ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការគេងមិនគ្រប់ គឺអាចផ្ដល់ផលប៉ះពាល់ចំពោះសុខភាពគួរឲ្យព្រួយបារម្ភ ប៉ុន្តែចុះប្រសិនបើគេងលើសពី ៨ ម៉ោងវិញនោះថាតើល្អ ឬអាក្រក់ទៅ? (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ពិតណាស់ ការគេងលើសពី ៨ ម៉ោង ក្នុងមួយយប់មិនល្អចំពោះសុខភាពដូចនឹងការគេងមិនគ្រប់ដូច្នោះដែរ។ ឆ្ងល់ថាការគេងលើសម៉ោងច្រើនពេកផ្ដល់ផលប៉ះពាល់អ្វីខ្លះមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពមួយចំនួនដែលអ្នកអាចនឹងជួបប្រទះ ឬប្រឈមមុខ ប្រសិនបើគេងយូរពេក ៖

១. ឡើងទម្ងន់ 

ការសិក្សាស្រាវជ្រាវផ្សេងៗគ្នាជាច្រើនបានបង្ហាញថា ការគេងមិនគ្រប់ ឬគេងយូរពេក មានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងជំងឺទឹកនោមផ្អែម និងជំងឺធាត់ជ្រុល។

២. ជំងឺធ្លាក់ទឹកចិត្ត 

ជាញឹកញយ អ្នកដែលទទួលរងជំងឺធ្លាក់ទឹកចិត្ត គឺតែងជួបប្រទះបញ្ហានៃការគេង។ ជួនកាលចំពោះករណីខ្លះ អ្នកជំងឺគេងច្រើនលើសធម្មតា។ វាជាវដ្តដ៏គួរឲ្យព្រួយបារម្ភមួយ ក៏ព្រោះការគេងយូរអាចបណ្តាលឱ្យមានអារម្មណ៍ថា អស់សង្ឃឹម និងអស់កម្លាំង។ អ្នកគេងកាន់តែច្រើន ឬយូរ ហើយមិនចង់ងើបពីគ្រែនៅពេលព្រឹក ពិភពលោក ក៏ដូចជាទេសភាព បរិយាកាសខាងក្រៅ មិនធ្វើឱ្យអ្នកមានអារម្មណ៍រំភើប ឬស្រស់ស្រាយដូចធម្មតា ទាំងនេះហើយជារោគសញ្ញាបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។

៣. ជំងឺបេះដូង

​ប្រសិនបើអ្នកគេងយូរពេកនោះ អ្នកនឹងមិនត្រឹមតែបាត់បង់ ឬខាតនូវពេលវេលាដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនឹងប្រឈមមុខជាមួយបញ្ហានៃជំងឺបេះដូងផងដែរ។ ការគេងលើសពី ៨ ម៉ោងក្នុងមួយយប់ បង្កើនហានិភ័យនៃការស្លាប់ដោយសារបញ្ហាបេះដូងដល់ទៅ ៣៤ ភាគរយ។

៤. ឈឺក្បាល

គេងមិនគ្រប់អាចបណ្ដាលឲ្យឈឺក្បាល ប៉ុន្តែបញ្ហានេះក៏កើតឡើងផងដែរនៅពេលអ្នកគេងយូរពេក។ មូលហេតុនោះ គឺការគេងយូរប៉ះពាល់ដល់សរសៃប្រសាទនៅក្នុងខួរក្បាល និងកម្រិតអ័រម៉ូន serotonin។

៥. បញ្ហាទាក់ទងនឹងការចងចាំ

យោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថា ការគេងយូរប៉ះពាល់ដល់ដំណើរមុខងារនៃខួរក្បាលបាត់បង់សមត្ថភាពក្នុងការផ្ដោត ឬប្រមូលផ្ដុំអារម្មណ៍ និងចងចាំពត៌មានផ្សេងៗ។

៦. ជំងឺគេងមិនលក់

ស្ដាប់ទៅដូចមិនសម ប៉ុន្តែជួនកាលជំងឺគេងមិនលក់ គឺបណ្ដាលមកពីទម្លាប់មិនល្អរួមគ្នាជាមួយសកម្មភាពផ្សេងៗ និងការគេង។ ឧទាហរណ៍ ប្រសិនបើអ្នកយូរគេងនៅពេលយប់ ហើយសម្រេចចិត្តថាចាំគេងឲ្យយូរនៅថ្ងៃបន្ទាប់នោះអ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ជាមិនខាន។ ត្រឹមតែរយៈពេល ២ថ្ងៃ គឺគ្រប់គ្រាននឹងធ្វើឲ្យរាងកាយយល់ច្រឡំពេលវេលាចូលគេង ហើយអ្នកប្រាកដជាជួបប្រទះបញ្ហាទាក់ទងជាមួយការគេងមិនខានឡើយ៕