ក្នុងជីវភាពរស់នៅថ្ងៃមនុស្សជាច្រើនតែងនៅក្បែរ សំឡេងទូរសព្ទ តន្ត្រី វិទ្យុ ទូរទស្សន៍ និងសំឡេងជាច្រើនទៀត ដែលពេលខ្លះវាជាសំឡេងរំខាន។ តាមរយៈលទ្ធផលស្រាវជ្រាវមួយចំនួននៃសកលវិទ្យាល័យនៅសហរដ្ឋអាមេរិកបានបង្ហាញថាការនៅស្ងៀមស្ងាត់ចាកឆ្ងាយពីសំលេងរំខានរយៈពេលខ្លីណាមួយអាចជួយសុខភាពបានមួយកម្រិត។ តាមការចុះផ្សាយរបស់សារព័ត៌មាន Huffingtonpost របស់សហរដ្ឋអាមេរិក បានបង្ហាញដូចខាងក្រោម៖
*នៅស្ងៀមស្ងាត់ជួយបន្ថយស្រ្តែសនិងអារម្មណ៍តានតឹង
យោងតាមកំណត់ហេតុមួយសរសេរឡើងដោយ អ្នកគ្រូពេទ្យអង់គ្លេស Florence Nightingale នាសតវត្សទី១៩ បានឲ្យដឹងថា សំឡេងរំខានគឺជាកត្តាមួយធ្វើឲ្យអ្នកជំងឺកាន់តែដុនដាប។ វាអាចបង្កឲ្យអ្នកជំងឺមានទុក្ខព្រួយ គេងមិនលក់ និងភ័យតក់ស្លុត ជាពិសេសសម្រាប់អ្នកទើបនឹងជាពីជំងឺ។
យោងតាមការស្រាវជ្រាវជាច្រើន បានឲ្យដឹងថា កម្រិតសំឡេងរំខានខ្ពស់ អាចជំរុញឲ្យកោសិកាប្រសាទAmygdala បញ្ចេញអ័រម៉ូន ស្ត្រែស Cortisol ធ្វើឲ្យមានអារម្មណ៍កើនឡើងខ្លាំង និងបង្កឲ្យមានសំពាធឈាមខ្ពស់ព្រមទាំងបណ្ដាលឲ្យកើតមានជំងឺគាំងបេះដូងផងដែរ។ តាមការស្រាវជ្រាវមួយក្នុងឆ្នាំ២០០៤ ដោយលោកវេជ្ជបណ្ឌិត Craig Zimring ផ្នែកបរិស្ថាននិងចិត្តវិទ្យានៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Georgia សហរដ្ឋអាមេរិកបានឲ្យដឹងថា សំឡេងរំខានអាចបង្កឲ្យកើនសំពាធឈាម អត្រាចង្វាក់បេះដូងលោតខ្លាំង និងធ្វើឲ្យផ្លាស់ប្ដូរទម្លាប់គេងអ្នកជំងឺ(រំខានដំណេក)។
ទោះជាយ៉ាងណា ការស្រាវជ្រាវបង្ហាញថាការនៅស្ងៀមស្ងាត់គឺមានឥទ្ធិពលផ្ទុយពីនោះ។ លទ្ធផលការស្រាវជ្រាវមួយនៅឆ្នាំ២០០៦ ចុះផ្សាយក្នុងទស្សនាវដ្ដីសុខភាពបេះដូង បានឲ្យដឹងថា ការនៅសម្រាកសមាធិរយៈពេល ពីរនាទីគឺធ្វើឲ្យមនុស្សមានភាពលំហែ ប្រសើរជាងការស្ដាប់តន្ត្រីសម្រួលអារម្មណ៍ ដោយយោងទៅតាមការសង្កេតលើសំពាធឈាមនិងចលនាឈាមនៅក្នុងខួរក្បាល។
*នៅស្ងៀមស្ងាត់អាចបង្កើតកោសិកាខួរក្បាលឡើងវិញ
នៅក្នុងឆ្នាំ២០១៣ លទ្ធផលការស្រាវជ្រាវមួយទៅលើសត្វកណ្ដុរ ក្នុងទស្សនាវដ្ដីសុខភាពខួរក្បាល ដោយបានសិក្សាអំពីទម្រង់ និងដំណើរការខួរក្បាលពាក់ព័ន្ធនឹងឥទ្ធិពលសំឡេងនៅជុំវិញ។ អ្នកស្រាវជ្រាវបានបង្ហាញថា សកម្មភាពនៅស្ងៀមស្ងាត់រយៈពេលពីរម៉ោងរបស់សត្វកណ្ដុរ ធ្វើឲ្យមានការអភិវឌ្ឍកោសិកាថ្មីលើ បន្ទះ Hippocampus (សរសៃម៉្យាងក្នុងខួរក្បាល ពាក់ព័ន្ធនិងការចងចាំ ការរៀន និងអារម្មណ៍)។
*ការសមាធិស្ងៀមស្ងាត់បំពេញថាមពលខួរក្បាល
យោងតាមទស្សនាវដ្ដីបរិស្ថានចិត្តសាស្ត្រ ចេញផ្សាយដោយសកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក សិក្សាពីទ្រឹស្ដីប្រមូលអារម្មណ៍របស់មនុស្សបានឲ្យដឹងថា នៅពេលមនុស្សនៅក្នុងបរិស្ថានមួយដែលមានការប៉ះពាល់លើវិញ្ញាណទាបជាងធម្មតា តួយ៉ាងការនៅសង្រួមស្មឹងស្មាធិ៍ ឬដើរតែម្នាក់ឯងនៅទីកន្លែងធម្មជាតិណាមួយ នោះថាមពលខួរក្បាលនឹងកើតឡើងវិញ៕