ធ្លាប់ដឹងទេថារបបអាហារក៏អាចជួយបំបាត់ការឈឺចាប់បានដែរ? ជាញឹកញយនៅពេលមានអារម្មណ៍ឈឺចាប់ភាគច្រើននៃពួកយើង គឺតែងតែជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់មកដោះស្រាយបញ្ហា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជះឥទ្ធិពលមិនល្អច្រើនចំពោះសុខភាពមិនដូចអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារធម្មតាៗ ប៉ុន្តែអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ ៖
១. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយភាពឡើងរឹងនិងឈឺសន្លាក់បានយ៉ាងប្រសើរ។ ក្រៅពីមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ហើយនោះ អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានក្នុងគ្រាប់ធញ្ញជាតិ អយស្ទ័រ និងគ្រាប់ជីជាដើមផងដែរ។ ដូច្នេះដើម្បីបំបាត់ការឈឺចាប់កុំភ្លេចទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។
២. ខ្ញី
ការរលាកជាប្រភពចម្បងមួយនៃបញ្ហាឈឺចាប់ ហើយខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុជួយបំបាត់ការឈឺចាប់រួមមានសមាសធាតុ zingerone សមាសធាតុ shogaols និងសមាសធាតុ paradols។
៣. រមៀត
រមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងអាការៈឈឺចាប់ ដោយសារតែការរលាកក្នុងរាងកាយ ចូរបន្ថែមរមៀតមួយចំនួនក្នុងអាហារ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរអោយកត់សម្គាល់។
៤. ខ្ទឹមស
ក្រៅពីអាចប្រឆាំងការរលាកក្នុងរាងកាយ ខ្ទឹមសក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងសារធាតុ sulfur ដែលកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ ហើយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៥. ល្ហុង
ផ្លែឈើនេះមានផ្ទុកអង់ស៊ីមពិសេសម្យ៉ាងហៅថា Papain ដែលដើរតួនាទីជាភ្នាក់ងាយប្រឆាំងការរលាក។ Papain ជាញឹកញយត្រូវបានប្រើដើម្បីបន្ថយការឈឺចាប់និងការហើមក្រោយពេលវះកាត់។ អ្នកអាចទទួលទានផ្លែល្ហុងរាល់ថ្ងៃដើម្បីបន្ថយ ឬបំបាត់ការឈឺចាប់។
៧. ផ្លែចេក
ការទទួលទានចេកនឹងជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ។ នោះក៏ព្រោះតែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវគួរអោយកត់សម្គាល់។
សម្គាល់៖ ប្រសិនបើការឈឺចាប់មិនព្រមថមថយសោះ ជាពិសេសកាន់តែឈឺខ្លាំងឡើងទោះបីជាអ្នកបានផ្លាស់ប្ដូររបបអាហារត្រឹមត្រូវគួបផ្សំជាមួយការធ្វើលំហាត់ប្រាណទៀតទាត់ហើយនោះ ចូរកុំស្ទាក់ស្ទើនឹងការជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