ យ៉ាងណាមិញ អ្នក​ប្រាកដជា​ដឹងថា អ្នក​មាន​បញ្ហា​នៅពេលដែល​មាន​សុបិន្ត​អាក្រក់​កើតឡើង​ជា​ញឹកញ៉ាប់ ឬ​ដដែលៗ​។ ចំពោះ​ហេតុផល​នាំឲ្យ​មាន​សុបិន្ត​អាក្រក់​មាន​ច្រើន​ណាស់ ហើយក៏​មិន​អាច​កំណត់​ថា​មួយ​ណា​ឲ្យ​ប្រាកដ​ដែរ​។ សំណាង​ដែរ មាន​វិធី​ខុសៗ​គ្នា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ចៀសផុត​ការ​សុបិន្ត​អាក្រក់​នេះ​បាន​។

ពិនិត្យ​រក​មើល​ជំងឺ​ណាមួយ​ដែល​ជា​មូលហេតុ​
អ្នក​អាច​នឹង​សុបិន្ត​អាក្រក់​បាន​ដោយសារ​តែមានប​ញ្ហា​ជំងឺ​ដូចជា ការ​គេង​បាត់​ដង្ហើម ឬ​ស្ពឹក​ជើង​។ ការ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង​ការប៉ះទង្គិច​ផ្លូវចិត្ត​ក្រោយ​មាន​គ្រោះ​ថ្នាក់​ណាមួយ សុទ្ធតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​សុបិន្ត​អាក្រក់​បាន​ទាំងអស់​។ មធ្យោបាយ​ដ៏​ល្អ​សម្រាប់​រឿង​នេះ​គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ណាមួយ​។ នៅពេល​ព្យាបាល​បាន​ជោគជ័យ សុបិន្ត​អាក្រក់​នឹង​លែង​កើត​មាន​ទៀតហើយ​។​

កុំ​ញ៉ាំ​អាហារសម្រន់​មុនពេល​ចូល​គេង​
ការ​ញ៉ាំ​អាហារ​សម្រន់​មុនពេល​ចូល​គេង វា​នឹង​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ដើម្បី​ធ្វើការ​កាន់តែខ្លាំង ដូច្នេះ​វា​ពិតជា​ងាយ​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍ ឬ​គិត​អំពី​រឿង​ជាច្រើន​រហូត​ដល់​ក្លាយជា​សុបិន្ត​មិន​ល្អ​ណាស់​។

បន្ថយ​ស្ត្រេ​ស​
ស្ត្រេ​ស​គឺជា​បញ្ហា​ដ៏​ចំបង​មួយ​ចំពោះ​ខួរក្បាល ហើយ​ថ្ងៃ​ដែល​ធ្វើការ​ពោរពេញ​ទៅដោយ​ភាព​តា​នឹង​ពេក​អាច​នាំឲ្យ​កើត​ជា​សុបិន្ត​អា​ក្រក់​នៅ​ពេល​យប់​បាន​។ ដូច្នេះ​បើ​សិន​ជា​អ្នករស់នៅ​ពោរពេញ​ទៅ​ដោយ​ភាព​ស្ត្រេ​ស​បែបនេះ យក​ល្អ​គួរតែ​ដល់​ពេក​កាត់បន្ថយ​វា​ហើយ តាមរយៈ​ការ​លោត​អន្តាក់ ឬ​រត់​កីឡា​។​

ពិនិត្យមើល​ថ្នាំ​ដែល​ប្រើ​
មាន​ថ្នាំ​ច្រើនណាស់​ដែល​នាំឲ្យ​កើត​ជា​សុបិន្ត​អាក្រក់ ដូច​ជា​ថ្នាំ​ពពួក​បញ្ចុះ​សម្ពាធ​ឈាម និង​ប្រឆាំង​ការ​រលាក​តែម្តង​។ ដូច្នេះ​ករណី​អ្នក​ប្រើ​ថ្នាំ​ប្រភេទ​នេះ​មែន ហើយ​ជួប​បញ្ហា​គេង​បែបនេះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្តូរ​ថ្នាំ​ផ្សេង​តែ​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូចគ្នា​វិញ​។

ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​
ការ​គេង​មិន​គ្រប់គ្រាន់ ការ​គេង​មិន​ទៀងទាត់ និង​អស់កម្លាំង អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​រហូត​ដល់​នាំ​ឲ្យ​សុបិន្ត​អាក្រក់​ម្តង​ហើយ​ម្តងទៀត​បាន​។ ដូច្នេះ​ចូរ​ចូល​គេង​ឲ្យ​ទៀង​ពេលជា​រៀងរាល់ថ្ងៃ និង​ព្យាយាម​គេង​ឲ្យបាន​យ៉ាងហោចណាស់ ៧ ទៅ​៨​ម៉ោង​ជា​រៀងរាល់​យប់​។

គុណភាព​នៃ​ការ​គេង​គឺ​សំខាន់​សម្រាប់​គុណភាព​នៃ​ជីវិត​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​រំខាន​ដោយ​ការ​សុបិន្ត​អាក្រក់​ជា​ទៀងទាត់​នោះ ចូរ​ព្យាយាម​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដើម្បី​ប្រាកដថា អ្នក​មាន​ភាពស្ងប់ស្ងាត់​ក្នុង​អារម្មណ៍ និង​គេង​លក់​ស្រួល​។ សម្រាប់​ការ​សុបិន្ត​អាក្រក់​ជាប់​រហូត យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មើល​មូលហេតុ​របស់​វា និង​ព្យាបាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង