បញ្ហាគួរឱ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាបង្កើនហានិភ័យនៃជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម ជំងឺតម្រងនោម ថ្នាំបំបាត់ការឈឺចាប់ ថ្នាំពន្យារកំណើត ស្ត្រេស មិនសូវហាត់ប្រាណ ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន ទទួលទានគ្រឿងស្រវឹងលើសកម្រិត កត្តាហ្សែន និងជំងឺធាត់ជ្រុលសុទ្ធតែជាមូលហេតុដែលបង្កអោយកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីសុខភាពល្អប្រសើរនិងចៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាសម្ពាធឈាមក្នុងកម្រិតត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖
១. សណ្ដែក
មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមនិងម៉ាញ៉េស្យូម។ ក្រៅពីរក្សានូវសុខភាពពោះវៀនល្អប្រសើរហើយនោះ សណ្ដែកក៏ជួយបញ្ចុះសម្ពាធឈាមផងដែរ។ សណ្ដែកភាគច្រើន គឺល្អណាស់សម្រាប់បញ្ចុះសម្ពាធឈាម។
២. ផ្កាខាត់ណាខៀវ
ជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលសំខាន់សម្រាប់ការគ្រប់គ្រងសម្ពាធឈាម ព្រមទាំងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ប្រឆាំងជំងឺមហារីក។
៣. សូកូឡាខ្មៅ
មានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូមចាំបាច់សម្រាប់គ្រប់គ្រងសម្ពាធឈាម ដូច្នេះការទទួលទានសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ភាគរយ ត្រឹម ១ ជ្រុងក្នុងមួយថ្ងៃ គឺល្អណាស់សម្រាប់សុខភាព។ ទោះជាយ៉ាងណាមិនត្រឹមត្រូវទទួលទានច្រើនលើសកម្រិតឡើយ។
៤. ម្ទេសផ្លោកពណ៌ក្រហម
មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូម ព្រមទាំងកាល់ស្យូមទៀតផងដែលនាំឱ្យបន្លែនេះល្អសម្រាប់បញ្ចុះសម្ពាធឈាម។
៥. ស្ពៃពួយឡេង
ជាជម្រើសនៃបន្លែបៃតងដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺលើសឈាម។ នេះក៏ព្រោះតែស្ពៃពួយឡេងមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម សារធាតុ folate និងម៉ាញ៉េស្យូម។
៦. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ពូជនេះមានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូមដែលជាជាតិរ៉ែសំខាន់សម្រាប់បញ្ចុះសម្ពាធឈាម។
៧. ខ្ទឹមស
កម្រិតនៃកូឡេស្តេរ៉ូល និងសម្ពាធឈាមឡើងខ្ពស់អាចបង្កហានិភ័យគួរអោយព្រួយបារម្ភចំពោះសុខភាពបេះដូង។ ទោះជាយ៉ាងណា អ្នកអាចទប់ស្កាត់បញ្ហានេះតាមរយៈការទទួលទានខ្ទឹមស។ នោះក៏ព្រោះតែខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ដែលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម និងកូឡេស្តេរ៉ូល។
៨. ឪឡឹក
ឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ការទទួលទានទឹកឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនឱ្យកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀតទឹកឪឡឹកស្រស់ក៏ជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់។
៩. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិប៉ូតាស្យូមនិងសារធាតុ carotenoids ដែលមានប្រសិទ្ធភាពជួយបញ្ចុះសម្ពាធឈាម។
១០. ក្រូចថ្លុង
សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។
១១. មើមឆៃថាវក្រហម
ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ប្រសិទ្ធភាពនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាតអាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាមដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះ។ លើសពីនេះទៅទៀតទឹកមើមឆៃថាវក្រហមក៏ជួយធ្វើអោយសសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។
១២. ផ្លែចេក
ផ្លែឈើមួយប្រភេទទៀតដែលមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនោះ គឺផ្លែចេក។ ផ្លែឈើនេះងាយរកបាន ហើយមានតម្លៃថោកសមរម្យថែមទៀត! ដើម្បីចៀសផុតពីបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬប្រសិនបើចង់បញ្ចុះសម្ពាធឈាម ចូរទទួលទានផ្លែចេកឱ្យបានជាប្រចាំ៕