បញ្ហាផ្លូវភេទរបស់បុរសមានន័យថា ជាបញ្ហា ឬភាពគ្មានសមត្ថភាពទាំងឡាយណាដែលកំពុងតែកើតឡើងនៅក្នុងផ្នែកណាមួយនៃរាងកាយដែលធ្វើអោយរាំងស្ទះដល់ការសប្បាយដោយសកម្មភាពផ្លូវភេទរបស់ដៃគូររួមភេទទាំងពីរនាក់។ បុរសច្រើនតែមានបញ្ហាជាងគេជាមួយនឹង ការងាប់លិង្គ ,ភាពមិនធម្មតានៃការបាញ់ទឹកកាម ឬឈាប់ចេញទឹកកាមពេក, ទឹកកាមបាញ់ឡើងទៅលើចូលផ្លោកនោម និង ភាពមិនមានចំណង់ផ្លូវភេទ។
ថ្វីបើបញ្ហាទាំងឡាយនៃការអសម្តត្ថភាពផ្លូវភេទតែងតែអាចព្យាបាលបានភាគច្រើនក៏ដោយ ក៏មានមនុស្សជាច្រើនមានការអៀនខ្មាស់ក្នុងការនិយាយវាដោយបើកចំហរណាស់។ ការដែលនិយាយប្រាប់កាន់តែច្បាស់អំពីបញ្ហាសុខភាពផ្លូវភេទជាមួយនឹងជម្រើសព្យាបាលដែលអាចធ្វើបាននោះនឹងជួយអោយប្រាកដថាបុរសម្នាក់នោះនឹងមានភាពកាន់តែប្រសើជាងមុនបាន។
បញ្ហាផ្លូវភេទរបស់បុរស
ងាប់លិង្គ
ការងាប់លិង្គមានន័យថាបុរសមិនអាចធ្វើអោយលិង្គឡើងរឹងបាន ឬមិនអាចរក្សាការរឹងនោះអោយបានយូរគ្រប់គ្រាន់ក្នុងការរួមភេទ។ វាអាចកើតឡើងដោយសារតែបញ្ហាផ្លូវកាយ និងផ្លូវចិត្ត។ ជំងឺដូចជាក្រិនរឹងសរសៃឈាមដែលវាទៅរំខានដល់លំហូរឈាមធម្មតា, ជំងឺរ៉ាំរ៉ៃ, ការប្រើប្រាស់ថ្នាំ, សរសៃប្រសាទខុសធម្មតា និងជំងឺមួយប្រភេទឈ្មោះថា Peyronie’s Disease ដែលវាបន្សល់នូវជាលិកាសន្លាក់នៅក្នុងលិង្គ សុទ្ធតែជាមូលហេតុរាងកាយនៃការងាប់លិង្គទាំងអស់។ ចំពោះមូលហេតុផ្លូវចិត្តវិញមានដូចជា ស្ត្រេស, បាក់ទឹកចិត្ត និងការថប់អារម្មណ៍ ឬខ្លាចថាមិនអាចរួមភេទបានយ៉ាងល្អ។
ការបាញ់ទឹកកាមមិនធម្មតា
- ឆាប់ចេញទឹកកាមពេក៖ នៅពេលការបាញ់ទឹកកាមឆាប់កើតឡើងពេកទាំងមុន ឬសូកបញ្ចូលលិង្គបានបន្តិច សុទ្ធជាជាបញ្ហាមួយនេះហើយ។
- មិនអាចបាញ់ទឹកកាមបាន៖ នេះគឺជាបញ្ហាមួយដែលការបាញ់ទឹកកាមកើតឡើងយូរពេក។
- បាញ់ទឹកកាមឡើងទៅផ្លោកនោមវិញ៖ មានន័យថា ដល់ពេលបាញ់ទឹកកាម វាមិនបាញ់ចេញតាមបង្ហួរនោម បែរជាបាញ់ឡើងទៅក្នុងផ្លោកនោមទៅវិញ។
