Join with Health.com.kh on Telegram

​ការ​ដែល​មក​រដូវ​មិន​ទៀងទាត់​អាច​កើតឡើង​ម្តងម្កាល ជា​រឿង​ធម្មតា ជាពិសេស​សម្រាប់​អ្នក​ដែល​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ​តែម្តង​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន ដែល​វា​ច្រើនតែ​ធ្វើឲ្យ​រដូវ​មក​មិន​បាន​ទៀងទាត់ ឬ​បាត់​រដូវ​តែម្តង​៖

ស្ត្រេ​ស​
រាងកាយ​គឺជា​ចំណាំងផ្លាត​នៃ​ចិត្ត និង​ភាព​តានតឹង​ខាង​ផ្លូវចិត្ត ដែល​បង្កើតបាន​នូវ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ រហូតដល់​ទៅ​ជា​រដូវ​មក​មិន​បាន​ទៀងទាត់ ឬ​បាត់​រដូវ​តែម្តង​។

ហាត់ប្រាណ​ខ្លាំងពេក​
វដ្ត​រដូវ​អាស្រ័យ​ទៅតាម​ចំនួន​នៃ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ហើយ​បើសិនជា​អ្នក​រំលាយ​ជាតិ​ខ្លាញ់​ចេញ​ច្រើនពេក នោះ​វា​ធ្វើឲ្យ​ប៉ះពាល់​បាន​។ ការ​ហាត់ប្រាណ​ក៏​អាច​រំខាន​ដល់​កម្រិត​អ័រម៉ូន Estrogen ដែល​ជាហេតុ​នាំឲ្យ​មានអ​តុល្យភាព​នៃ​អ័រម៉ូន​។ ដើម្បី​ចៀសវាង​រឿងនេះ យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ផង​ដូចជា គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ និង​ខ្លាញ់​ល្អៗ​។

ធាត់​ពេក ឬ​ស្គម​ពេក​
វត្តមាន​នៃ​ជាតិ​ខ្លាញ់​ដ៏​ច្រើន​អាច​ធ្វើឲ្យ​អ័រម៉ូន​អេ​ស្ត្រូជែន​កើនឡើង ខណៈពេល​ដែល​ខ្វះ​ពេក​ក៏​អាច​បន្ថយ​អ័រម៉ូន​នេះ​ចេញពី​រាងកាយ រហូត​ដល់​ពន្យា​ពេល​នៃ​ការ​មក​រដូវ​ដែរ​។

ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​ខុស​ប្រក្រតី​
ក្រពេញ​ទី​រ៉ូ​អ៊ីត​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការរំលាយ​អាហារ លូតលាស់ និង​ការ​ធំធាត់​។ ជាទូទៅ ការ​កង្វះ​អ័រម៉ូន​នេះ នឹង​ធ្វើឲ្យ​ការជ្រុះ​អូ​វ៉ុល​មាន​បញ្ហា​បាន​។

អតុល្យភាព​អ័រម៉ូន​
រោគសញ្ញា​នៃ​ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​គឺជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​មានអ​តុល្យភាព​ក្នុង​អ័រម៉ូន​ភេទ​។ រោគសញ្ញា​របស់​វា​មានដូចជា ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់ និង​ដុះ​រោម​ច្រើន​លើ​មុខ និង​ទ្រូង​។

ពន្យា​កំណើត​
ភាគច្រើន​ថ្នាំ​គ្រាប់​ពន្យា​កំណើត​គឺជា​ការ​ផ្សំ​ចូល​គ្នា​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​ប្រូជេ​ស្ទី​ន ដែល​អាច​មាន​លទ្ធភាព​រំខាន​ដល់​ការ​មាន​ផ្ទៃពោះ​បាន​។

គិត​ច្រឡំ​
ពេលខ្លះ វា​អាច​នឹង​មាន​ការគិត​លេខ​ច្រឡំ​ដែរ​។ ជាទូទៅ ស្ត្រី​គឺ​មក​រដូវ​ធម្មតា​រយៈពេល ២៨​ថ្ងៃ ខណៈពេល​ដែល​ស្ត្រី​ខ្លះ​ទៀត​មក​រដូវ​យូរ​ជាង​នេះ ឬ​លឿន​ជាង​នេះ ប៉ុន្តែ​គឺជា​រឿង​ធម្មតា​ទេ​៕