ការជ្រើសរើសគូស្រករជាបញ្ហាសំខាន់ ដែលគ្រប់គ្នាតែងពិនិត្យហ្មត់ចត់ មុននឹងធ្វើការសម្រេចចិត្តទទួលយកនរណាម្នាក់។ មានកត្តារួមផ្សំ និងលក្ខណសម្បត្តិជាច្រើនជួយឲ្យស្នេហាមួយអាចដំណើរការដោយរលួនទៅបាន ។ ជាការពិត ពេលដែលត្រូវសម្លឹងរកអ្នកណាម្នាក់ជាគូ ការពិនិត្យតែរូបរាងខាងក្រៅ មិនគ្រប់គ្រាន់ទេ ។
ភាពទាក់ទាញនៃរូបសម្រស់ ជាកត្តាដំបូង មុននឹងឈានដល់ស្វែងយល់ចិត្តគ្នា តែក៏ត្រូវគិតទៀតថា ការយកគ្នាជាគូអនាគត មានន័យថាអ្នកនឹងរួមរស់ជាមួយគ្នាតទៅ រូបសម្រស់មិនបានឋិតថេរទេ មានតែចិត្តគំនិតទេ ដែលមិនចេះសឹករេចលទៅតាមអាយុកាល ។
ដូចនេះតើមនុស្សមានចិត្តគំនិត និងលក្ខណសម្បត្តិបែបណាខ្លះ ដែលអ្នកនឹងអាចយកគ្នាជាគូអនាតបាន ?
១.មានគំនិតសុទិដ្ឋិនិយម:
ការគិត និងយល់ឃើញត្រូវ ឈានដល់ការប្រព្រឹត្តត្រូវ ។ ជាការប្រពៃណាស់បើអ្នកអាចរកបានគូជីវិតដែលបានគំនិតបែបនេះ ព្រោះថាគ្រូសារមួយមានក្តីសុខបាន លុះត្រាតែអ្នកទាំងពីរយល់ចិត្តគ្នា ចេះយកអាសារ មិនមើលបំណាំគ្នា និងទុកចិត្តគ្នាទៅមក ។ សកម្មភាពបែបនេះ បានបង្ហាញថា អ្នកពិតជាស្រឡាញ់ និងមានឆន្ទ:ក្នុងដំណើរជីវិតរួមគ្នាដោយពិតប្រាកដ ។
២.ទំនាក់ទំនងល្អ:
ក្នុងជីវភាពរស់នៅប្រចាំថ្ងែតែងមានប្រាស្រ័យទាក់ទងគ្នា ទាំងក្នុងគ្រួសារ ញាតិមិត្ត និងជាមួយមនុស្សទូទៅ ហើយការរក្សាទំនាក់ទំនងល្អនឹងជួយឲ្យជីវិតបានប្រសើរ រីករាយ ព្រោះអាចបំពេញតម្រូវការចំពោះគ្នាទៅវិញទៅមកពេលមានហេតុការណ៍ណាមូយ ។ យ៉ាងណាមិញភាពជាទាំងប្តី ប្រពន្ធ ប្រៀបបានដូចជាចាននៅក្នុងរាវ តែងប៉ះទង្គិចគ្នាជាធម្មតា ចៀសពុំរូចឡើយ ហើយអ្នកដែលចេះអធ្យាស្រ័យ គេមិនងាយប្រកាន់រឿងបន្តិចបន្តួចនោះឡើយ ព្រោះគេយល់ច្បាស់ពីសារ:សំខាន់នៃទំនាក់ទំនងល្អ ។ ដូចនេះបើបានជូបបុគ្គលដែលចេះអត់អោន និងអធ្យាស្រ័យបែនេះហើយ ចូរកុំរំលង ។
៣.គិតគូ និងយកចិត្តទុកដាក់:
មិនថាកាល:ទេស:ណា អ្នកដែលស្រឡាញ់គ្នាពិត តែងរួមសុខទុក្ខ យកចិត្តទុកដាក់ថែរក្សា និងពួតដៃគ្នា ដើម្បីជំនះឧបសគ្គចំពោះមុខ ។ ទោះជាមានបញ្ហាតូច ឬធំតែងព្រួយបារម្ភ និងគិតគូរពីគ្នាជានិច្ច ។ អ្នកដែលមានទឹកចិត្តបែបនេះកម្ររកបានណាស់ លក្ខណ:បែបនេះទើបហៅថាជាក្តីស្រឡាញ់ពិតប្រាកដ និងអាចរួមរស់ជាមួយគ្នាបាន ។
៤.មានភាពចាស់ទុំ និងទំនួលខុសត្រូវ:
បុគ្គលដែលចេះដឹងខុសត្រូវ ធ្វើអ្វីមួយដោយភាពជាក់ច្បាស់ មានទំនួលខុសត្រូវរាល់ការងារ នោះចាត់ទុកជាឲបុគ្គលប្រសើរ ។ គេជាមនុស្សចេះដឹងការរាក់ជ្រៅ យល់ដឹងកិច្ចការបានច្រើន និងមានភាពនឹងធឹង មានគំនិតចាស់ទុំ ។
៥.ស្មោះត្រង់ និងសុចរិត:
ភាពសុចរិត ទៀងត្រង់ ស្តែងចេញឲ្យឃើញពីភាពថ្លៃថ្នួររបស់មនុស្ស ។ ចំពោះស្នេហាវិញ ភាពស្មោះត្រង់ចំពោះគ្នាពិតជាមានន័យយ៉ាងលើសលប់ក្នុងការរក្សាចំណងស្នេហ៍ឲ្យបានស្ថិតស្ថេរ ហើយសេចក្តីសុខពិតប្រាកដក្នុងគ្រូសារ នឹងកើតមាន ។ ពេលចង់បង្កើតគ្រូសារមួយ អ្នកណាក៏ប្រាថ្នាបានគូជីវិតដែលស្មោះត្រង់បែបនេះដែរ តែមិនមែនឲ្យគេស្មោះត្រង់តែម្ខាង ហើយខ្លួនឯងវៀចវេរនោះទេ ត្រូវមានភក្តីភាពចំពោះគ្នាទៅវិញទៅមក ។
៦.ចុះសម្រុងគ្នា:
មិនទាមទារឲ្យមានចិត្តគំនិតដូចគ្នាពេកទេ ត្រឹមតែចេះសម្របគ្នានោះជាការប្រសើរ ។ មានបញ្ហាខ្លះទោះមិនយល់ស្របគ្នា មានទស្សន:ផ្សេងគ្នាក៏ពិតមែន តែត្រូវចេះសម្របគ្នា ស្វែងរកចំណុចត្រូវគ្នាមួយ ដែលអាចទទួលយកបានទាំងសងខាង។ បុគ្គលដែលមិនយកការឈ្នះចាញ់ ជារឿងសំខាន់ ហើយចេះស្វែងរកដំណោះស្រាយដ៏សមរម្យចំពោះគ្នា នោះទើបជាគូដែលអាចរួមរស់ជាមួយគ្នារហូតទៅបាន។
ដូចនេះហើយ ប្រសិនបើអ្នកដាក់ចិត្តថានឹងចាប់ផ្តើមកសារគ្រួសារមួយ ហើយស្វែងរកគូជីវិតដ៏ប្រសើរ មានន័យ អាចរស់នៅជាមូយគ្នាជាប្តីប្រពន្ធដោយមានក្តីសុខ ត្រូវសម្លឹងមើលចិត្តគំនិតរបស់គេជាសំខាន់ជាងអ្វីៗទាំងអស់ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855