ប្រូតេអ៊ីន គឺជាសារធាតុដ៏សំខាន់មួយ សម្រាប់បង្កើតនូវជាលិកាថ្មី បណ្តុះ និងជួសជុលនូវការខូចខាតទាំងឡាយ ក្នុងរាងកាយដែរ។ ប្រូតេអ៊ីន ត្រូវបានបង្កើតឡើងដោយ អាស៊ីតអាមីណេជាច្រើនចូលគ្នាដែលបានមកពី ការសំយោកដោយរាងកាយខ្លួនឯងផ្ទាល់ ឬហៅថា Nonessential Amino Acids និងបានមកពីចំណីអាហារ ឬហៅថា Essential Amino Acids។ ពិតណាស់ រាល់អាហារទាំងអស់ ដែលមានជាតិប្រូតេអ៊ីនពីសាច់សត្វ ដូចជា សាច់ ត្រី បក្សី ស៊ុត និងអាហារធ្វើទឹកដោះគោ ហើយវាក៏សុទ្ធតែផ្ទុកទៅដោយ ជាតិអាស៊ីតអាមីណេសំខាន់ ដូចនឹងផលិតផល ធ្វើពីសណ្តែកសៀងដែរ។
ចំពោះប្រូតេអ៊ីន ដែលបានពីបន្លែវិញ មានដូចជា គ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតង ឬសណ្តែកដី។ ដូច្នេះហើយ អ្នកនិយមញ៉ាំបន្លែ អាចនឹងទទួលបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ពីការញ៉ាំបន្លែទាំងអស់នេះចូលគ្នា។
កង្វះជាតិប្រូតេអ៊ីន ភាគច្រើន គឺមិនធ្លាប់លឺ ឬកើតមានក្នុងប្រទេសអភិវឌ្ឍន៍ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលដែលមនុស្សយើងឈឺ ពួកគេច្រើនតែត្រូវការ បង្កើនការញ៉ាំអាហារមានប្រូតេអ៊ីន ឲ្យច្រើនជាងតម្រូវការប្រចាំថ្ងៃ ដូច្នេះ ទើបចំនួននេះ អាចជួយឲ្យរាងកាយឆាប់ជាពីជំងឺបាន៕