ដើម្បីបង្កើនលាភសំណាង ចូរអ្នកសាកល្បងតុបតែងខ្លួនបង្កើនសម្រស់ឱ្យត្រូវតាមក្បួនហុងស៊ុយដូចខាងក្រោម ៖
១- ស្បែកដែលគ្មានស្នាមអុជខ្មៅជួយជម្នះឧបសគ្គ
មុននឹងគិតដល់ពណ៌និងផ្ទៃមុខ ចំណុចសំខាន់បំផុតដែលគួរមានមុនគេគឺស្បែកមុខដែលរាបស្មើ។ នៅពេលណាផ្ទៃមុខមានចំណុចខ្មៅ ឬស្រអាប់ ប្រការទាំងនេះអាចប្រាប់ពីឧបសគ្គក្នុងជីវិត ។ អ្នកគួរប្រើម្សៅទ្រនាប់ប្រភេទទឹកគុណភាពល្អ នៅពេលលាបត្រូវប្រើអេប៉ុងថ្មីៗ ឬជក់ផាត់ថ្ពាល់ រាងមូលខ្នាតសមរម្យ ដើម្បីឱ្យម្សៅទ្រនាប់រាបស្មើល្អ ពេញផ្ទៃមុខ ។
២- ភាពផូរផង់ជួយបញ្ចេញរស្មីពីខាងក្នុង
ដើម្បីទាក់ទាញអ្វីៗដែលល្អមកក្នុងជីវិត និងអាចឆក់ឱកាសមាសយកមកទុកក្នុងដៃបានដោយងាយស្រូល អ្នកត្រូវធ្វើឱ្យផ្ទៃមុខរបស់អ្នកស្អាតផូរផង់ដោយរស្មីពីខាងក្នុង ។ ដើម្បីទាញជោគលាភឲ្យចូលមក ស្បែករបស់អ្នកមិនត្រូវមើលទៅឃើញហត់នឿយ គ្មានជីវិតជីវ៉ានោះទេ អ្នកគួរគេងសម្រាកឱ្យគ្រប់គ្រាន់ ហើយក្នុងថ្ងៃដែលផ្ទៃមុខរបស់អ្នកចាំបាច់ត្រូវលើកសម្រស់ អ្នកត្រូវប្រើក្រែមទៅតាមសភាពស្បែក ហើយលាបផលិតផលនោះមុនម្សៅទ្រនាប់ និង ម្សៅផាត់ ។
៣- រៀបចំពណ៌របស់អ្នក
នៅពេលតុបតែងមុខត្រូវគិតថា គ្រឿងសម្អាងប្រៀបបាននឹងចានពណ៌ ដែលត្រូវរៀបចំឱ្យល្អ ។ ត្រូវចាំថា គួរត្រៀមម្សៅទ្រនាប់សាច់ម៉ដ្ឋ ឆ្លុះពន្លឺនិងសមស្របជាមួយសភាពស្បែក ហើយគួរប្រើជក់ខ្នាតធំសម្រាប់ផាត់ថ្ពាល់ដោយឡែក ។ គួរចៀសវាងប្រើម្សៅដែលមានភាពផ្លេកៗ ព្រោះអាចធ្វើឱ្យស្បែកមុខរបស់អ្នកស្លេកបាន ។
៤- កែវភ្នែកភ្លឺថ្លា ជួយស្រូបយកថាមពល
កែវភ្នែកគួរមើលទៅមុតថ្លា មានពន្លឺ មានជីវិតជីវី បើសិនភ្នែកមូលធំពីកំណើត ហើយត្របកភ្នែកពីរជាន់ អ្នកគួរតែលេងពណ៌ភ្នែកឱ្យលេចធ្លោឡើង ។ បើសិនជាត្របកភ្នែកមួយជាន់ អ្នកក៏អាចធ្វើឱ្យកែវភ្នែកកាន់តែភ្លឺថ្លាឡើង ដោយការប្រើម្សៅផាត់ភ្នែក និងខ្មៅដៃគូសខ្សែគែមត្រកបភ្នែក ។ កែវភ្នែកជាបង្អួចបើកទៅកាន់ពិភពខាងក្រៅ ដូច្នេះគួរតែធ្វើឲ្យកែវភ្នែករបស់អ្នកស្អាតល្មមអាចទាញថាមពលបាន ។
៥- ថ្ពាល់ក្រហមព្រឿងៗ
ថ្ពាល់គួរតែមានពណ៌គ្រប់ពេល ដែលធ្វើឲ្យបុរសលង់ស្នេហ៍លើអ្នកកាន់តែទ្វេដង ។ ថ្ពាល់ក្រហមព្រឿងៗផូរផង់ អាចជួយបង្កើនលាភសំណាងផ្នែកទ្រព្យសម្បត្តិ និងចម្រុងចម្រើនដល់អ្នក ។ ស្ត្រីវ័យ២០ឆ្នាំ គូរតុបតែងថ្ពាល់ទាំងគូដោយពណ៌ស៊ីជម្ពូ ។ ឯស្ត្រីវ័យ៣០-៤០ឆ្នាំ គួរផាត់ថ្ពាល់ឱ្យទាបចុះបន្តិច ដោយហាយឡាយពណ៌ចាស់បន្តិច ។ ត្រូវចាំថានៅពេលថ្ពាល់ក្រហមព្រឿងៗស្អាតដូចផ្លែព័រនោះមិនខុសពីអ្នកកំពុង សាងផ្កាស្នេហ៍ ដោយមិនដឹងខ្លួននោះឡើយ ។
