ឳពុកម្តាយគឺជាគ្រូទីមួយរបស់កូន ព្រោះតែចង់ឲ្យកូនធំលូតលាស់បានល្អ អ្នកត្រូវតែបង្រៀន និងអប់រំកូនតាំងពីតូច ហើយត្រូវតែធ្វើជាគំរូដ៏ល្អរបស់កូនទើបកូនអាចរៀនតាមអ្នកបាន ប៉ុន្តែមានឳពុកម្តាយខ្លះបែរជាមានគំរូអាក្រក់ដែលធ្វើឲ្យកូនរៀនតាមទៅវិញ។ តើមានអ្វីខ្លះទៅ?
គ្មានចិត្តអំណត់
មានឳពុកម្តាយខ្លះពេលដែលមានសម្ពាធការងារខ្លាំង ក្រោយពេលត្រឡប់មកផ្ទះតែងតែរករឿងស្រែកដាក់កូនជានិច្ច នេះជាគំរូដែលមិនល្អមួយដែលអ្នកផ្តល់ឲ្យកូន គេនឹងរៀនតាមអ្នកនៅថ្ងៃណាមួយជាមិនខាន។
មិនចេះទប់កំហឹង
មានអ្នកខ្លះរៀបការជាច្រើនឆ្នាំមកហើយនៅតែព្រោះតែរឿងតូចតាចមួយចំនួនឈ្លោះគ្នានៅមុខកូនជានិច្ច ដូចនេះកូនអាចនឹងមានចរឹតដូចអ្នកអញ្ចឹងចូលចិត្តឈ្លោះជាមួយអ្នកដទៃនៅពេលដែលមានរឿងតូចតាចកើតឡើង។
ចិត្តទូលាយពេក
នៅពេលដែលអ្នកតែងតែទិញរបស់របរឲ្យកូនច្រើនពេក នោះកូននឹងរៀនចេះតែទទួលយក ហើយមិនចេះសន្សំសំចៃដូចអ្នកអញ្ចឹង គេនឹងចាយធំជាងអ្នកនៅពេលដែលគេធំឡើង។
មិនចេះយកចិត្តទុកដាក់
នៅពេលដែលអ្នកធ្វើការងារផ្ទះបណ្តើរ ហើយសួរកូនពីរឿងនៅសាលាបណ្តើរ វានឹងធ្វើឲ្យកូនយល់ថាអ្នកមិនយកចិត្តទុកដាក់ចំពោះគេ ហើយមិនចេះគោរពគេ ដូចនេះគេនឹងរៀនចេះទង្វើនេះពីអ្នក ដោយមិនចេះគោរពអ្នកដទៃដូចគ្នា។
មិនចេះទទួលស្គាល់កំហុស
នៅពេលដែលអ្នកធ្វើខុសដាក់កូន ហើយអ្នកមិនចេះទទួលស្គាល់កំហុសរបស់អ្នក នោះកូនអ្នកនឹងមិនចេះទទួលស្គាល់កំហុសរបស់ខ្លួនដូចគ្នា គេនឹងសុខចិត្តបន្តខុសរហូត។
ចោលរបស់ផ្តេសផ្តាស
នៅពេលដែលអ្នកតែងតែបោះចោលរបស់ផ្តេសផ្តាសពេញផ្ទះ ហើយមានអ្នកដទៃមករៀបឲ្យ ដូចនេះកូននឹងរៀនតាមអ្នកដោយតែងតែទុករឿងមួយចំនួនឲ្យអ្នកដទៃជួយដោះស្រាយជានិច្ច គេមិនចេះរកវិធីដោះស្រាយដោយខ្លួនឯងឡើយ។
ដូចនេះបើអ្នកមានទង្វើ ឬសកម្មភាពទាំងនេះ អ្នកគួរតែកែចេញជាបន្ទាន់ បើពុំដូច្នោះទេកូនអ្នកនឹងអាចក្លាយជាក្មេងដែលមានចរឹតមិនល្អ នោះនៅពេលដែលគេធំឡើង គេនឹងក្លាយជាមនុស្សដែលសង្គមស្អប់ខ្ពើម៕