ជាតិសរសៃច្រើនតែជាប់ទាក់ទងនឹងការបន្ទោបង់ច្រើន ប៉ុន្តែតើអ្នកជឿទេថា យើងត្រូវការជីវជាតិមួយនេះដើម្បីជួយសម្អាតប្រព័ន្ធរំលាយអាហារមនុស្សយើង។ ប្រព័ន្ធរំលាយអាហារដែលស្អាតល្អពិតជាអាចជួយបន្ថយការប្រឈមនឹងភាពធាត់ជ្រុល បញ្ហាបេះដូង និងបញ្ហាសុខភាពផ្សេងៗទៀតបាន ដោយសារយើងអាចបញ្ចេញកាកសំណល់កាន់តែច្រើនចេញពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។ បញ្ហាតែមួយគត់នោះគឺថា មនុស្សកាន់តែច្រើនមិនបានញ៉ាំអាហារមានជាតិសរសៃគ្រប់គ្រាន់ទេ ដូច្នេះពួកគេងាយនឹងមានជំងឺច្រើនណាស់។ ដើម្បីទទួលបានជាតិសរសៃគ្រប់គ្រាន់ យកល្អគួរតែជ្រើសរើសញ៉ាំអាហារ ៣ប្រភេទនេះ ព្រោះវាត្រូវបានគេរកឃើញថា មានជាតិសរសៃខ្ពស់ និងគួរឲ្យភ្ញាក់ផ្អើល។

ប្រូខូលី

ប្រូខូលីផ្ទុកទោដោយជាតិសរសៃរហូតដល់ ៥.១ក្រាម ក្នុងមួយកូនចានចង្កឹះ។ អ្នកអាចស្ងោវាក៏បាន ឬញ៉ាំឆៅក៏បានដែរ។ មិនខ្វល់ថា អ្នករៀបចំវាញ៉ាំបែបណាទេ អ្នកនឹងទទួលបានជាតិសរសៃពីបន្លែនេះដើម្បីពង្រឹងដល់សុខភាពប្រព័ន្ធរំលាយអាហារ។ បើសិនជាអ្នកចង់ញ៉ាំអាហារខាងក្រៅវិញ អ្នកអាចញ៉ាំប្រូខូលីជាមួយ ស៊ុត ខ្ទឹមបារាំង ខ្ទឹមស ផ្លែអាលម៉ុនបាន។

ខ្ទឹមបារាំង

តើអ្នកមានដឹងទេថា ខ្ទឹមបារាំងក៏មានជាតិសរសៃដែរ? ខ្ទឹមបារាំងទំហំមធ្យមមួយផ្ទុកទៅដោយជាតិសរសៃ ២ក្រាម។ វាមានចំនួនតិចមែន តែខ្ទឹមបារាំងមានសារធាតុ Inulin ដែលជាប្រភេទជាតិសរសៃរលាយក្នុងទឹក ហើយអាចបន្ថយចំនួនកូឡេស្តេរ៉ុលក្នុងឈាមបានថែមទៀតផង។ បើសិនជាអ្នកចង់ញ៉ាំថ្នាំបំប៉នជាជាតិសរសៃនោះ យកល្អគួរតែញ៉ាំខ្ទឹមបារាំងវិញ ព្រោះវានឹងផ្តល់ចំនួនជាតិសរសៃដល់ក្នុងខ្លួនល្អជាង និងមានប្រសិទ្ធភាពជាង។

ផ្លែប៉ោម

យើងពិតជាមិនបាច់មើលអ្វីឆ្ងាយឡើយនៅពេលនិយាយរឿងជាតិសរសៃ ព្រោះថា ផ្លែប៉ោមពិតជាមានជាតិសរសៃច្រើនទៅហើយ។ យោងទៅតាមអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា អាហារទាំងឡាយណាដែលមានជាតិសរសៃ ៣ក្រាមឡើងទៅ អាចត្រូវបានគេចាត់ទុកថា ជាប្រភពដ៏ល្អមួយ ហើយផ្លែប៉ោមពិតជាស័ក្តិសមណាស់ដែលអាចមានជាតិសរសៃរហូតល់ ៤ក្រាមឯណោះ។ ការញ៉ាំអាហារសម្រន់ប្រភេទនេះអាចបំបាត់ភាពឃ្លាន ខណៈពេលដែលពេលជាមួយគ្នា ក៏ជម្រុញដល់ប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អថែមទៀត៕