ថាតើនឹងមានអ្វីកើតឡើងនៅពេលអ្នកបន្ថែមរមៀតមួយចិបទៅក្នុងអាហារ ឬភេសជ្ជៈមុនទទួលទាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លទ្ធផលប្រហែលជាអ្នកស្មានមិនដល់ឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការបន្ថែមរមៀតក្នុងអាហារ ឬភេសជ្ជៈ៖
១. សម្រួលការរំលាយអាហារ
រមៀតមានសមត្ថភាពបង្កើនការផលិតទឹកប្រមាត់ដែលជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ជាលទ្ធផលរាងកាយនឹងអាចស្រូបយកបាននូវសារធាតុចិញ្ចឹមចាំបាច់ជាតិរ៉ែនិងវីតាមីនសំខាន់ៗពីក្នុងអាហារដែលអ្នកបានទទួលទាន។ បន្ថែមពីនេះរមៀតអាចជួយដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការរំលាយអាហារគួរឱ្យកត់សម្គាល់តាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងមេរោគដែលវាមានផ្ទុក។
២. កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
រមៀតក៏មានផ្ទុកនូវវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ជាពិសេសប្រសិនបើអ្នកខ្សោយងាយនឹងឆ្លងមេរោគផ្លូវដង្ហើមដូចជាជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយ ចូរកុំស្ទាក់ស្ទើក្នុងការបន្ថែមរមៀតត្រឹមតែមួយចិបទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៣. បំបាត់អាការៈឈឺចាប់និងរឹងសន្លាក់
នេះក៏ព្រោះតែរមៀតមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដ៏មានឥទ្ធិពល។ ដូច្នេះហើយទើបការរួមបញ្ចូលរមៀតក្នុងរបបអាហារអាចជួយបំបាត់ ក៏ដូចជាទប់ស្កាត់អាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
កត្តាចម្បងនៃជំងឺបេះដូង គឺរួមបញ្ចូលទាំងបញ្ហាកម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ និងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះក្រៅពីការធ្វើលំហាត់ប្រាណទៀងទាត់, ទទួលទានរបបអាហារសុខភាពល្អ, គ្រប់គ្រងកម្រិតនៃភាពស្ត្រេស, ឈប់ជក់បារី និងទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម អ្នកក៏ចាំបាច់គួររួមបញ្ចូលរមៀតក្នុងរបបអាហារផងដោយវាមានផ្ទុកលក្ខណៈសម្បត្តិទប់ស្កាត់កត្តាហានិភ័យទាំងពីរនេះ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់ជាពិសេស គឺប្រភេទនៃជំងឺមហារីកដែលជះឥទ្ធិពលលើសុដន់ ក្រពេញប្រូស្តាត និងពោះវៀនធំ។
៦. ស្បែកស្រស់ស្អាតក្មេងជាងវ័យ
មិនទាន់អស់នៅឡើយទេ! ការរួមបញ្ចូលរមៀតមួយចិបទៅក្នុងអាហារ ឬភេសជ្ជៈមុនពេលទទួលទានក៏អាចជួយឱ្យអ្នកប្រែជាមានស្បែកស្រស់ស្អាតក្មេងជាងវ័យផងដែរ។ នេះក៏ព្រោះតែគ្រឿងទេសពណ៌លឿងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកមុនឱ្យឆាប់ចាស់តាមវ័យ៕