អ្នកពិតជាមាន ភាពស្រស់ស្អាត បើទោះជាខ្លួនអ្នកមិនបានដឹងពីវាក៏ដោយ។ វាមាននូវចំណុចជាច្រើន ដែលខ្លួនអ្នកមាន ហើយពួកវាពិតជាធ្វើអោយអ្នក ទទួលបាននូវចំណាប់អារម្មណ៍ជាពិសេស ចំពោះបុរសជា ទីស្រលាញ់របស់អ្នក។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកគួរយកចិត្តទុកដាក់ នឹងពង្រឹងវា បន្ថែមទៀត។
១. កែវភ្នែកដ៏មានមន្តស្នេហ៍របស់អ្នក
រាល់បុរសគ្រប់រូប តែងតែចូលចិត្តផ្តោតអារម្មណ៍ ជាពិសេសទៅលើ កែវភ្នែកដ៏ស្រទន់របស់មនុស្សស្រី។ ភាពភ្លឺថ្លា និង សម្រស់មន្តស្នេហ៍កែវភ្នែកដ៏ទាក់ទាញ ជាមួយនឹងការគូរត្រេភ្នែក ឬ រោមភ្នែកងវែងស្អាត គឺសុទ្ធតែជាចំណុចដែលគេ តែងតែយកចិត្តទុកដាក់។ ពួកគេ តែសម្គាល់ឃើញនូវពន្លឺ កែវភ្នែកទាំងគូរ របស់អ្នក នៅពេលដែលអ្នកសប្បាយចិត្ត, អារម្មណ៍សោកសៅនៅក្នុងកែវភ្នែក ឬ មុខជ្រួញចិញ្ចើមដ៏ គួរអោយស្រស់ស្អាតរបស់អ្នក។ ពេលខ្លះ អ្នកមិនគួរធ្វើការផាត់មុខ ក្រាស់ពេកនោះទេ ជួនកាលបុរសខ្លះ អាចស្រលាញ់ សម្រស់ពីធម្មជាតិរបស់អ្នកជាង។
២. ស្នាមញញឹមដ៏ទាក់ទាញរបស់អ្នក
គាត់ស្រលាញ់នូវស្នាមញញឹមរបស់អ្នក ជាពិសេសនៅពេល ដែលគាត់ឃើញអ្នកសប្បាយចិត្ត។ តើមាន នរណាម្នាក់ ដែលមិនលង់ស្នេហ៍ នឹងស្នាមញញឹមដ៏ស្រស់ស្អាតនោះ? ដូចនេះ អ្នកគ្រាន់តែ ធ្វើការសម្លឹងទៅក្នុងកញ្ចក់ និង រៀនញញឹមអោយអស់ ចេញពីក្នុងចិត្ត ។
៣. សម្រស់មន្តស្នេហ៍នៃសក់
សក់ គឺជាសម្រស់ដ៏ទាក់ទាញសម្រាប់មនុស្សស្រី ដូច្នេះវាពិតជាសាកសម សម្រាប់អ្នក ក្នុងការធ្វើកិច្ចការ គ្រប់បែបយ៉ាង ដើម្បីថែរក្សាវាអោយបានល្អ។ នៅពេលដែលអ្នក ទម្លាក់សក់ ដ៏ស្រស់ស្អាត ដើរជុំវិញគាត់ តើមានបុរសណា ដែលអាចទប់អារម្មណ៍ថា មិនអោយលង់ស្រលាញ់អ្នក បាននោះ?
៤. ក្លិនក្រអូបប្រហើរនៃដងខ្លួនអ្នក
មនុស្សប្រៀបបានទៅនឹង កន្លង់ដែលតែងចង់ស្រង់ក្លិនក្រអូប របស់បុប្ផា។ ដូច្នេះ អ្នកគប្បីចេះថែរក្សាក្លិនខ្លួន អោយឈ្ងុយឈ្ងប់ ឬ មានក្លិនក្រអូបប្រហើរទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ។ ធ្វើយ៉ាងណា គឺត្រូវចេះមានអនាម័យ និង ចៀសវាងនូវក្លិនខ្លួនមិនល្អ។
៥. ភាពសប្បុរសធម៌នៅក្នុងចិត្តអ្នក
គាត់នឹង ចាប់អារម្មណ៍នូវធាតុពិតរបស់អ្នក ជាជាងនូវសម្រស់ដែលអ្នកមាននៅខាងក្រៅ។ គាត់នឹង ស្រលាញ់នូវភាពកក់ក្តៅ និង អារម្មណ៍នៃចិត្តមេត្តាធម៌របស់អ្នក ចំពោះមនុស្សជុំវិញខ្លួន។
៦. ការនិយាយរបស់អ្នក
កាយវិការ និង ពាក្យពេជន៍ របស់អ្នក គឺសុទ្ធតែអាចដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ អ្នកគ្រាន់តែ មានភាពជឿជាក់លើខ្លួនឯង និង និយាយអ្វីចេញពីក្នុងចិត្ត ដែលជាអារម្មណ៍ពិត របស់អ្នកចំពោះគាត់ នោះគាត់នឹងយល់ថា អ្នកជាមនុស្សស្រីដែលសំខាន់ក្នុងចិត្តរបស់គាត់ ប៉ុណ្ណាហើយ។
ទាំងនេះ គឺជាសុទ្ធតែជាចំណុចសាមញ្ញៗ ដែលមនុស្សស្រី មួយចំនួន មើលរំលង និង មិនបានផ្តោតសំខាន់ទៅលើវា នោះទេ។ ក្រៅពីភាពស្រស់ស្អាតនៅលើរូបរាងខាងក្រៅ រូបសម្រស់ខាងក្នុង គឺចរិតនិស្ស័យ និង សម្បត្តិចរិយា គឺជាអ្វីដែលបុរសគ្រប់រូប តែងប្រាថ្នា និង ស្រលាញ់អ្នកពិត ៕