របបអាហារអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើភាពស្ត្រេសដែលជួយឱ្យធូរស្បើយ ឬធ្ងន់ធ្ងរឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះអាចជួយប្រឆាំងនឹងភាពស្ត្រេស? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ព្រមទាំងភេសជ្ជៈដែលអ្នកគួរទទួលទានដើម្បីទប់ទល់ជាមួយភាពតានតឹងក្នុងអារម្មណ៍ ៖
១. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ល្អនៃវីតាមីន A និងវីតាមីន B ព្រមទាំងម៉ាញ៉េស្យូមដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
២. ប្ល៊ូបឺរី
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានឥទ្ធិពលជួយបន្ថយស្ត្រេស។ ផ្លែឈើនេះក៏ជួយបញ្ចុះសម្ពាធឈាមនិងកម្រិតនៃអ័រម៉ូនស្ត្រេស cortisol។
៣. ផ្លែឈើប្រភេទ Citrus
ដូចជាក្រូចថ្លុងនិងក្រូចផ្សេងៗមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន C និងសារធាតុ glutathione ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងបន្ថយស្ត្រេសគួរឱ្យកត់សម្គាល់។
៤. ទឹក
ជាភេសជ្ជៈដែលងាយនឹងរកបានបំផុត។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីបន្ថយឥទ្ធិពលនៃភាពស្ត្រេសលើសុខភាពរាងកាយនិងផ្លួវចិត្ត។ គួរបញ្ជាក់ផងដែរថាកង្វះជាតិទឹកក្នុងរាងកាយក៏ជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាស្ត្រេសផងដែរ។
៥. ទឹកដូង
ចូរទទួលទានទឹកដូងមួយកែវពេលអ្នកមានអារម្មណ៍ស្ត្រេស។ ភេសជ្ជៈធម្មជាតិនេះនឹងផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នកភ្លាមៗ ព្រមទាំងមានរសជាតិឆ្ងាញ់ថែមទៀតដោយវាមានផ្ទុកវីតាមីន B។
៦. តែបៃតង
ភេសជ្ជៈនេះមានផ្ទុកកាហ្វេអ៊ីនតិចជាងកាហ្វេ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃសារធាតុដែលជួយសម្រួលដល់អារម្មណ៍។ ការទទួលទានតែបៃតងមួយពែងអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាងនិងធូរស្រាលបានយ៉ាងឆាប់រហ័ស។
៧. តែរុក្ខជាតិ
ប្រសិនបើអ្នកទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនមិនបាន អ្នកអាចប្ដូរមកជាតែរុក្ខជាតិជំនួសវិញ។ ឧទាហរណ៍តែផ្កា Chamomile! ក្រៅពីជួយបំបាត់បញ្ហាព័ន្ធព័ន្ធនឹងប្រព័ន្ធរំលាយអាហារហើយនោះ តែរុក្ខជាតិនេះក៏មានប្រសិទ្ធភាពទប់ទល់ស្ត្រេសគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកអាចទទួលទានតែផ្កា Chamomile នៅមុនពេលចូលគេងដើម្បីឆាប់គេងលក់បានស្កប់។
៨. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសម្បូរខ្លាញ់ក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
៩. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
១០. គ្រាប់ល្ពៅ
មានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូមដែលជួយទប់ស្កាត់អាការៈឈឺក្បាលនិងអស់កម្លាំង។ វាក៏ជួយគ្រប់គ្រងអ័រម៉ូនស្ត្រេស cortisol បានយ៉ាងប្រសើរផងដែរ។
១១. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ដូច្នេះអាចទប់ស្កាត់ការបំផ្លាញកោសិកា។ ស្ត្រេសធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ដូច្នេះអ្នកត្រូវការខ្ទឹមសដើម្បីកម្ចាត់វា។
១១. ទំពាំងបារាំង
សម្បូរទៅដោយសារធាតុ folate ដែលជួយបន្ថយភាពស្ត្ត្រេស និងបញ្ហាថប់បារម្ភ។ ទំពាំងបារាំងក៏ជួយដល់ការផលិតអ័រម៉ូនរីករាយ dopamine ក្នុងខួរក្បាលផងដែរ។
១២. ខ្ញី
មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា gingerol ដែលជួយកម្ចាត់សារធាតុគីមីក្នុងរាងកាយដែលបង្កបញ្ហាស្ត្រេស៕