ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីរក្សាសុខភាពស្បែកល្អប្រសើរ ៖
១. មិនឧស្សាហ៍ផ្លាស់ប្ដូរស្រោមខ្នើយ
កោសិកាស្បែកងាប់ៗ ទឹកមាត់ និងធូលីដី អាចធ្វើឱ្យខ្នើយនិងស្រោមខ្នើយមានភាពកខ្វក់ពោរពេញដោយបាក់តេរី។ ត្រូវប្រាកដថាអ្នកបានបោកសម្អាតស្រោមខ្នើយរាល់ ២ សប្តាហ៍ម្ដង និងបោកសម្អាតខ្នើយឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំដើម្បីឱ្យស្បែករក្សាបាននូវសុខភាពល្អ។ កុំភ្លេចហាលខ្នើយឱ្យស្ងួត សឹមយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ការឡើងផ្សិត។
២. ការជក់បារី
បារីមានផ្ទុកពោរពេញទៅដោយសារធាតុពិលរាប់ពាន់ប្រភេទដែលនៅពេលជក់វាអាចជ្រាបចូលក្នុងរាងកាយដែលមិនត្រឹមតែជះផលប៉ះពាល់ដល់សួតនិងបេះដូងប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងកូឡាជែននិងភាពតឹងណែននៃស្បែកផងដែរ។
៣. ចេញក្រៅដោយមិនប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
ការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។
៤. ស្រេសពេក
ភាពតានតឹងក្នុងអារម្មណ៍អាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមទាំងស្បែក! នៅពេលស្ត្រេសអ្នកងាយនឹងកើតរោគមុន ស្នាមដក់ខ្មៅក្រោមភ្នែក ព្រមទាំងបញ្ហាស្បែកស្រអាប់។ ដូច្នេះប្រសិនបើចង់រក្សាបាននូវសុខភាពស្បែកល្អប្រសើរ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេស។
៥. ងូតទឹកយូរៗពេក
ភាគច្រើននៃពួកយើងច្រើនជ្រុលខ្លួនងូតទឹកយូរជាង ១០នាទីពិសេសនៅពេលងូតទឹកក្ដៅ។ ទោះយ៉ាងណាការងូតទឹកយូរពេក ពិសេសទឹកក្ដៅ គឺមិនល្អឡើងចំពោះសុខភាពស្បែក។ ខណៈដែលវាអាចធ្វើឱ្យបាត់បង់សំណើមពីស្បែក។
៦. ងូតទឹកភ្លាមៗក្រោយទទួលទានអាហារ
បញ្ហាកើតឡើងនៅពេលដែលឈាមជាច្រើនត្រូវបានបញ្ជូនទៅកាន់ស្បែក ដើម្បីរក្សាសីតុណ្ហភាពស្នូលនៃរាងកាយដែលធ្វើអោយខ្វះខាតឈាមផ្គត់ផ្គង់ដល់ប្រព័ន្ធរំលាយអាហារ។ មានន័យថា ប្រព័ន្ធរំលាយអាហារនឹងមិនអាចទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ឡើយ ដើម្បីដំណើរការមុខងារប្រក្រតី។ ហើយជាលទ្ធផលបញ្ហាពិបាករំលាយអាហារនឹងកើតមានឡើង។ ការងូតទឹកក្ដៅក៏មិនល្អដែរក្រោយពេលទទួលទានអាហាររួចភ្លាម! ដូច្នេះដើម្បីជាការប្រសើរជៀសផុតពីបញ្ហាពិបាករំលាយអាហារ អ្នកគួរងូតទឹកនៅរយៈពេល ៣០ នាទី ឬ១ ម៉ោង បន្ទាប់ពីទទួលទានអាហារ ជាពិសេសប្រសិនបើអ្នកទទួលទានច្រើន ឬឆ្អែតខ្លាំង។
៧. គេងមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ នោះវាអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ហើយរបាំងការពារស្បែកក៏ត្រូវថយចុះ។ ការគេងបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជួយឱ្យស្បែកមានពេលគ្រប់គ្រាន់ក្នុងការជួសជុលឡើងវិញនិងការលូតលាស់នៃកោសិកាថ្មី។ ដូច្នេះប្រសិនបើចង់រក្សាបាននូវស្បែកដែលក្មេងជាងវ័យ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។
៨. កង្វះសារធាតុប្រឆាំងអុកស៊ីតកម្ម
វីតាមីន A វីតាមីន C វីតាមីន E និងប៉ូតាស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពស្បែក។ ដូច្នេះចូរព្យាយាមរួមបញ្ចូលបន្លែ ពិសេសការ៉ុត ប៉េងប៉ោះ និងបន្លែស្លឹកបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។ វាក៏ល្អណាស់ដែរក្នុងការរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារដើម្បីរក្សាភាពក្មេងជាងវ័យនៃស្បែក៕