ការដុសសម្អាតធ្មេញយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ គឺពិតជាចាំបាច់ណាស់ដើម្បីរក្សាអនាម័យមាត់ធ្មេញ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាតើគួរដុសសម្អាតធ្មេញមុន ឬក្រោយពេលទទួលទានអាហារពេលព្រឹកទើបប្រសើរ។ ហើយថាតើគួរដុសធ្មេញភ្លាមៗក្រោយញ៊ាំអាហារ ឬយ៉ាងណា? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបកស្រាយចម្ងល់របស់លោកអ្នក ៖
- ពេលវេលាដ៏ល្អបំផុតសម្រាប់ការដុសសម្អាតធ្មេញ
មនុស្សភាគច្រើនកំណត់ពេលវេលាជាក់លាក់មួយដើម្បីដុសសម្អាតធ្មេញរាល់ថ្ងៃដោយប្រកាន់ខ្ជាប់ជាទម្លាប់។ ហើយជាធម្មតាពួកគេតែងដុសសម្អាតធ្មេញនៅរាល់ព្រឹកក្រោយភ្ញាក់ពីគេង និងរាល់យប់មុនពេលចូលគេង។ ប៉ុន្តែថាតើការដុសសម្អាតធ្មេញនៅព្រឹកគួរដុសមុន ឬក្រោយពេលញ៊ាំអាហារពេលព្រឹក? អ្នកជំនាញបានអះអាងថា អ្នកគួរតែងតែដុសសម្អាតធ្មេញនៅមុនពេលញ៊ាំអាហារពេលព្រឹកទើបប្រសើរ។
- អត្ថប្រយោជន៌នៃការដុសសម្អាតធ្មេញមុនញ៊ាំអាហារពេលព្រឹក
នៅពេលគេងបាក់តេរីក្នុងមាត់នឹងកើនឡើង។ ហើយបាក់តេរីនេះ គឺទទួលខុសត្រូវលើការបង្កជាកំណកកំបោរជាប់ធ្មេញដែលជាមូលហេតុធ្វើឱ្យអ្នកតែងក្រោកមកមានក្លិនខ្យល់ដង្ហើមមិនល្អ ព្រមជាមួយរសជាតិអាក្រក់ក្នុងមាត់។ ប្រសិនបើអ្នកដុសសម្អាតធ្មេញភ្លាមៗក្រោយពេលក្រោកពីគេង ធ្មេញរបស់អ្នកនឹងទទួលបាននូវរបាំងការពារពីសារធាតុ fluoride មុនពេលទទួលទានអាហារ។ សារធាតុ fluoride ជួយកម្ចាត់ ក៏ដូចជាទប់ស្កាត់កំណកកំបោរ និងបាក់តេរី។
- ថាតើគួរដុសធ្មេញភ្លាមៗក្រោយញ៊ាំអាហារល្អឬអត់?
ការដុសសម្អាតធ្មេញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានក្រោយទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ គឺពិតជាល្អ។ ការធ្វើបែបនេះនឹងជួយកម្ចាត់ជាតិស្ករមុនពេលបាក់តេរីបង្កការបំផ្លាញដល់ធ្មេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរដុសសម្អាតធ្មេញភ្លាមៗក្រោយទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិអាស៊ីតឡើយ។ ដើម្បីជាការប្រសើរអ្នកគួររងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ នាទីសិន សឹមដុសសម្អាតធ្មេញក្រោយពេលទើបទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិអាស៊ីត ដូចជាកាហ្វេ និងទឹកក្រូចស្រស់។ ការដុសសម្អាតធ្មេញភ្លាមៗក្រោយពេលទទួលទានអាហារនិងភេសជ្ជៈប្រភេទនេះអាចជះផលប៉ះពាល់ដល់កាចាធ្មេញ។
- គន្លឹះសម្រាប់អ្នកដែលនៅតែចង់ដុសសម្អាតធ្មេញក្រោយញ៊ាំអាហារពេលព្រឹក និងគន្លឹះបន្សាបជាតិអាស៊ីតក្នុងមាត់ក្រោយទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុក
១. រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ នាទី ក្រោយទទួលទានអាហារ។
២. ដើម្បីសម្អាតធ្មេញនិងរសជាតិអាក្រក់ក្នុងមាត់ ចូរទទួលទានទឹកធម្មតា ១កែវ ឬទំពារស្ករកៅស៊ូគ្មានជាតិស្ករ។
៣. ប្រយ័ត្នក្នុងការទទួលទានអាហារនិងភេសជ្ជៈមួយចំនួនមានផ្ទុកជាតិអាស៊ីតរួមបញ្ចូលទាំងនំប័ុង ផ្លែឈើក្រៀម ផ្លែឈើប្រភេទ citrus និងទឹកក្រូចស្រស់។ ប្រសិនបើទទួលទានកំឡុងពេលអាហារពេលព្រឹក ចូរប្រាកដថាអ្នកបានរងចាំយូរបន្តិចទើបដុសសម្អាតធ្មេញ៕