ការស្វែងរកផលិតផលលាងសម្អាតស្បែកមុខបែបធម្មជាតិគ្មានផ្ទុកសារធាតុគីមីនៅតាមទីផ្សារនាពេលបច្ចុប្បន្ន គឺមិនមែនជារឿងងាយស្រួលឡើយ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ម្យ៉ាងវិញទៀតផលិតផលទាំងនោះច្រើនតែមានតម្លៃថ្លៃ! ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដែលមានប្រសិទ្ធភាពលាងសម្អាត និងថែរក្សាស្បែកមុខបានយ៉ាងប្រសើរ ៖
១. ទឹកដោះគោស្រស់
ទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ គឺជាផលិតផលលាងសម្អាតស្បែកមុខតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយ។ វាជួយកម្ចាត់ភាពកខ្វក់ធូលីនិងកោសិកាងាប់ៗចេញពីស្បែក។ ទឹកដោះគោមិនធ្វើឱ្យស្ទះរន្ធញើសឡើយ ដូចនេះអ្នកមិនបាច់បារម្ភថាឡើងមុននោះទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកដោះគោឆៅ និងច្របាច់ចេញបន្តិច រួចសឹមដុសថ្នមៗពេញលើស្បែកមុខនិងក។
២. ល្ហុងទុំ
ប្រើប្រាស់ល្ហុងទុំមួយបន្ទះ ឬចំណិតលុញដុសម៉ាស្សាថ្នមៗលើស្បែកមុខ។ អ្នកក៏អាចលាយសាច់ល្ហុងទុំជាមួយទឹកឃ្មុំឆៅសរីរាង្គ រួចសឹមលាបលើមុខបែបជាម៉ាសបិតមុខ។ រងចាំសម្រាប់រយៈពេល ១៥នាទីទៅ ២០នាទី សឹមលាងសម្អាតចេញ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូង ១ស្លាបព្រាកាហ្វេលើបាតដៃ រួចចាប់ផ្ដើមញីបន្តិចឱ្យឡើងកម្ដៅ។ លាបម៉ាស្សាប្រេងថ្នមៗមួយៗក្នុងចលនាបែបរង្វង់លើស្បែកមុខសម្រាប់រយៈពេល ១នាទី។ បន្ទាប់មកជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ ហើយពូតទឹកចេញសិន សឹមគ្របលើមុខ។ រងចាំសម្រាប់រយៈពេល ៣០វិនាទីសិន សឹមជូតប្រេងចេញពីស្បែកមុខថ្នមៗជាការស្រេច។
៤. ស្ករស
លាយស្ករសជាមួយប្រេងដូងបន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកប្រើប្រាស់ល្បាយដុសម៉ាស្សាថ្នមៗលើស្បែកមុខ និងលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៥. ប្រេងដូងនិងទឹកឃ្មុំ
រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម។ អ្វីដែលអ្នកត្រូវការ គឺប្រេងដូងសុទ្ធសរីរាង្គ(ធម្មជាតិ)ចំនួន ៣ ស្លាបព្រាបាយ ,ម្សៅ Baking Soda ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំឆៅ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ប្រេងដូងក្នុងចានគោមតូចមួយនិងប្រើប្រាស់ស្លាបព្រាដែលក្ដៅឧណ្ហៗកូរវារហូតដល់ក្លាយជាដូចគ្រីម។ បន្ថែមទឹកឃ្មុំចូល និងកូរឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមម្សៅ Baking Soda តាមក្រោយ។ កូរឱ្យសព្វ សឹមចាក់ល្បាយចូលក្រឡស្អាតមួយដែលមានគំរបបិទជិត។ ប្រើប្រាស់ល្បាយក្នុងបរិមាណសមល្មមរាល់ពេលលាងសម្អាតមុខដោយម៉ាស្សាថ្នមៗ និងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៦. ទឹកឃ្មុំ និងក្រូចឆ្មារ
រូបមន្តនេះសាកសមសម្រាប់ស្បែកមុខខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងយកទឹកដាក់ចូលក្នុងចានគោមមួយ បន្ទាប់មកបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយចូល។ បន្ថែមទឹកក្ដៅឧណ្ហៗបន្តិចចូល រួចសឹមកូរលាយល្បាយឱ្យសព្វចូលគ្នា។ លាបម៉ាស្សាថ្នមៗលើស្បែកមុខ និងក រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៧. កាកកាហ្វេនិងទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ ១ ស្លាបព្រាបាយជាមួយកាកកាហ្វេ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទីសិន មុននឹងលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចប្រើប្រាស់ម៉ាសបិតមុខនេះពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ម៉ាសបិតមុខនេះល្អសម្រាប់សម្អាតស្បែកមុខកម្ចាត់ធូលី ក៏ដូចជាកោសិកាស្បែកងាប់ៗ។
៨. ទឹកដោះគោឆៅនិងទឹកឃ្មុំ
លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយទឹកដោះគោឆៅ ២ ស្លាបព្រាកាហ្វេ។ លាបម៉ាស្សាល្បាយថ្នមៗលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះនឹងជួយឱ្យស្បែកប្រែជាភ្លឺស្រស់ថ្លាជាងមុន និងកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្បែកមុខ។ រូបមន្តនេះសាកសមណាស់សម្រាប់ស្បែកឆាប់ប្រតិកម្ម៕