៦- សក់វែងជួយទាក់ទាញលាភសំណាងស្នេហា
សក់ត្រង់វែងស្រឡូន ពិតជាអស្ចារ្យណាស់សម្រាប់យុវវ័យ ប៉ុន្តែបើសិនអ្នកចង់ឱ្យផ្ទៃមុខនាំលាភសំណាងមកនោះ អ្នកគួរយកចិត្តទុកដាក់លើម៉ូដសក់ដែលក្រាស់ច្រើនជាង ។ បើសិនមិនអាចចូលហាងធ្វើសក់ជាប្រចាំបាន អ្នកគួរហាត់ធ្វើសក់ដោយខ្លួនឯងដោយប្រើក្រាសមូរសក់ សិតសក់ឱ្យស្អាត កុំឱ្យមានចំពាក់គ្នារញ៉េរញ៉ៃ ឬចង និងធ្វើម៉ូដថ្មីៗជានិច្ច ដើម្បីលើករាសីផ្នែកស្នេហា ។
៧- ប្រជ្រុយដែលជាសម្រស់
ប្រជ្រុយនៅលើផ្ទៃមុខ ក៏ធ្វើឱ្យអ្នកស្អាតនិងនាំលាភសំណាងដល់អ្នកដែរ ប៉ុន្តែវាអាស្រ័យទៅលើទីកន្លែងដែលប្រជ្រុយនោះស្ថិតនៅ ។ គេជឿថាប្រជ្រុយពណ៌ក្រហម អាចនាំលាភសំណាងល្អចូលមកច្រើនជាងប្រជ្រុយខ្មៅ បើសិនវានៅលើផ្ទៃមុខ ។ ដូច្នេះបើសិនអ្នកមានប្រជ្រុយខ្មៅលើមុខ អ្នកគួរប្រើម្សៅផាត់ឬខ្មៅដៃពណ៌ក្រហមផាត់ប្រជ្រុយនោះឱ្យភ្លឺឡើង ។
៨- កែវភ្នែកមានអំណាច
ត្រូវហ៊ានសាកប្រើពណ៌ចាស់ ក្រោយពីលាបក្រែមត្របកភ្នែករួចត្រូវប្រើក្រែមនោះ ពណ៌ខ្មៅលាបជាខ្សែស្តើងៗ ជិតរោមភ្នែកខាងលើហើយកៀរឱ្យរាបស្មើដោយដុំសំឡីតូចៗ ។ ចុងក្រោយត្រូវប្រើពណ៌រលើបផ្លេកៗត្រង់ទួលចិញ្ចើម ។ នៅពេលកែវភ្នែករបស់អ្នកភ្លឺចិញ្ចាចវានឹងជួយបង្កើនថាមពលទាក់ទាញដ៏សម្បើម ។
៩- ពាក់រោមភ្នែកបន្ថែមសម្រស់ភ្នែក
រោមភ្នែកក្លែងក្លាយដែលជាវត្ថុទាន់សម័យកំពុងត្រូវបានពេញនិយម អ្នកគួររៀនពាក់វាឱ្យស្អាតដូចធម្មជាតិ ដោយគ្មានស្នាម ។ សម្រាប់អ្នកមិនធ្លាប់ប្រើរោមភ្នែកក្លែងក្លាយពីមុនមក គួរចាប់ផ្តើមជាមួយរោមភ្នែកក្លែងក្លាយ បែបខ្សែមួយត្រង់មុំក្រៅរបស់ភ្នែក ។ រោមភ្នែកនឹងអាចជួយឃុំគ្រងថាមពលឈីខាងក្នុងខ្លួនអ្នក។
១០- មាត់ជាទ្វារនៅលើផ្ទៃមុខ
បរិវេណជុំវិញមាត់ មានភាពសំខាន់ណាស់អ្នកគួរជំរុញឱ្យមាត់ប្រកបដោយថាមពលល្អៗដោយឱ្យមាត់មានសំណើម ធ្មេញសស្អាត ហើយជុំវិញមាត់ក៏មិនគួរមានស្នាមអុជខ្មៅ ។ ត្រូវប្រើខ្មៅដៃគូសគែមបបូរមាត់ពណ៌ខ្ចី ជាងក្រែមលាបបបូរមាត់ បន្ទាប់មកគួរប្រើក្រែមលាបបបូរមាត់ និងក្រែមរលោងតាមការចូលចិត្ត ។
១១- គ្រឿងអលង្ការនាំជោគលាភ
ស្ត្រីដែលធ្វើឱ្យខ្លួនឯងមានមន្តស្នេហ៍ ហើយស្រស់ស្អាតជានិច្ច អាចនាំសំណាងមកឱ្យគូស្នេហ៍ស្វាមី និងកូនៗព្រោះអ្នកអាចបញ្ចេញរស្មីមង្គលនៃជោគជ័យ និងសេចក្តីសុខសប្បាយចេញមកបាន ។ ដូចនេះគួរប្រើគ្រឿងអលង្ការមានពន្លឺផ្លេកៗដូចជាត្បូងពេជ្រ មាស ដើម្បីបង្កើនលាភសំណាង ៕