ចង់ដោះស្រាយបញ្ហាក្រចកលឿងមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. ក្រូចឆ្មារនិងម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅ Baking soda ឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកប្រើប្រាស់ច្រាស់ដុសធ្មេញជ្រលក់ក្នុងល្បាយនិងដុសថ្នមៗលើក្រចក។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូ និងទឹកធម្មតា។ អ្នកអាចអនុវត្តបានច្រើនដងក្នុងមួយថ្ងៃតាមតម្រូវការ។
២. ទឹកខ្មេះពណ៌ស
គ្រាន់តែបន្ថែមទឹកខ្មេះពណ៌សពី ២ ទៅ ៣ដំណក់ ឬ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ចានគោមតូច។ កូរឱ្យសព្វ សឹមត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេល ៨នាទី។ លាងសម្អាតចេញតាមក្រោយជាមួយទឹកធម្មតានិងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។
៣. ថ្នាំដុសធ្មេញប្រភេទជួយឱ្យធ្មេញស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ច្រាស់ដុសធ្មេញតូចមួយដាក់ថ្នាំដុសធ្មេញប្រភេទធ្វើឱ្យធ្មេញស រួចដុសថ្នមៗលើក្រចកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសថ្នាំដុសធ្មេញដែលមានផ្ទុកម្សៅ Baking soda។
៤. ក្រូចឆ្មារនិងអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលបន្តិចលើក្រូចឆ្មារម្ខាង រួចដុសថ្នមៗលើម្រាមដៃសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញតាមក្រោមជាការស្រេច។
៥. ចៀសវាងប្រើប្រាស់ថ្នាំលាបក្រចកជាប្រចាំ
នេះក៏ព្រោះតែថ្នាំលាបក្រចកភាគច្រើនមានផ្ទុកសារធាតុគីមី ពិសេសថ្នាំលាបក្រចកដែលមានពណ៌ដិតៗពិតជាអាចបង្កស្នាមប្រឡាក់ពណ៌លឿងលើក្រចក។ ទោះជាយ៉ាងណាភាពឡើងលឿងនៃក្រចកដែលបណ្ដាលមកពីទឹកថ្នាំលាបក្រចកមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ផ្ដល់ពេលខ្លះឱ្យក្រចកបានសម្រាកដោយបញ្ឈប់ការប្រើប្រាស់ទឹកថ្នាំលាបក្រចកមួយរយៈ រហូតដល់ក្រចកលូតលាស់ផុតលែងមានស្នាមពណ៌លឿង៕