មនុស្សជាច្រើនដែលមានរាងធាត់តែងប្រាថ្នាចង់បានរាងស្អាត អាចស្លៀកពាក់បានល្អសមរម្យ។ តែចំពោះបុរស ឬនារីៗមួយចំនួនបានសាកល្បងសម្រកទម្ងន់ខ្លួនតាមវិធីជាច្រើនហើយ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព។ តាមរយៈសារព័ត៌មាន សហរដ្ឋអាមេរិកពីរបានបង្ហាញពីមូលហេតុគួរឲ្យភ្ញាក់ផ្អើលមួយ៖
*ការគេងមិនគ្រប់គ្រាន់
តាមសារព័ត៌មាន Washington Post បានចុះផ្សាយក្នុងសប្ដាហ៍នេះពីការស្រាវជ្រាវមួយអំពីការលូតលាស់នៃរាងកាយ។ លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា ការទទួលដំណេកមិនគ្រប់គ្រាន់ អាចធ្វើឲ្យរាងកាយកើនទម្ងន់ បន្ថយកម្រិតអ័រម៉ូនតេសតូស្តេរ៉ូន ដែលធ្វើឲ្យកើតមានអាការៈជំងឺធ្លាក់ទឹកចិត្ត និងកំហាប់ឆ្អឹងថយចុះ។
*ការគេងគ្រប់គ្រាន់
អំឡុងពេលគេងលក់ស្កប់ស្កល់ សាច់ដុំរបស់មនុស្សបានសម្រាក និងជួសជុលកោសិកាដែលរហែកខូចខាតពេលធ្វើលំហាត់ប្រាណ។ ចំណែកខួរក្បាល កម្ចាត់ជាតិពុល និងបង្កើតការចងចាំ។ បើគ្មានដំណើរការនេះទេ ការធ្វើលំហាត់ប្រាណសម្រកទម្ងន់របស់អ្នកចង់ស្រកទម្ងន់ ពុំមានប្រសិទ្ធភាពឡើយ។
លោក Chirjeev Sawhney ជាគ្រូណែនាំលំហាត់ប្រាណ និងជាអ្នកគ្រប់គ្រងនៅក្លិបហាត់ប្រាណ Gold’s Gym តំបន់ Arlington រដ្ឋ Virginia បានឲ្យដឹងថា៖ “មនុស្សជាច្រើនគិតថា ការហាត់ប្រាណសម្រកទម្ងន់យកសាច់ដុំ គឺធ្វើនៅតែកន្លែងហាត់ប្រាណ ប៉ុន្តែតាមពិតគឺអ្នកបានបង្កើតវានៅពេលគេងស្រាប់ទៅហើយ។ ការគេងគ្រប់គ្រាន់ជួយជួលជុលកោសិកាខូចខាត និងជួយឲ្យអ្នកខ្លាំងជាងមុន “។
ចំណែក សារព័ត៌មាន Huffington Post បានលើកយកឧទាហរណ៍ជាក់ស្ដែងរបស់មនុស្សពីរនាក់ ប្រៀបធៀបគ្នាមកបង្ហាញគឺ លោក Bob និងលោក Bill ដែលមិត្តជិតស្និទ្ធនឹងគ្នា។ ពួកគេ ញ៉ាំអាហារដូចគ្នា មានការងារស្រដៀងគ្នា និងទៅហាត់ប្រាណដូចគ្នា។ អ្វីដែលខុសប្លែករវាងពួកគេទាំងពីរ គឺទម្លាប់នៃការគេង។ លោក Bob ជាធម្មតាគេងបាន ៧ ទៅ៨ ម៉ោងក្នុងមួយយប់ ចំណែក លោក Bill មានទម្លាប់គេងមិនទៀងទាត់ និងគេងមិនគ្រប់គ្រាន់។ ជាលទ្ធផលគឺ ទម្លាប់គេងទៀងទាត់របស់ Bob ជួយឲ្យលោក Bob សម្រកទម្ងន់បានល្អ។
ជាមួយគ្នានោះ សារព័ត៌មានទាំងពីរដដែលបន្ថែមទៀតថា ការគេងគ្រប់គ្រាន់មិនត្រឹមតែជួយ រក្សាឲ្យរាងកាយនៅស្អាត សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ប្រសើរនៅកន្លែងធ្វើការ និងជួយឲ្យសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៕