ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបង្កផលអាក្រក់ច្រើនជាងល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះដែលអ្នកចាំបាច់គួរផ្លាស់ប្ដូរចេញដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖
១. ចំណាយពេលច្រើនអង្គុយមុខទូរទស្សន៍
ភាគច្រើននៃពួកយើងចូលចិត្តចំណាយពេលរាប់ម៉ោងអង្គុយមើលទូរទស្សន៍ដែលទម្លាប់នេះមិនល្អសោះឡើយចំពោះសុខភាព ទោះបីជាវាអាចផ្ដល់នូវអារម្មណ៍ធូរស្បើយខ្លះក៏ដោយ។ ការមិនធ្វើចលនា ឬអង្គុយមួយកន្លែងរាប់ម៉ោងក្នុងមួយថ្ងៃៗអាចបង្កជាហានិភ័យនៃបញ្ហាសុខភាពជាច្រើនគួរឱ្យព្រួយបារម្ភ។
២. គេងមិនបានច្រើនគ្រប់គ្រាន់
ទោះបីជារវល់ប៉ុណ្ណាក៏ដោយ អ្នកចាំបាច់ត្រូវចំណាយពេលគេងឱ្យបានច្រើនគ្រប់គ្រាន់ទើបអាចចៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។
៣. មិនប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
ការឈានជើងចេញទៅក្រៅផ្ទះទាំងមិនបានការពារស្បែកពីកម្ដៅព្រះអាទិត្យខ្លាំង គឺអាចបណ្ដាលឱ្យអ្នកជួបប្រទះនូវបញ្ហាស្បែកជាច្រើនគួរឱ្យបារម្ភ។ ហើយទម្លាប់នេះក៏ពន្លឿនដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែកផងដែរ ដោយកម្ដៅថ្ងៃខ្លាំងអាចបណ្ដាលឱ្យកោសិកាស្បែកទទួលរងការបំផ្លាញ។
៤. ទទួលទានអាហារគ្មានសុខភាពល្អ
ជាពិសេសអាហារសម្បូរខ្លាញ់មិនល្អ, មានជាតិប្រៃខ្លាំង និងអាហារមានផ្ទុកជាតិស្ករខ្ពស់។ ចូរព្យាយាមរក្សាសុខភាពតាមរយៈការទទួលទានបន្លែផ្លែឈើស្រស់ៗ និងកម្រិតការប្រើប្រាស់អំបិល ព្រមទាំងស្ករ។
៥. មិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ក៏អាចបង្កជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើនផងដែរ រួមបញ្ចូលទាំងបញ្ហាស្មារតី ឬការផ្ដោតអារម្មណ៍, ការរំលាយអាហារមិនបានល្អ និងសូម្បីតែឈឺក្បាល។ ព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំដើម្បីចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។
៦. មិនទទួលទានអាហារពេលព្រឹក
ទម្លាប់នេះ គឺមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូលរួមបញ្ចូលទាំងដំណើរការមុខងារបេះដូង, ខួរក្បាលអន់ខ្សោយ, ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២, ជំងឺមហារីក និងជំងឺឈឺក្បាលប្រកាំង។
៧. ស្ត្រេសសឹងតែគ្រប់ពេល
ភាពតានតឹងក្នុងអារម្មណ៍អាចជះឥទ្ធិពលលើសុខភាពយ៉ាងខ្លាំងក្លាស្មានមិនដល់។ ដើម្បីជាការប្រសើរ ចូរព្យាយាមស្វែងរកវិធីគ្រប់គ្រង ឬបន្ថយស្ត្រេស។
៨. គេងភ្លាមៗក្រោយញ៊ាំអាហារ
បើទោះជាការគេង និងការទទួលទានអាហារ គឺសំខាន់ចំពោះសុខភាព ក៏ដូចជាក្នុងការទ្រទ្រង់ជីវិតក៏ដោយ ប៉ុន្តែការគេងភ្លាមៗ ក្រោយពេលទទួលទានអាហារពេលថ្ងៃត្រង់ ឬល្ងាច នោះអាចនឹងផ្ដល់នូវប៉ះពាល់ធ្ងន់ធ្ងរមួយចំពោះសុខភាពបានគួរឱ្យព្រួយបារម្ភរួមបញ្ចូលទាំងច្រាលទឹកអាស៊ីតក្រពះ, ពិបាករំលាយអាហារ, ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងគេងមិនលក់។
៩. លេងទូរសព្ទច្រើនពេក
ទោះជាយ៉ាងណាក្រៅពីខូចភ្នែកហើយនោះ ប្រសិនបើអ្នកប្រើប្រាស់ ឬលេងទូរស័ព្ទច្រើនពេកអ្នកប្រាកដជានឹងជួបប្រទះហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗរួមបញ្ចូលទាំងអាការៈឈឺចាប់រាងកាយ, ជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត (Depression) និងសូម្បីតែជំងឺធាត់ជ្រុល៕