ទម្លាប់នៃការរស់នៅ របស់អ្នកបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅសុខភាព។ ទម្លាប់ខ្លះបានអូសទាញសុខភាពអ្នកអោយធ្លាក់ចុះ ហើយទម្លាប់ខ្លះទៀតបានជម្រុញសុខភាពអ្នកយ៉ាងល្អប្រសើរ។ តើទម្លាប់អ្វីខ្លះជួយឲ្យអ្នកមានសុខភាពល្អ?
.អាហារពេលព្រឹក
អាហារពេលព្រឹក មានដំណើរការមេតាប៉ូលិស និងចៀសវាងញ៉ាំអាហារច្រើននៅពេលបន្ទាប់។ ការសិក្សាមួយចំនួនបានកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំអាហារពេលព្រឹកអាចបំពេញការងារបានល្អជាងអ្នកមិនញ៉ាំ។ ដោយឡែកក្មេងដែលញ៉ាំអាហារពេលព្រឹក ប្រឡងបានលទ្ធផលល្អជាងក្មេងមិនបានញ៉ាំ។
.ផែនការអាហារ
ការគិតទុកមុនថាត្រូវញ៉ាំអ្វី អាចជួយយើងដឹងថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ។ ការមានផែនការអាហារ ជួយឲ្យយើងអាចគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ ហើយសុខភាពក៏ល្អទៅតាមនោះដែរ។
.ផឹកទឹកគ្រប់គ្រាន់
ការផឹកទឹកបានច្រើន មិនត្រឹមតែជួយរក្សារាងកាយមិនឲ្យខ្វះជាតិទឹកនោះទេ តែថែមទាំងអាចជួយឲ្យយើងស្រកគីឡូដែរ។ ការបំពេញជាតិទឹកដល់រាងកាយ មិនមែនតែការផឹកទឹកតែមួយមុខនោះទេ តែយើងអាចញ៉ាំផ្លែឈើដូចជាផ្លែក្រូច ឪឡឹក ឬត្រសក់បន្ថែម មិនមែនភេសជ្ជៈកំប៉ុងឫប៉ូវកម្លាំងនោះទេ។
.ហាត់ប្រាណ
ការហាត់ប្រាណដូចជា រត់ រាំ ឬ ជិះកង់ សុទ្ធតែមានប្រយោជន៍ ដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ បើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បី រត់ ឬជិះកង់ ចូរដើរប្រហែល៣០នាទីក្នុងមួយថ្ងៃ ក៏មានប្រយោជន៍ចំពោះសុខភាពដូចគ្នា។
.ហាមជក់បារី
បើសិនជាយើងជាអ្នកជក់បារី គួរបញ្ឈប់ឥឡូវនេះ។ ការឈប់ជក់បារី នឹងជួយឲ្យសុខភាពយើងបានល្អឡើងវិញ ព្រោះថារាងកាយយើងនឹងជួសជុលការខូចបានបានលឿន។
.គេងបានគ្រប់គ្រាន់
ការគេងបានស្កប់ស្កល់ និងគ្រប់គ្រាន់ជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ មានការផ្ដោតអារម្មណ៍បានល្អ និងអាចជួយឲ្យយើងរៀនអ្វីថ្មីបានលឿន ព្រមទាំងបន្ថយហានិភ័យកើតជំងឺបេះដូងទៅថ្ងៃមុខផងដែរ។ ក្នុងមួយយប់ យើងគួរគេងឲ្យបានចន្លោះពី៧ ទៅ៩ម៉ោង៕