ទោះបីជាឧស្សាហ៍ទទួលទានខ្ទឹមបារាំង ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមើមនេះមិនត្រឹមតែអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ តែក៏ល្អណាស់ដែរចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើខ្ទឹមបារាំងអាចត្រូវបានយកមកប្រើដោះស្រាយបញ្ហាសម្រស់អ្វីខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ខ្ទឹមបារាំងថែរក្សាសម្រស់ ៖
១. កម្ចាត់ស្នាមអ៊ុចខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់និងយ៉ាអួរស្រស់ៗក្នុងបរិមាណស្មើគ្នាឱ្យសព្វ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខដោយប្រើចលនាបែបរង្វង់ថ្នមៗសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលកាន់តែប្រសើរ។
២. ប្រឆាំងអាការៈទំពែង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមបារាំងមួយចំនួនរួចពូតច្របាច់យកទឹកខ្ទឹមបារាំងស្រស់នោះមកលាបម៉ាស្សាលើតំបន់ស្បែកក្បាលដែលទទួលរងផលប៉ះពាល់។ លាងសម្អាតចេញជាមួយទឹកធម្មតា ឬប្រើប្រាស់សាប៊ូកក់សក់កម្រិតស្រាលកក់សម្អាតសក់ចេញដើម្បីបំបាត់ក្លិនខ្ទឹម។
៣. សម្រាប់ជួយឱ្យស្បែកក្មេងជាងវ័យនិងភ្លឺរលោង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធ ២ស្លាបព្រាបាយជាមួយទឹកខ្ទឹមបារាំងស្រស់ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកចាប់ផ្ដើមលាបល្បាយលើស្បែកមុខនិងកដោយប្រុងប្រយ័ត្នកុំឱ្យចូលភ្នែក។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. សម្រាប់ជួយឱ្យសក់ដុះក្រាស់ជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ចំនួន ២ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបលើសក់ ហើយទុកចោលសម្រាប់រយៈពេល ១៥ នាទី។ បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូដូចធម្មតាជាការស្រេច។ អនុវត្ត ១ ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចប្រើប្រាស់ទឹកខ្ទឹមបារាំងស្រស់តែមួយមុខ ដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបកសំបកខ្ទឹមបារាំង រួចចិញ្ច្រាំជាចំណិតតូចៗ បន្ទាប់មកចាប់ផ្ដើមច្របាច់យកទឹកខ្ទឹមបារាំងមកលាបម៉ាស្សាលើស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី ឬយូរជាងនេះ សឹមកក់សម្អាតចេញជាមួយសាប៊ូដូចធម្មតាជាការស្រេច។
៥. ដើម្បីផ្ដល់សារធាតុចិញ្ចឹមដល់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ ជាមួយស៊ុត ១ គ្រាប់។ កូរឱ្យសព្វ សឹមលាបល្បាយឱ្យពេញសក់ពីគល់ដល់ចុង។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី ដោយពាក់មួកផ្លាស្ទិកងូតទឹកគ្របសក់ឱ្យជិត រួចសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច
៦. កម្ចាត់អង្កែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ទឹមបារាំងស្រស់ចំនួន ៣ ស្លាបព្រាបាយ ជាមួយប្រេងអូលីវចំនួន កន្លះស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកក្បាលថ្នមៗ។ ទុកចោលសម្រាប់រយៈពេល ២ ម៉ោង សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាលគ្មានសារធាតុគីមី។អនុវត្តរូបមន្តនេះឱ្យបានទៀងទាត់ ដើម្បីរក្សាបាននូវសុខភាពសក់ល្អរឹងមាំស្បែកក្បាលគ្មានអង្កែ។
៧. ព្យាបាលបំបាត់អាចម៍រុយលើស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងមួយបន្ទះក្រាស់ រួចដុសវាលើអាចម៍រុយ។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៨. រក្សាសុខភាពអញ្ចាញបង្កើនភាពស្រស់ស្អាតនៃស្នាមញញឹម
នៅរាល់ពេលផ្នែកណាមួយនៃអញ្ចាញរងការរលាកនិងឈឺចាប់ គ្រាន់តែលាបម៉ាស្សាទឹកខ្ទឹមបារាំងស្រស់ពីលើជាការស្រេច។ រងចាំរយៈពេលឱ្យបានប៉ុន្មាននាទីសិន សឹមទទួលទានអាហារ ឬភេសជ្ជៈផ្សេងៗដើម្បីទុកពេលឱ្យទឹកខ្ទឹមបារាំងស្រស់កម្ចាត់រាល់បាក់តេរីនិងការរលាក។ ជាលទ្ធផលអ្នកនឹងទទួលបានអញ្ចាញមានសុខភាពល្អដែលចាំបាច់សម្រាប់សុខភាពធ្មេញផងដែរ។
៩. កម្ចាត់មុន
ទឹកខ្ទឹមបារាំងស្រស់មានសមត្ថភាពកម្ចាត់បាក់តេរីនិងព្យាបាលការរលាក ដូច្នេះវាល្អណាស់សម្រាប់ព្យាបាលមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ទាប់ពីលាងសម្អាតស្បែកមុខរួចជាមួយផលិតផលលាងសម្អាតមុខដែលអ្នកប្រើជាប្រចាំរួច ចូរប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកខ្ទឹមបារាំងស្រស់ និងលាបផ្ដិតៗលើតំបន់ស្បែកដែលមានបញ្ហា។ លាងសម្អាតចេញក្រោយរយៈពេលពី ២ ទៅ ៣ នាទី ឬនៅពេលអ្នកមានអារម្មណ៍ចាក់ឆៀបៗ។
១០. បន្ថយស្នាមសំលាក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកខ្ទឹមបារាំងស្រស់លើស្នាមសំលាកខ្មៅៗនោះឱ្យបានច្រើនដងក្នុងមួយថ្ងៃ។ អនុវត្តជាប្រចាំរហូតសម្គាល់ឃើញមានភាពប្រសើរឡើង សឹមប្ដូរមកអនុវត្តរូបមន្តនេះត្រឹមតែម្ដងក្នុងមួយថ្ងៃវិញ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកខ្ទឹមបារាំងស្រស់ផងដែរដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរយ៉ាងឆាប់រហ័ស។
១១. កម្ចាត់សក់ស្កូវ
អ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកខ្ទឹមបារាំង និងកិនសាច់របស់វា។ បន្ទាប់មកម៉ាស្សាខ្ទឹមបារាំងដែលកិនហើយលើស្បែកក្បាល និងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចគ្រប់ក្បាលជាមួយមួកផ្លាស្ទិកពាក់ងូតទឹកដើម្បីការពារកុំឱ្យខ្ទឹមហៀរចូលភ្នែក។ លាងសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ ដើម្បីកម្ចាត់ក្លិនខ្ទឹម។ អនុវត្តរូបមន្តនេះរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ សប្តាហ៍ទើបទទួលបានប្រសិទ្ធិភាពប្រសើរ៕