បញ្ហាឡើងសក់ឡើងប្រេងខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាសក់ឡើងប្រេង ៖

១. ចៀសវាងកក់សក់រាល់ថ្ងៃ

ការកក់សក់រាល់ថ្ងៃអាចបណ្ដាលឱ្យជាតិប្រេងធម្មជាតិពីសក់និងស្បែកក្បាលត្រូវបានជម្រះ។ ជាលទ្ធផលស្បែកក្បាលនឹងព្យាយាមផលិតជាតិប្រេងកាន់តែច្រើនដើម្បីរក្សាសំណើមដល់ឬសក់។

២. ប្រើប្រាស់សាប៊ូកក់សក់ដែលផលិតសម្រាប់សក់ឡើងប្រេង

ការជ្រើសរើសប្រភេទនៃសាប៊ូបានត្រឹមត្រូវក៏ជួយបំបាត់បញ្ហាសក់ឡើងប្រេងឆាប់រហ័សផងដែរ។ ជាធម្មតាសាប៊ូកក់សក់ដែលផលិតសម្រាប់សក់ឡើងប្រេងមានប្រសិទ្ធភាពកម្ចាត់ជាតិប្រេងដែលច្រើនលើស ព្រមទាំងពន្យឺតការផលិតជាតិប្រេងផងដែរ។

៣. លាងសាប៊ូចេញឱ្យជ្រះស្អាត

ការលាងសម្អាតសក់មិនបានជ្រះសាប៊ូស្អាតអាចបណ្ដាលឱ្យក្រពេញ sebaceous ផលិតជាតិខ្លាញ់ ឬប្រេងកាន់តែច្រើនឡើងដើម្បីកម្ចាត់សារធាតុដែលជាប់លើស្បែកក្បាលនិងដើម្បីការពារសក់។

៤. ប្រើប្រាស់ក្រែមបន្ទន់តែលើចុងនៃសក់

ដើម្បីទប់ស្កាត់បញ្ហាសក់ឡើងប្រេងខ្លាំង អ្នកមិនគួរប្រើប្រាស់ក្រែមបន្ទន់ពេញដល់គល់នៃសក់ឡើយ ចូរលាបតែទៅលើចុងនៃសក់បានហើយ។

៥. ចៀសវាងយកដៃប៉ះសក់ញឹបញាប់

ភាគច្រើននៃពួកយើងចូលចិត្តប្រើប្រាស់ម្រាមដៃច្បូតសក់ ឬប៉ះសក់លេង។ ប៉ុន្តែទោះបីជាប្រើម្រាមដៃសារ៉េម៉ូដសក់ក៏ដោយ ក៏ទង្វើនេះអាចបណ្ដាលឱ្យសក់ឡើងប្រេងកាន់តែមើលទៅយ៉ាប់ខ្លាំងជាងមុន។ បញ្ហាជាមួយទម្លាប់នេះ គឺអ្នកកំពុងផ្ទេរអហវីដែលមានជាប់លើដៃទៅកាន់សក់ និងស្បែកក្បាលដែលនាំឱ្យស្ទះរន្ធញើសនៅតំបន់នេះ។ ជាលទ្ធផលជាតិប្រេងកាន់តែច្រើនត្រូវបានផលិត។

៦. ​​​ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាប៊ូកក់សក់ប្រភេទស្រាល ១ ពែងជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេអោយសព្វចូលគ្នា។ បន្ទាប់មកកក់សក់ជាមួយសាប៊ូដែលលាយរួចដូចពេលធម្មតាអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។ សម្រាប់សាប៊ូដែលនៅសល់អ្នកអាចចាក់ចូលក្នុងដបស្អាតមួយរួចដាក់ចូលក្នុងទូរទឹកកកដើម្បីរក្សាទុកប្រើពេលក្រោយបានយូររហូតដល់ទៅ ១ សប្តាហ៍។ 

៧. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី​​​ ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៨. ទឹកក្រូចឆ្មារស្រស់

ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តអោយបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍៕

សម្គាល់៖ អ្នកក៏ចាំបាច់គួរចៀសវាងអាហារមួយចំនួនផងដែរ

១. ស្ករស

អ័រម៉ូន គឺជាអ្នកបញ្ជូនសាររបស់រាងកាយដែលជួយក្នុងការគ្រប់គ្រងសឹងគ្រប់ដំណើរការកើតឡើងក្នុងរាងកាយ។ ដូច្នេះហើយទើបវាសំខាន់ណាស់ក្នុងការរក្សាបាននូវតុល្យភាពនៃអ័រម៉ូន។ ស្ករសមិនមែនជាផលិតផលមួយដែលជួយអ្វីបានក្នុងដំណើរការនេះឡើយ ក្រៅពីបង្កបញ្ហាអតុល្យភាពអ័រម៉ូនទៅវិញ។ ជំនួសឱ្យការជួយដោះស្រាយបញ្ហា ស្ករបែរជាបង្ក​ឱ្យកើតមានដំណើរការនៃការរលាកក្នុងរាងកាយ និងបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ហើយថែមទាំងក្រពេញឱ្យផលិតប្រេងកាន់តែច្រើនឡើងទៀតផង។

