តាមការសិក្សាបានរកឃើញថា អាហារភាគច្រើន អាចជួយកាត់បន្ថយការភ្លេចភ្លាំង ដោយសារការចាស់ទៅតាមអាយុ និងជំងឺភ្លេចភ្លាំងវង្វេងស្មារតី នៅពេលចាស់ជរាបាន។ តើអ្នកមានអ្វីញ៉ាំ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលយប់ទៅ ដើម្បីបង្កើនសមត្ថភាព ឲ្យខួរក្បាលកាន់តែពូកែនោះ? មែនហើយ អ្នកជំនាញនិយាយថា ជាធម្មតា អ្វីដែលល្អចំពោះបេះដូង វាក៏ល្អចំពោះខួរក្បាលដែរ។ ដូច្នេះ ខួរក្បាលរបស់អ្នក ត្រូវការឈាមដែលច្របាច់ ចេញពីបេះដូងរហូតដល់ ២០ ភាគរយឯណោះដើម្បីទទួលបានអុកស៊ីសែន និងជីវជាតិគ្រប់គ្រាន់ ដើម្បីរក្សាមុខងារ របស់ខួរក្បាលបានល្អបំផុត។
ហេតុដូច្នេះហើយ ដើម្បីចញ្ចឹម ក៏ដូចជាប៉ូវខួរក្បាល កាន់តែខ្លាំងក្លានោះ អ្នកគួរតែបញ្ចូលអាហារ ដូចខាងក្រោមនេះ ទៅក្នុងរបបអាហារអ្នក រាល់ថ្ងៃហើយ។
ត្រីសម្បូរខ្លាញ់
អាហារសមុទ្រ យ៉ាងហោចណាស់ ក៏ផ្តល់ជីវជាតិពីរប្រភេទ ដើម្បីរក្សាខួរក្បាលដែរ នោះគឺ ខ្លាញ់អូមេហ្គាបី និងវីតាមីន D។ ត្រីសម្បូរខ្លាញ់ ដែលមានប្រភពមកពី អាហារសមុទ្រនោះ មានដូចជា ត្រីសាលម៉ុង ឬធូណា ដែលអ្នកគួរតែទទួលទាន បីដងក្នុងមួយសប្តាហ៍ ដើម្បីបន្ថយការប្រឈម នឹងជំងឺភ្លេចភ្លាំង ពេលចាស់ជរាបានរហូតដល់ ៤០ ភាគរយ។ អាស៊ីតខ្លាញ់អូមេហ្គាបី ដែលមាន DHA និង EPA គឺសម្បូរខ្លាំងណាស់ក្នុងខួរក្បាល ហើយវាក៏ជាប្រភពដ៏សំខាន់ ដើម្បីខួរក្បាលបំពេញមុខងារបានល្អបំផុតដែរ។ ចំពោះវីតាមីន D របស់អាហារមួយនេះវិញ ត្រូវបានគេរកឃើញថា អាចជួយការពារខួរក្បាលបានយ៉ាងល្អ។
បន្លែពណ៌បៃតង
បន្លែពណ៌បៃតង ដូចជាស្ពៃស្ពីណាច គឺសម្បូរវីតាមីន K ហើយក៏ត្រូវបានគេរកឃើញថា ជួយបន្ថយការចុះខ្សោយ នៃបញ្ញាវាងវៃរបស់មនុស្សបានដែរ។ អ្នកដែលញ៉ាំបន្លែពណ៌បៃតង ម្តងទៅពីរដងក្នុងមួយថ្ងៃ ឃើញថា សមត្ថភាពនៃភាពឈ្លាសវៃរបស់ពួកគេ នៅតែរក្សាបានយ៉ាងល្អ ជាងអ្នកដែលមិនបានញ៉ាំ។
ប្រេងអូលីវ
ប្រេងអូលីវ ជាប្រភពដ៏អស្ចារ្យមួយ នៃសារធាតុ Polyphenols ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា អាចជួយបង្ការ និងដោះស្រាយបញ្ហា និងជំងឺទាក់ទងនឹងការចងចាំរបស់មនុស្សបាន។ ប្រេងនេះ នឹងជួយពង្រឹងដល់ការចងចាំ លុបបំបាត់ជាតិខ្លាញ់អាក្រក់ (Saturated Fats) និងមានជាតិខ្លាញ់ល្អ Polyunsaturated Fats ដែលអាចកាត់បន្ថយ ជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន។
បឺរីពណ៌ខៀវ
ផ្លែឈើប្រភេទ បឺរីដ៏អស្ចារ្យមួយនេះ មានអង់ទីអុកស៊ីដង់មួយប្រភេទ ឈ្មោះថា Anthocyanin ដែលផ្តល់សុខភាពជាពិសេស ដល់ខួរក្បាលតែម្តង។ តាមការស្រាវជ្រាវរកឃើញថា សារធាតុមួយនេះ អាចឆ្លងចូលទៅក្នុងខួរក្បាល ដើម្បីការពារកោសិកាខួរក្បាល ពីការធ្វើអុកស៊ីតកម្មបានផង និងជួយបង្កើនសមត្ថភាព ទំនាក់ទំនងសរសៃប្រសាទមួយៗបានយ៉ាងល្អ៕