ចំពោះកូនក្មេង ធ្មេញព្រៃក្តី ឬធ្មេញអចិន្ត្រៃយ៍ក្តី បើធ្វេសប្រហែស វាចៀសមិនផុតពីការពុកផុយ (ដង្កូវស៊ី) នោះទេ។ ការសិក្សាបានបង្ហាញថា ក្នុងចន្លោះអាយុ ២ ទៅ ៥ ឆ្នាំ កូនក្មេងភាគច្រើនបំផុត នឹងជួបបញ្ហាពុកធ្មេញយ៉ាងតិចមួយ ឬច្រើន។
តាមពិតទៅ ឪពុកម្តាយគ្រប់រូបគួរតែចាប់ផ្តើមយកចិត្តទុកដាក់ និងថែរក្សាធ្មេញរបស់កូនៗ រាប់ចាប់តាំងពីពួកគេដុះពន្លកធ្មេញមកម្លេះ។ ឪពុកម្តាយគ្រប់រូបគួរចាប់ផ្តើមបង្រៀនកូនឲ្យចេះដុស សម្អាត និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន។ ក្រៅពីធ្មេញ អ្នកគួរតែពិនិត្យមើលទៅលើតាមជញ្ជាំងមាត់ធ្មេញ និងអណ្តាតផងដែរ។
ការព្យាបាលជំងឺពុកធ្មេញ អាចចាត់ទុកថា ជាការងារលំបាក និងចំណាយថវិការច្រើនគួរសម ដូច្នេះ អ្នកគួរតែការពារ និងថែរក្សាសុខភាពមាត់ធ្មេញកូនរបស់អ្នក។
បើអ៊ីចឹង យើងគួរធ្វើបែបណា?
១. បង្រៀនកូនដុសសម្អាតធ្មេញ ឲ្យបានពីរដងក្នុងមួយថ្ងៃ
២. បង្រៀនកូនពីការថែរក្សាអនាម័យមាត់ធ្មេញ
៣. ណែនាំកូនអំពីរបបអាហារ ដែលធ្វើឲ្យធ្មេញពុក ដូចជា ភេសជ្ជៈ និងអាហារមានជាតិផ្អែម និងអាស៊ីតច្រើន
៤. បើឃើញមានសញ្ញាពុកធ្មេញ ត្រូវប្រញាប់នាំកូនទៅជួបទន្តពេទ្យ ដើម្បីទទួលការព្យាបាលជាបន្ទាន់
៥. មានទម្លាប់នាំគ្រួសារ ទៅពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំឆ្នាំ (យ៉ាងតិចម្តងក្នុងមួយឆ្នាំ)៕