២. សាច់សម្បូរខ្លាញ់

សាច់សម្បូរខ្លាញ់ត្រូវបានរំលាយបំបែកដោយរាងកាយទៅជាជាតិប្រេង និងខ្លាញ់ ដូច្នេះហើយការទទួលទានច្រើនពេកអាចធ្វើឱ្យមានបញ្ហាសក់ឡើងប្រេងខ្លាំងជាមិនខាន។ លើសពីនេះទៅទៀតរាងកាយក៏ពិបាកនឹងរំលាយសាច់សម្បូរខ្លាញ់ផងដែរ។

៣. ជាតិកាបូអ៊ីដ្រាតចម្រាញ់

កាបូអ៊ីដ្រាតចម្រាញ់ជាប្រភេទនៃកាបូអ៊ីដ្រាតមិនល្អចំពោះសុខភាព។ ឧទាហរណ៍ដ៏ល្អមួយនៃអាហារដែលមានផ្ទុកជាតិកាបូអ៊ីដ្រាតចម្រាញ់ គឺនំបុ័ងដែលផ្សំឡើងពីម្ស៉ៅនំបុ័ងពណ៌សមិនមែនម្ស៉ៅស្រូវសាឡី។ ការទទួលទានជាតិកាបូអ៊ីដ្រាតមិនល្អច្រើនអាចបណ្ដាលឱ្យក្រពេញប្រេង ឬខ្លាញ់ផលិតហួសតម្រូវការដែលជាលទ្ធផលនៃស្បែកក្បាល និងសក់ឡើងប្រេង ក៏ដូចជាអង្គែខ្លាំង។

៤. អាហារចៀន ឬបំពង

មិនថាអាហារបំពង ឬចៀនប្រភេទណាក៏ដោយ ជាពិសេសមានជាប់ជាតិខ្លាញ់ខ្លាំង និងអាហារ fast food ការទទួលទានច្រើនពេកបង្កបញ្ហាជាច្រើនចំពោះសុខភាព ក៏ដូចជាការផលិតជាតិប្រេងនៃក្រពេញប្រេង ឬខ្លាញ់ក្នុងរាងកាយផងដែរ។ ជាតិប្រេង ឬខ្លាញ់ដែលវាផលិតគ្រប់ដណ្ដប់លើស្បែករបស់យើង រួមបញ្ចូលទាំងស្បែកក្បាល។ ដូច្នេះជៀសវាងទទួលទានអាហារ fast food ដូចជា បឺហ្គឺរ នៅពេលល្ងាចក៏ព្រោះវាអាចបណ្ដាលឱ្យសក់រញ៉េរញ៉ៃស្អិតពេញមួយយប់។ ដូច្នេះដើម្បីរក្សាសុខភាពសក់ល្អប្រសើរ, ដោះស្រាយបញ្ហាសក់ឡើងប្រេង និងអង្គែ ក៏ដូចជាទប់ស្កាត់បញ្ហាកុំឱ្យកើតឡើង កុំទទួលទានអាហារប្រភេទនេះច្រើនពេក ដោយជំនួសមកវិញនូវអាហារសុខភាពល្អ។

៥. ផលិតផលផ្សំឡើងពីទឹកដោះគោ

ការទទួលទានផលិតផលគ្រប់ប្រភេទដែលផ្សំឡើងពីទឹកដោះគោជាកត្តាចម្បងមួយនៃបញ្ហាទាក់ទងនឹងការផលិតជាតិប្រេង ឬខ្លាញ់លើសបន្ថែម។ នោះក៏ព្រោះតែផលិតផលផ្សំឡើងពីទឹកដោះគោដូចជា ទឹកដោះគោស្រស់ បឺរ និងឈីសត្រូវបានរំលាយបំបែកដោយរាងកាយទៅជាជាតិប្រេងនិងខ្លាញ់ ការទទួលទានច្រើនពេកធ្វើឱ្យសក់របស់អ្នកឡើងស្អិតៗ ហើយកើតមុនលើផ្ទៃមុខថែមទៀត។ អាហារប្រភេទនេះក៏មានផ្ទុកសារធាតុដែលបង្កើនបរិមាណនៃអ័រម៉ូន  testosterone ដែលប៉ះពាល់ដល់ការផលិតជាតិខ្លាញ់បន្ថែម។ ដូច្នេះហើយទើបទឹកដោះគោផ្ទុកជាតិខ្លាញ់ពេញក្ដៅៗមួយកែវនៅពេលល្ងាច ឬមុនពេលចូលគេង តម្រូវឱ្យអ្នកត្រូវកក់សក់នៅព្រឹកបន្ទាប់។

៦.​ អំបិល

ការទទួលទានអំបិលច្រើនពេកមិនត្រឹមបង្កការហើម ស្នាមថ្នក់ក្រោមភ្នែក អង្គែស្បែកក្បាល និងខ្សោះជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ក្រពេញខ្លាញ់ ឬប្រេងផងដែរ។ នោះក៏ព្រោះតែរាងកាយត្រូវបង្កើនការផលិតជាតិខ្លាញ់ ឬប្រេងកាន់តែច្រើនដើម្បីទប់ទល់ការខ្សោះជាតិទឹកបណ្ដាលឱ្យសក់ប្រែជាស្អិត និងឡើងប្រេង ជាពិសេសអ្នកដែលងាយប្រឈមមុខនឹងបញ្ហានេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង