Join with Health.com.kh on Telegram

បុរសរាងស្គមភាគច្រើនតែងតែនិយាយលើកទឹកចិត្តខ្លួនឯងថារូបគេមិនខ្វល់ពីរឿងការតមអាហារដូចមនុស្សធាត់មួយចំនួនទេ ជាពិសេសនារីៗដែលចង់បានរាងស្គមដូច។ ហើយជានិច្ចជាកាល ពួកគេបាននិយាយថា ពួកគេញ៉ាំច្រើនណាស់តែមិនចេះបានឡើងគីឡូនឹងគេ។ តែការគិតនេះជា រឿងមួយខុសណាស់បើពួកគេចង់ឡើងគីឡូ។ បើសិនជាញ៉ាំបានច្រើននោះ មិនមែននៅតែស្គមអញ្ចឹងទេ លុះត្រាតែមានជម្ងឺ។

ខាងក្រោមនេះគឺជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ធ្វើឲ្យឡើងគីឡូបានឆាប់។

១ តាមដានអត្រាកាឡូរីរាងកាយជាប្រចាំ

អ្នកស្គមៗមិនតិចទេដែលគិតថា ខ្លួនបានញ៉ាំគ្រប់គ្រាន់ដូចមនុស្សទូទៅ។ តែវាមិនពិតទេ។ ពួកគេគួរតែតាមដានមើលបរិមាណកាឡូរីនៃចំណីអាហារដែលពួកគេបរិភោគក្នុងមួយថ្ងៃ។

មនុស្សយើងត្រូវការបរិមាណកាឡូរីយ៉ាងតិចស្មើនឹង ទម្ងន់របស់លោកអ្នកគិតជាផោនគុណជាមួយនឹង ២០គីឡួកាឡូរី (ទម្ងន់ខ្លួនគិតជាផោន x ២០គីឡូកាឡូរី) ដើម្បីឲ្យឡើងគីឡូ។

ឧទាហរណ៍៖ បើអ្នកមានទម្ងន់ខ្លួន ៦០គីឡូក្រាម អ្នកត្រូវបម្លែងវាឲ្យទៅជាខ្នាតផោន។ ដោយ ១គីឡូក្រាម ស្មើនឹង ២.២ផោន ដូចនេះ ទម្ងន់របស់អ្នកគិតជាផោនស្មើនឹង ១៣២ផោន (៦០x២.២=១៣២ផោន)។ អ្នកត្រូវយក ១៣២ផោនទៅគុណនឹង ២០គីឡូកាឡូរី បានលទ្ធផលស្មើនឹង ២៦៤០គីឡូការី (១៣២x២០=២៦៤០)។ ដូចនេះ អ្នកត្រូវការញ៉ាំអាហារដែលមានថាមពល២៦៤០គីឡូកាឡូរីក្នុងមួយថ្ងៃ ដើម្បីឲ្យបានឡើងទម្ងន់។

២ ញ៉ាំរៀងរាល់៣ម៉ោងម្តង

ដូចចំនុចខាងលើអញ្ចឹង អ្នកត្រូវមានរបបអាហារឲ្យលើសពីអ្នកដទៃ។ អ្នកត្រូវញ៉ាំអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច នំចំនីញ៉ាំពេលទំនេរ និង អាហារបំប៉នញ៉ាំពេលក្រោយហាត់ប្រាណ។

៣ ញ៉ាំអាហារសម្បូរកាឡូរី

អាហារទាំងនោះមានដូចជា៖ បាយ (១០០ក្រាមមាន៣៨០គីឡូកាឡូរី) គ្រាប់ធញ្ញជាតិ (១០០ក្រាមមានលើសពី៥០០គីឡូកាឡូរី) ប្រេងអូលីវ (១ស្លាបព្រាកាហ្វេមាន១០០គីឡូកាឡូរី) និងអាហារផ្សេងៗទៀត។

៤ ហាត់ប្រាណ

អ្នកពិតជាមិនចង់ឡើងគីឡូហើយធាត់កាម៉ាប់នោះទេ។ អ្នកប្រាកដជាបានសាច់ដុំមើលទៅសង្ហាហើយ។ អ្នកគួរតែធ្វើលំហាត់ប្រាណមួយចំនួនដូចជា៖ ការហាត់យកផ្នែកគូទ (Squat) ការលើកដុំដែកដាក់លើស្មា (Deadlifts) ការលើកដុំដែកយកទ្រូង (Bench Press) និង ការលើកខ្លួនយកស្មា (Pull-ups) ជាដើម។

អ្នកក៏ត្រូវមិនភ្លេចទេថា សាច់ដុំរបស់មនុស្សយើងរីកមាឌក្រោយពេលយើងហាត់ (ពេលសម្រាក)។ ដូចនេះហើយ អ្នកត្រូវយកពេលសម្រាកផង កុំហាត់រាល់ថ្ងៃ។ វាមិនពិបាកទេក្នុងការសម្រេចបំណងអ្វីមួយនៅពេលដែលយើងមានគោលដៅច្បាស់លាស់។ វាគ្រាន់តែយូរឬក៏ឆាប់ទេ។ បើអ្នកតាំងចិត្តថានឹងធ្វើឲ្យឡើងគីឡូនោះ អ្នកនឹងអាចសម្រេចគោលបំណងរបស់អ្នក៕