ភ្នំពេញ៖ អំនួតសម្រាប់អ្នកមានសមត្ថភាពមិនចោទជាបញ្ហា។ បញ្ញាកើតចេញពីការរៀនសូត្រពីទ្រឹស្ដីនោះគឺជារឿងពិតដើម្បីឈានទៅរកការប្រតិបត្តិ។ ប៉ុន្តែយុវជនសម័យថ្មីមួយចំនួនធំហាក់មានអំនួតចំពោះខ្លួនឯង ថាខ្លួនឯងជាមនុស្សអស្ចារ្យ មានសមត្ថភាព ដើរទាន់សម័យវិទ្យាសាស្ត្រទំនើប ស្គាល់ពិភពលោកបានទូលំទូលាយ ទាំងមិនបានយកអ្វីដែលខ្លួនមាននោះមកប្រតិបត្តិចំពោះខ្លួនឯងឲ្យមានការរីកចម្រើនជាមុន។
ភាពអំនួត មើលងាយគេ គឺជាបម្រាមដ៏សំខាន់ របស់ចាស់បុរាណ អ្នកប្រាជ្ញបណ្ឌិតនានា ក្នុងលោក ព្រមទាំងព្រះពុទ្ធផង។ រហូតដល់មានពាក្យមួយឃ្លាថា «ចេះឯងឲ្យ ក្រែងចេះគេ»។
ជាការពិតនៅពេលយុវជន និយាយរិៈគន់ អ្នកនយោបាយចាស់ៗ មន្ត្រីចាស់ៗ អ្នករកស៊ីចាស់ៗ ឬក៏ប្រជាជនដែលមានវ័យចំណាស់ៗថា ធ្វើនយោបាយ ធ្វើជំនួញ ឬដឹកនាំប្រទេស តាមប្រព័ន្ធចាស់មិនសមតាមសម័យទំនើបបច្ចុប្បន្នវាពិតជាល្អណាស់ចំពោះសង្គម។ យុវជន រៀនច្រើន អានច្រើន យល់ដឹងច្រើន ស្គាល់ច្រើន ធ្វើច្រើន ហើយមកនិយាយពីពិសោធន៍នៃចំណេះដឹងរបស់ខ្លួន មកចែកចាយឲ្យអ្នកដទៃគឺជាប្រពៃបំផុតសម្រាប់ជាតិ។ ក៏ប៉ុន្តែបច្ចុប្បន្នភាពគេអាចសង្គេតឃើញថា ការបង្ហាញភាពអស្ចារ្យរបស់យុវជនមួយចំនួន គឺពិតជាមិនអាចយកជាប្រយោជន៍បាននោះទេ។ ពួកគេបានបង្ហាញថាខ្លួនគេខ្លាំង ខ្លួនគេពូកែ ខ្លួនគេអស្ចារ្យ តែសុទ្ធតែស្ថិតនៅក្នុរូបភាពជាអំនួត និងជាទ្រឹស្ដីខ្វះមូលដ្ឋានអនុវត្តជាក់ស្ដែង ដែលមិនអាចក្លាយជាទឡ្ហីករណ៍ជាក់លាក់ណាមួយបែបវិទ្យាសាស្ត្រមកបញ្ជាក់ថា យុវជនទាំងនោះពិតជាពូកែមែន។
ពេលខ្លះអ្វីដែលយុវជនមួយចំនួនកំពុងតែរិះគន់គេ គំនិតដែលគេបានលើក គឺសុទ្ធតែជាអ្វីដែលមនុស្សចាស់បានគិតឃើញ បានធ្វើរួចទៅហើយ។ ប៉ុន្តែព្រោះតែការបានដឹងតិចតូច តាំងអំនួតខ្លួនឯង ដែលនាំទៅរកពាក្យថា យុវជនមានអំនួតខ្វះព្រំដែន។ ហេតុនេះយុវជនសម័យថ្មី កុំមានមោទនភាពចំពោះខ្លួនឯងពេក។ ត្រូវគិតថាអ្វីដែលខ្លួនឆ្លងកាត់ប្រហែលជាមានអ្នកណាម្នាក់បានឆ្លងកាត់ដូចខ្លួន អ្វីដែលខ្លួនគិតក៏មានអ្នកដ៏ទៃបានគិតឃើញដូចខ្លួន ឬច្បាស់ជាងខ្លួន។ ប៉ុន្តែក៏មិនមែនមានន័យថាមិនឲ្យយុវជនបញ្ចេញ ឬបង្ហាញពីចំណេះដឹងរបស់ខ្លួននោះដែរ។ តែជាគោលដៅ គឺចង់ឲ្យយុវជនចេះថ្លឹងថ្លែង ឲ្យបានច្បាស់លាស់ និងមានជាវិធីសាស្ត្រថ្មីៗ ដែលយុវចាស់គិតមិនដល់ នោះទើបគេហៅថា យុវជនខ្លាំង៕