ចង់កម្ចាត់ស្បែកងាប់ៗចេញពីមុខនិងរាងកាយ គឺមិនពិបាកឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយកម្ចាត់ស្បែកងាប់ៗ ៖
១. ស្ករអំពៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករអំពៅ ១ស្លាបព្រាបាយជាមួយប្រេងដូង ឬប្រេងអាល់ម៉ុន ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកសឹមលាបម៉ាស្សាដុសល្បាយថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣នាទីលើស្បែក។ រងចាំសម្រាប់រយៈពេល ៥នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ១ស្លាបព្រាបាយជាមួយប្រេងវីតាមីន E ១គ្រាប់ បន្ទាប់មកបន្ថែមទឹកធម្មតាពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខ ឬរាងកាយ និងដុសខាត់ថ្នមៗក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
៣. ស្ករសនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ១ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំឆៅ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកសឹមដុសខាត់ស្បែកថ្នមៗជាមួយល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេជាមួយទឹកធម្មតា ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ រួចលាបផ្ដិតៗលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ដើម្បីកម្ចាត់ស្បែកងាប់ៗលើជើង ចូរបន្ថែមទឹកខ្មេះផ្លែប៉ោមកន្លះពែងទៅក្នុងទឹកធម្មតា ១ធុង បន្ទាប់មកសឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលពី ១០ ទៅ ១២នាទី។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
៥. ប្រេងអូលីវនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺលាយស្ករសកន្លះពែង ជាមួយប្រេងអូលីវពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំពី ២ ទៅ ៣ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់បន្តិច។ កូរលាយល្បាយឱ្យសព្វចូលគ្នា និងលាបម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់លើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។ អ្នកអាចប្រើប្រាស់រូបមន្តនេះលើគ្រប់ផ្នែកនៃរាងកាយ រួមបញ្ចូលទាំងបបូរមាត់៕