ការឆាប់ចេញទឹកកាមពេកជាបញ្ហាផ្លូវភេទដែលកើតមានជាញឹកញាប់បំផុតលើបុរស ហើយវាក៏បង្កឡើងដោយការថប់អារម្មណ៍នៅពេលរួមភេទផងដែរ។ ការឆាប់ចេញទឹកកាមពេក ឬមិនអាចបាញ់ទឹកកាមចេញបណ្តាលមកពីក្រោយការរប៉ះទង្គិចផ្លូវចិត្ត, កង្វះការទាក់ទាញសម្រាប់ដៃគូររួមភេទ ។ ការបាញ់ទឹកកាមឡើងទៅក្នុងផ្លោកនោមជាបញ្ហាតែងតែកើតមានជាញឹកញាប់បំផុតទៅលើបុរសមានជំងឺទឹកនោមផ្អែមព្រោះពួកគេមានបញ្ហាសរសៃប្រសាទដោយបង្កឡើងដោយជំងឺនេះ។ វាក៏កើតឡើងដែរលើបុរសដែលបានវះកាត់ផ្លោកនោម ឬក្រពេញប្រូស្តាត។
មិនមានចំណង់ផ្លូវភេទ
បើយើងនិយាយអោយសាមញ្ញទៅការដែលគ្មានចំណង់ផ្លូវភេទមានន័យថា ជាការថយចុះនៃការចង់ធ្វើសកម្មភាពផ្លូវភេទ។ រឿងនេះបណ្តាលមកពីកត្តាផ្លូវចិត្តដូចជា ការថប់អារម្មណ៍ ឬបាក់ទឹកចិត្ត ហើយកត្តាផ្លូវកាយវិញគឺ ជំងឺទឹកនោមផ្អែម, ជំងឺលើរាងកាយ, សម្ពាធឈាមឡើងខ្ពស់, ផលរំខានរបស់ថ្នាំ និងមានបញ្ហាខាងទំនាក់ទំនង។
ការព្យាបាលបញ្ហសុខភាពផ្លូវភេទរបស់បុរស
បញ្ហាផ្លូវភេទបុរសជាច្រើនអាចព្យាបាលបានតាមរយៈការរកឃើញនូវមូលហេតុផ្លូវកាយ ឬផ្លូវចិត្តរបស់គេ។ ការព្យាបាលមានដូចជា៖
- ការព្យាបាលជំងឺជាក់លាក់៖ ការព្យាបាលជំងឺដែលជាដើមហេតុគឺជាការព្យាបាលមូលហេតុនៃបញ្ហាផ្លូវភេទនោះហើយ។
- ការប្រើថ្នាំជាអ័រម៉ូនបំប៉ន៖ បុរសដែលមានកម្រិតអ័រម៉ូន Testosterone ចុះទាបអាចនឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលដោយប្រើអ័រម៉ូន Testosterone ជាប្រភេទថ្នាំបំប៉ន។
- ការព្យាបាលចិត្តសាស្ត្រ៖ ការអប់រំបុរសម្នាក់អំពីការរួមភេទ និងអាកប្បកិរិយាផ្លូវភេទអាចជួយអោយគាត់យកឈ្នះភាពភ័យខ្លាច និងភាពអសន្តិសុខរបស់គាត់បាន។ ចូរចាប់ផ្តើមដោយការនិយាយប្រាប់ដៃគូររបស់អ្នកអំពីអ្វីដែលអ្នកមានអារម្មណ៍ចំពោះការធ្វើសកម្មភាពផ្លូវភេទ និងយកឈ្នះរណាំងផ្លូវចិត្តអោយបាន។
- ជំនួយខាងមេកានិច៖ ការប្រើឧបករណ៍ពង្រីកលិង្គអាចនឹងមានប្រយោជន៍ចំពោះបុរសណាដែលងាប់លិង្គ។
បញ្ហាសុខភាពរបស់បុរសដែលកើតឡើងជាញឹកញាប់នោះគឺជាការមានទុក្ខកង្វល់ដ៏ធ្ងន់ធ្ងរ ហើយអាចនឹងធ្វើអោយទំនាក់ទំនងមានបញ្ហាបានទៀតបើសិនជាទុក្ខកង្វល់នោះកើតឡើងជាប់រហូត។ បើសិនជាបញ្ហាទាំងឡាយកើតឡើងយូរពេក យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលទៅ៕