មិនមែនមនុស្សគ្រប់រូបសុទ្ធតែស័ក្តិសមទៅឆេងម៉េងនោះទេ មានមនុស្សមួយចំនួន និងមានព្រឹត្តការណ៍មួយចំនួនដែលអ្នកមិនអាចទៅបាន។ តើមានអ្វីខ្លះទៅ?
សុខភាពខ្សោយ
ប្រសិនជានៅថ្ងៃដែលអ្នកទៅឆេងម៉េង ហើយអ្នកមានបញ្ហាសុខភាព ឬមានអារម្មណ៍មិនស្រួលខ្លួន អ្នកមិនត្រូវទៅឡើយ បើពុំដូច្នោះទេ ពេលដែលអ្នកត្រឡប់មកផ្ទះវិញនឹងមានរឿងជាមិនខាន ដូចនេះអ្នកគួរតែសម្រាកនៅផ្ទះវិញទៅល្អជាង ឬអ្នកអាចប្តូរថ្ងៃក៏បានដែរ។ ជាងនេះទៅទៀត ប្រសិនជាញាតិមិត្តអ្នកស្លាប់មិនទាន់បាន៣ឆ្នាំ អ្នកមិនអាចទៅសែនបានឡើយ។
ស្ត្រីមានផ្ទៃពោះ
ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ៦ឆ្នាំគឺមិនអាចទៅឆេងម៉េងបានឡើយ ព្រោះកន្លែងផ្នូរខ្មោចទាំងនោះគឺមិនស័ក្តិសមសម្រាប់អ្នកទាំងពីរទៅនោះទេ វាអាចប៉ះពាល់ដល់អ្នកជាខ្លាំង ជាពិសេសនារីដែលមករដូវក៏មិនអាចទៅបានដែរ ហើយក៏មិនអាចអ៊ុចធូបដូចគ្នា ព្រោះបើអ្នកមករដូវ ហើយអ៊ុចធូបឲ្យជីដូនជីតា នោះបញ្ជាក់ថាអ្នកកំពុងតែបំពានពួកគាត់ហើយ។
មិនត្រូវកំដរគេទៅ
ប្រសិនជាមិនមែនជីដូនជីតាអ្នក អ្នកមិនត្រូវកំដរមិត្តភក្តិ ឬសង្សារ ឬថ្នាក់លើអ្នកទៅឆេងម៉េងនោះទេ ព្រោះវាអាចប៉ះពាល់ដល់សំណាងរបស់អ្នកបាន ប៉ុន្តែប្រសិនជាអ្នកត្រូវតែទៅដោយខានពុំបាន អ្នកអាចនាំយករបស់សំណាងមួយចំនួនទៅតាមខ្លួនរបស់អ្នក ដើម្បីជួយការពារអ្នកបាន៕