ប្រសិនបើអ្នករបួស ឬប្រើប្រាស់កែងជើងខ្លាំងពេកអ្នកនឹងជួបប្រទះអាការៈឈឺចាប់កែងជើងជាក់ជាមិនខាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាឈឺកែងជើងមិនពិបាកនឹងដោះស្រាយឡើយ ប៉ុន្តែគួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលអាការៈឈឺកែងជើង ៖

១. រមៀតលាយទឹកដោះគោស្រស់

អ្នកអាចលាយទឹកដោះគោ ១ពែងជាមួយម្សៅរមៀត ១ស្លាបព្រាកាហ្វេ។ បន្ទាប់មករម្ងាស់ដោយប្រើភ្លើងតិចៗសម្រាប់រយៈពេល ៥នាទី។ កុំភ្លេចបន្ថែមទឹកឃ្មុំឆៅបន្តិចដើម្បីបង្កើនឱជារស។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហយ៉ាងហោចណាស់ពី ២ ទៅ ៣ដងជាប្រចាំដើម្បីបំបាត់ការឈឺចាប់។ ជម្រើសម្យ៉ាងទៀត គឺអ្នកអាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រាប់ផ្សំឡើងពីរមៀត។

២. ទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំទឹកកកមួយកញ្ចប់លើកែងជើង។ ប្រសិនបើគ្មានកញ្ចប់ទឹកកកទេនោះអ្នកអាចរុំដុំទឹកកកក្នុងកន្សែងជំនួសក៏បាន។

៣. ស្អំលើដបទឹកកក

ជាដំបូងត្រូវបង្កកដបទឹកមួយសិន រួចប្រើប្រាស់កន្សែងរុំពីលើ បន្ទាប់មកដាក់បាតជើងលើដបទឹកកក។ ចាប់ផ្ដើមប្រើប្រាស់បាតជើងរមៀលដបទឹកយឺតៗចុះឡើងៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី សឹមផ្លាស់ប្ដូរជើង។

៤. ត្រាំជើងជាមួយអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិលចំនួនពី ២ ទៅ ៣ ស្លាបព្រាបាយក្នុងធុងទឹកក្ដៅឧណ្ហៗ រួចកូរឱ្យរលាយសព្វ សឹមត្រាំជើងក្នុងទឹកអំបិលនេះសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។

៥. ម៉ាស្សា

ជាវិធីដ៏ងាយនិងមានប្រសិទ្ធភាពខ្ពស់បំផុតមួយសម្រាប់បំបាត់អាការៈឈឺចាប់កែងជើង។ ការម៉ាស្សានឹងជួយសម្រួលសាច់ដុះ កាត់បន្ថយភាពឡើងរឹងតឹង បញ្ចេញសម្ពាធ និងធ្វើឱ្យចរន្តឈាមមានលក្ខណៈប្រសើរឡើង។ អ្នកអាចម៉ាស្សាកែងជើងឈឺពេលណាក៏បានមិនថាក្រោយពេលធ្វើលំហាត់ប្រាណ មុនពេលរត់ ឬមុនពេលចូលគេង។ ដើម្បីជាការប្រសើរអ្នកអាចប្រើប្រាស់ប្រេងដូង ប្រេងល្ង ឬប្រេងអូលីវយកមកលាបម៉ាស្សាលើកែងជើងសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។

៦. លំហាត់ប្រាណបែបសន្ធឹង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឈរ​បាតជើងទទេរទល់មុខប៉ុន្តែឆ្ងាយពីជញ្ចាំងបន្តិច។ ប្រើប្រាស់ដៃទាំងសងខាងសង្កត់ទៅជញ្ចាំងទប់ខ្លួន។ ឈានជើងម្ខាងទៅមុខ ហើយចាប់ផ្ដើមទ្រេតយឺតៗទៅជញ្ចាំងរហូតមានអារម្មណ៍តឹងសន្ធឹងផ្នែកខាងក្រោយនៃកែងជើងនិងជើង។ ទប់ខ្លួនបែបនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ វិនាទី សឹមប្ដូរខាង។ អនុវត្តឱ្យបាន ១០ ដងសម្រាប់ជើងម្ខាង។

៧. គ្រប់គ្រងទម្ងន់ឱ្យបានត្រឹមត្រូវ

ភាពធាត់ជ្រុល ឬលើសទម្ងន់អាចដាក់សម្ពាធជាខ្លាំងលើជើងនិងប្រអប់ជើង ហើយវាជាកត្តាចម្បងបំផុតមួយដែលនាំឱ្យកែងជើងប្រែជាឈឺចាប់។ ដើម្បីបំបាត់ភាពឈឺចាប់ ឬបញ្ហានេះអ្នកចាំបាច់ត្រូវរក្សាទម្ងន់ដោយសម្រកឱ្យបានត្រឹមត្រូវ។ ហើយដើម្បីអាចស្រកទម្ងន់ គឺទាមទារចាំបាច់ឱ្យអ្នកធ្វើយ៉ាងណារក្សាឱ្យបាននូវរបបអាហារសុខភាពល្អនិងលំហាត់ប្រាណទៀងទាត់ជាប្រចាំ៕