ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីការលាបពណ៌សក់និងការលេងម៉ូដសក់ដោយប្រើប្រាស់ម៉ាស៊ីន ក៏នៅមានមូលហេតុមួយចំនួនទៀតដែលអាចបណ្ដាលឱ្យសក់បែកចុងមិនឈប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាសក់បែកចុងអាចបណ្ដាលមកពីមូលហេតុស្មានមិនដល់អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបង្កបញ្ហាសក់បែកចុង ព្រមទាំងគន្លឹះដោះស្រាយបញ្ហានេះ ៖

  • កត្តាបង្កឱ្យសក់បែកចុង

១. ការតមអាហារហួសហេតុ

តើអ្នកកំពុងព្យាយាមសម្រកទម្ងន់ដោយបង្អត់អាហារខ្លួនឯងហួសហេតុមែនទេ? វាមិនត្រឹមតែអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើរូបរាងនិងសម្រស់ផងដែរ។ សក់ក៏ត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំចៀសផុតបញ្ហាបែកចុង។ ការតមអាហារពេក ពិសេសអាហារសុខភាពល្អអាចបណ្ដាលឱ្យរាងកាយទាំងមូលជួបប្រទះនូវបញ្ហាកង្វះសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់។

២. ទម្លាប់ទទួលទានអាហារគ្មានសុខភាពល្អ

អ្នកគួរចៀសវាងទទួលទានអាហារគ្មានសុខភាពល្អប្រភេទកែច្នៃ ព្រមទាំងអាហារកញ្ចប់ ឬអាហារដែលមានផ្ទុកសម្បូរទៅដោយស្ករនិងខ្លាញ់។ អាហារទាំងនេះអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ព្រមទាំងសក់នាំឱ្យបែកចុង។

៣. ការជក់បារី

ការជក់បារីក៏អាចបណ្ដាលឱ្យសក់បែកចុងនិងជួបប្រទះនូវបញ្ហាផ្សេងទៀតផងដែរ។ សារធាតុពុលជាច្រើនប្រភេទក្នុងបារីជ្រាបចូលលំហូរឈាម ហើយបណ្ដាលឱ្យឈាមរត់មិនបានត្រឹមត្រូវទៅកាន់គ្រប់ផ្នែកនៃរាងកាយ ព្រមទាំងស្បែកក្បាល។ ការផ្គត់ផ្គង់ឈាមមិនបានគ្រប់គ្រាន់នាំឱ្យកើតមានបញ្ហាកង្វះអុកស៊ីសែនទៅកាន់ស្បែកក្បាល ហើយការលិតជាតិប្រេងការពារក៏ថយចុះបណ្ដាលឱ្យសក់ស្ងួតឆាប់បែកចុង។

៤. ស្ត្រេសពេក

ក្រៅពីបណ្ដាលឱ្យសក់ជ្រុះ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏បង្កបញ្ហាសក់បែកចុងផងដែរ។ ដូច្នេះដើម្បីចៀសផុតបញ្ហានេះចូរព្យាយាមបន្ធូរអារម្មណ៍គ្រប់គ្រងភាពស្ត្រេស។

៥. ការសិតសក់ច្រើនពេក

អ្វីក៏ដោយ ឱ្យតែពេក គឺមិនល្អឡើយ! ការសិតសក់ក៏ដូចគ្នា។ ដូច្នេះដើម្បីជាការប្រសើរចូរកុំសិតសក់ញឹកញាប់ពេក។ ព្យាយាមសិតថ្នមៗនិងប្រើប្រាស់ម្រាមដៃជាជំនួយដោះសក់ដែលជំពាក់ជាប់គ្នា។

  • គន្លឹះព្យាបាល

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើសក់ចាប់ផ្ដើមពីគល់ទៅចុង។ រងចាំសម្រាប់រយៈពេលពេញមួយយប់ ហើយលាងសម្អាតចេញជាមួយសក់ដោយប្រើប្រាស់សាប៊ូធម្មតានៅព្រឹកបន្ទាប់។ ទោះជាយ៉ាងណាចៀសវាងប្រើប្រាស់ម៉ាស៊ីនផ្លុំសម្ងួតសក់។ អនុវត្តសារឡើងវិញរៀងរាល់២ ទៅ ៣ថ្ងៃ។

២. ទឹកឃ្មុំនិងប្រេងអូលីវ

លាយប្រេងអូលីវ ៣ស្លាបព្រាបាយជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ និងលាបល្បាយនេះលើសក់ដែលសើមជាពិសេសចុងសក់ ក្រោយពេលកក់សម្អាតសក់រួច។ រងចាំសម្រាប់រយៈពេល ៣០នាទី។ កក់សក់ចេញតាមក្រោយនិងប្រើប្រាស់ក្រែមបន្ទន់។

៣. ស៊ុត

ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍គោះស៊ុត ១គ្រាប់ រួចកូរវឹកឱ្យសព្វមុននឹងយកមកលាបម៉ាស្សាលើសក់ពីគល់ទៅចុង។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី មុនកក់សម្អាតចេញ។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើចុងសក់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៥. ទទួលទានអាហារសុខភាពល្អ

ការទទួលទានអាហារដែលផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ស្របតាមតម្រូវការនៃសក់និងស្បែកក្បាល គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីព្យាបាល ក៏ដូចជាទប់ស្កាត់បញ្ហាសក់បែកចុង។ ដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានអាហារសម្បូរប្រូតេអ៊ីន ស័ង្កសី ជាតិដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន C និងវីតាមីន E ជាប្រចាំ។

៦. ល្ហុងទុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែល្ហុងជាមួយយ៉ាអួរឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើសក់និងរងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤៥នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

៧. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើសក់និងរងចាំសម្រាប់រយៈពេលប្រមាណពី ៣០ ទៅ ៤០នាទី និងលាងជម្រះចេញ។ អ្នកអាចប្រើប្រាស់សាប៊ូកម្រិតស្រាលដើម្បីលាងជម្រះ៕