Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ជាតិស័ង្កសីអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យអ្វីខ្លះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃជាតិស័ង្កសី ៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ជាតិស័ង្កសីក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។ កង្វះជាតិស័ង្កសីអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយងាយនឹងឆ្លងជំងឺផ្សេងៗពិសេសជំងឺផ្ដាសាយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរជាតិស័ង្កសី។

២. ល្អសម្រាប់សុខភាពបេះដូង

ជាតិស័ង្កសីអាចជួយការពារសាច់ដុំបេះដូងប្រឆាំងដំណើរការ oxidative stress ដែលអាចបង្កគ្រោះថ្នាក់ដល់បេះដូង។ គួបផ្សំជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ដទៃទៀតដូចជាម៉ាញ៉េស្យូម ទង់ដែង និងសេលេញ៉ូម នោះបេះដូងប្រាកដជាចៀសផុតពីដំណើរការ oxidative stress ព្រមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

៣. ពង្រឹងសុខភាពខួរក្បាល

ស័ង្កសី គឺជាជាតិរ៉ែសំខាន់មួយដែលចាំបាច់ណាស់សម្រាប់សុខភាពខួរក្បាល។ ស័ង្កសីរួមជាមួយវីតាមីន B6 ជួយធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។

៤. ល្អសម្រាប់សុខភាពឆ្អឹង

ក្រៅពីកាល់ស្យូម ជាតិស័ង្កសីក៏សំខាន់ណាស់ដែរសម្រាប់ការពង្រឹងសុខភាពឆ្អឹងរឹងមាំ។ កង្វះជាតិស័ង្កសីនឹងនាំឱ្យអ្នកមិនអាចបង្កើតបាននូវឆ្អឹងដែលរឹងមាំឡើយ។

៥. ល្អសម្រាប់សុខភាពភ្នែក

ស័ង្កសីក៏ល្អណាស់ដែរសម្រាប់សុខភាពភ្នែក។ កង្វះជាតិស័ង្កសី ភ្នែកនឹងមិនអាចទទួលបានវីតាមីន A គ្រប់គ្រាន់តាមតម្រូវការចាំបាច់ឡើយដែលជាលទ្ធផលនៃបញ្ហាការមើលចុះខ្សោយ។

៦. ពង្រឹងសុខភាពសាច់ដុំ

ប្រសិនបើអ្នកចង់រក្សាបាននូវសាច់ដុំរឹងមាំ ត្រូវប្រាកដថាអ្នកបានទទួលទានជាតិស័ង្កសីគ្រប់គ្រាន់ជាប្រចាំ។ ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ព្យាបាលសាច់ដុំឡើងវិញក្រោយពេលធ្វើលំហាត់ប្រាណ។ ជាតិរ៉ែនេះក៏ជួយទប់ទល់បញ្ហាសាច់ដុំចុះខ្សោយបានយ៉ាងប្រសើរផងដែរ។

៧. រក្សាតុល្យភាពអ័រម៉ូន

ការរក្សាឱ្យបាននូវតុល្យភាពអ័រម៉ូន គឺសំខាន់ណាស់សម្រាប់សុខភាព។ ស័ង្កសីជួយរក្សាតុល្យភាពនៃអង់ដូគ្រីនក្នុងរាងកាយ។ ជាឧទាហរណ៍ ស័ង្កសីចាំបាច់សម្រាប់ការផលិតអាំងស៊ុយលីនគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ស័ង្កសីក៏សំខាន់សម្រាប់អ័រម៉ូនបន្តពូជនិងអ័រម៉ូនទីរ៉ូអ៊ីតផងដែរ៕