Join with Health.com.kh on Telegram

ការសិក្សានេះធ្វើឡើងដោយមូលនិធិលើកកម្ពស់សុខភាពថៃ (ThaiHealth) បានបង្ហាញថាកុមារជនជាតិថៃចំណាយពេលជាង ៣៥ម៉ោងក្នុងមួយសប្តាហ៍លើទូរស័ព្ទនិងកុំព្យូទ័ររបស់ពួកគេ។

លោកស្រី Nattaya Boonpakdee នាយកផ្នែកសុខភាពកុមារយុវជននិងលើកកម្ពស់គ្រួសារថៃ និយាយថា ការញៀនទូរស័ព្ទចល័តលើកុមារដែលត្រូវបានគេហៅថា “កំណើតឌីជីថល” គឺជាបញ្ហាដែលកើតមានជាទូទៅសម្រាប់ឪពុកម្តាយជាច្រើន។ លោកស្រីបាននិយាយថា កុមារធំឡើងដោយមានកុំព្យូទ័រនិងទូរស័ព្ទទំនើប ចូលក្នុងពិភពលោកដែលជម្រុញដោយអ៊ីនធើណេត។ ពួកគេប្រើឧបករណ៍ទាំងសម្រាប់ការកម្សាន្តនិងការសិក្សា និងជាឧបករណ៍ទំនាក់ទំនងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការស្ទង់មតិលើយុវជនចំនួន ១៥,០០០នាក់នៅទូទាំងប្រទេស ក៏បានបង្ហាញផងដែរថា ៦១%នៃមនុស្សដែលមានអាយុចន្លោះពី ៦-១៨ឆ្នាំ មានហានិភ័យក្នុងការញៀននឹងហ្គេមអនឡាញ ពីព្រោះពួកគេលេងហ្គេមច្រើនជាង ៣ម៉ោងក្នុងមួយថ្ងៃ។ នេះអាចនាំឱ្យពួកគេលេងហ្គេមតាមអនឡាញ និង បង្កទៅជាអាកប្បកិរិយាមិនល្អ។

លោកស្រី Nattaya មានប្រសាសន៍ថា ដំណោះស្រាយនឹងត្រូវពង្រឹងចំណងគ្រួសារ ដែលសមាជិកចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា។

លោកវេជ្ជបណ្ឌិត Sirichai Hongsanguansri អ្នកឯកទេសផ្នែកចិត្តសាស្ត្រកុមារនិងមនុស្សវ័យជំទង់នៅមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Ramathibodi បាននិយាយថា ការញៀនទូរស័ព្ទចល័តចំពោះក្មេងកំពុងតែកើនឡើង។ លោកបាននិយាយថាទូរស័ព្ទគួរតែត្រូវរក្សាទុកឱ្យឆ្ងាយពីកុមារអាយុតិចជាង ២ឆ្នាំ ដែលត្រូវការទាក់ទងផ្ទាល់ជាមួយឪពុកម្តាយដើម្បីបង្កើតចំណងធម្មជាតិ។ កុមារដែលមានអាយុចន្លោះពី ២-៦ឆ្នាំគួរតែចំណាយពេលមិនលើសពីពីរម៉ោងលើទូរស័ព្ទ។ ពួកគេគួរតែប្រើទូរស័ព្ទក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ៕