ការទទួលទានអាហារប្រចាំថ្ងៃ មានសារៈសំខាន់ណាស់សម្រាប់ចិញ្ចឹមទ្រទ្រង់រាងកាយ។ នៅក្នុងជីវភាពប្រចាំថ្ងៃ អាហារមួយចំនួនអាចផ្ដល់ផលល្អ សម្រាប់សារពាង្គកាយ តែផ្ទុយទៅវិញ ម្ហូបអាហារមួយចំនួន ផ្សំឡើងពីសារធាតុផ្សេងៗជាច្រើន ដែលអាចបង្កផលវិបាកសម្រាប់សុខភាពផងដែរ៖
១. ប្រហិតសាច់ក្ដាម
គ្រាន់តែក្រឡេកមើលភ្លាម អ្នកអាចដឹងថាប្រហិតនោះជាអាហារក្លែងក្លាយបាត់ទៅហើយ ដោយសារតែសាច់ក្ដាមពិតមិនមែនណែនរលោងស្អាតបែបនោះទេ។ ប្រហិតសាច់ក្ដាម ជាអាហារមួយមិនផ្ដល់ផលប្រយោជន៍ដល់សុខភាពនោះទេ ដោយវាមិនមានសារជាតិល្អដូចជា Omega-3 ប៉ុន្តែវាមានជាតិ Monosodium glutamate អំបិល គ្រឿងបង្ការមិនឲ្យខូចគុណភាព និងសមាសធាតុគីមីជាច្រើនទៀត។
២. ផលិតផលប៉េងប៉ោះកំប៉ុង
សារធាតុចិញ្ចឹម លីកូពីន (Lycopene) មាននៅក្នុងប៉េងប៉ោះធម្មជាតិ ជួយបន្ថយហានិភ័យជំងឺមហារីកដល់សុខភាព។ ប៉ុន្តែអត្ថប្រយោជន៍នោះបានបាត់បង់ទាំងស្រុង នៅពេលដែលផ្លែប៉េងប៉ោះត្រូវបានច្រកកំប៉ុងមានផ្ទុកសារធាតុគីមី ដែលបង្អាក់ដល់សកម្មភាពអ័រម៉ូននៅក្នុងរាងកាយ។ ដោយសារតែ ប៉េងប៉ោះមានជាតិអាស៊ីតដែរ កំប៉ុងច្រកដែលមានសមាសធាតុគីមី BPA បានបញ្ចេញមក ប្រតិកម្ម បង្កគ្រោះថ្នាក់ដល់សុខភាព ដោយវិវឌ្ឍជាជំងឺមហារីក ជំងឺបេះដូង និងបង្កបញ្ហាដល់ការបន្តពូជផងដែរ។
៣. អាហារកញ្ចប់រសជាតិផ្លែឈើ
នំកញ្ចប់ដែលមានក្លិនដូចផ្លែឈើ មិនមែនសុទ្ធសឹងតែផ្សំពីផ្លែឈើពិតប្រាកដទាំងអស់នោះទេ។ វាជាសារធាតុដែលធ្វើឡើង ពីសារធាតុស្ករផ្សំគ្នា ដូចជា ពោតក្រៀម ទឹកស៊ីរ៉ូ ស្ករ Fructose និងសារធាតុ Maltodextrin ។
៤. ភេសជ្ជៈរសជាតិផ្លែឈើ
ភេសជ្ជៈរសជាតិផ្លែឈើ គឺផ្សំឡើងពី ការបន្ថែមជាតិស្ករ(មិនមែនធម្មជាតិ) រសជាតិផ្លែឈើ រួចត្រូវបានវេចខ្ចប់ បង្ហាញថាជាភេសជ្ជៈស្រស់ៗ សម្រាប់សុខភាព។
៥. ប៊័រនិងដំណាប់លាបនំប៉័ងសាំងវ៉ិច
ប៊័រនិងដំណាប់លាបនំប៉័ងសាំងវ៉ិច ផ្សំឡើងពី សារធាតុជាច្រើនដូចជា ពណ៌សិប្បនិមិត្ត គ្រឿងបន្ថែមរសជាតិ គ្រឿងបង្ការមិនឲ្យខូចគុណភាព សារធាតុប្រេង Hydrogenated ជាតិស្ករ(មិនមែនធម្មជាតិ) រសជាតិផ្លែឈើ និង សារធាតុ Azodicarbonamide ។
៦.ប្រហិតសាច់មាន់បំពង
សាច់មាន់ដុំបំពង មួយចំនួនគឺធ្វើឡើង ដោយការវាយសាច់មាន់បញ្ចូលគ្នា រួចដាក់បំពងនិងខ្ចប់ចូលគ្នាជាដុំសាច់មាន់បំពង។ ចំពោះដុំសាច់មាន់បំពងទាំងនោះ គឺមានបរិមាណសាច់តិចជាងពាក់កណ្ដាលនៃដុំសាច់មាន់នោះ ដោយវានៅលាយឡំជាមួយ និងអំបិល សារធាតុខ្លាញ់ និងជាតិស្ករច្រើនជាងបរិមាណសាច់។
៧. សាច់ច្នៃ
សាច់ក្រក ប្រហិត Hot Dog និងសាច់ផ្សេងៗដែលគេយកច្នៃដើម្បីទុកបានយូរ គឺជាអាហារឆ្ងាញ់និងពេញនិយម ប៉ុន្តែវាមានហានិភ័យខ្ពស់ដោយអាចបង្កជាជំងឺមហារីក។ សាច់ទាំងអស់នេះត្រូវបានផលិតឡើងដោយប្រើអំបិលក្នុងបរិមាណខ្ពស់ និងសារធាតុគីមីជាច្រើនដែលបង្កគ្រោះថ្នាក់សម្រាប់សុខភាព។ ការសិក្សារយៈពេល១៣ឆ្នាំបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១៧នាក់បានស្លាប់ដោយសារការញ៉ាំសាច់ប្រភេទនេះជាប្រចាំ។ សាច់ប្រភេទនេះមើលទៅស្រស់ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ Carcinogens ដូចជាបារីដូច្នោះដែរ។
ការទិញរបស់ទាំងនេះ អាចធ្វើឲ្យអ្នកចំណេញពេលវេលា រៀបចំអាហារសម្រាប់ស្រស់ស្រូប ប៉ុន្តែវាអាចមានផលប៉ះពាល់ទៅលើសុខភាពរបស់អ្នក៕