ចង់ស្រកទម្ងន់ដែលលើសនិងបង្រួមទំហំចង្កេះឱ្យតូចជាងមុនមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ផ្លែឈើមួយចំនួនអាចជួយឱ្យអ្នកសម្រេចបាននូវក្ដីស្រមៃនេះ។ ថាតើផ្លែឈើអ្វីខ្លះជួយឱ្យស្រកទម្ងន់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើទាំងនោះ ៖

១. ត្រសក់ផ្អែម

នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិទឹកនិងជាតិសសៃខ្ពស់ដែលចាំបាច់សម្រាប់ការសម្រកទម្ងន់ដោយជួយឱ្យឆាប់ឆ្អែតនិងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។

២. ក្រូចទ្រើង ឬផាស្សិន

មានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិសសៃ វីតាមីន C វីតាមីន A ជាតិដែក និងប៉ូតាស្យូមខ្ពស់ដែលល្អសម្រាប់អ្នកចង់ស្រកទម្ងន់។

៣. ផ្លែប៉ោម

មានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃ ប៉ុន្តែកាឡូរីទាបដែលជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ដោយវាជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ ម្យ៉ាងវិញទៀតការទទួលទានផ្លែប៉ោមជួយទប់ចំណង់អាហារតាមរយៈសារធាតុ pectin ដែលវាមានផ្ទុក។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ក៏ដូចជាជាតិរ៉ែសំខាន់ៗផងដែរ។

៤. ផ្លែដូង

ដូងមានផ្ទុក medium chain triglycerides ដែលជួយបង្កើនកម្រិតនៃការដុតរំលាយអាហារក្នុងរាងកាយ។ ម្យ៉ាងវិញទៀត ទឹកដូងមានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារនិង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ។

៥. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។

៦. ផ្លែទទឹម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ polyphenols ដែលបង្កើនការដុតរំលាយអាហាររបស់រាងកាយជួយឱ្យគ្រប់គ្រងទម្ងន់បានយ៉ាងប្រសើរ។

៧. ផ្លែល្ហុង

ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ ផ្លែល្ហុងក៏មានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ដែលជាជម្រើសដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ។ មួយពែងនៃល្ហុងទុំចិតរួចជាដុំៗមានផ្ទុកត្រឹមតែ ៦២ កាឡូរីប៉ុណ្ណោះ៕

៨. ផ្លែប៉េស

ជួយគ្រប់គ្រងចំណង់អាហារតាមរយៈជាតិសសៃខ្ពស់ដែលមានផ្ទុក។

៩. ផ្លែទំពាំងបាយជូរ

ជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយបញ្ឈប់ការលូតលាស់នៃកោសិកាខ្លាញ់និងទប់ស្កាត់ការបំផ្លាញបំផ្លាញអ័រម៉ូនកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗផងដែរ។ ទំពាំងបាយជូរក៏មានផ្ទុកជាតិសសៃខ្ពស់ផងដែរ។

១០. ក្រូចថ្លុង

ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។

១១. ឪឡឹក

ឪឡឹកមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេលជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ។

១២. ចេក

ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង