Join with Health.com.kh on Telegram

ភេសជ្ជៈមួយចំនួន គឺល្អណាស់សម្រាប់ស្ត្រីមានផ្ទៃពោះទទួលទានដើម្បីជាប្រយោជន៍ដល់ទាំងសុខភាពម្ដាយនិងកូនក្នុងផ្ទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើភេសជ្ជៈអ្វីខ្លះដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន ៖

១. ទទួលទានទឹកផ្លែព្រូនស្រស់

ប្រសិនបើអ្នកមិនចង់ឱ្យជំងឺឬសដូងបាតធ្វើទុក្ខអ្នក ចូរប្រាកដថាអ្នកអាចទប់ស្កាត់អាកា​រៈទល់លាមកបាន។ មិនពិបាកឡើយ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឧស្សាហ៍ទទួលទានទឹកផ្លែព្រូនស្រស់មុនពេលចូលគេង។ ប្រសិនបើអ្នកមិនជឿជាក់ថាអាចទប់ស្កាត់អាការៈទល់លាមកបាន អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីអាចប្រើប្រាស់ថ្នាំគ្រាប់ជាតិសសៃ ឬបន្ទន់លាមក។

២. ទឹក

ទឹកជួយរាងកាយក្នុងការផលិតទឹកដោះនិងក្នុងដំណើរការនៃបញ្ចេញទឹកដោះ។ វាក៏ជួយក្នុងការរក្សាសុខភាពកោសិកាឈាមផងដែរ។ ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ។

៣. ទឹកដូង

ភេសជ្ជៈធម្មជាតិនេះជួយទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយបានយ៉ាងប្រសើរ។ វាក៏ជួយបំពេញបន្ថែមនូវជាតិអំបិលខនិកធម្មជាតិរបស់រាងកាយផងដែរ។ ការទទួលទានទឹកដូងក៏ជួយរាងកាយក្នុងការផលិតទឹកដោះថែមទៀត។

៤. ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើស្រស់ពីក្រូច ឪឡឹក និងផ្លែម្នាស់ជាដើមមានផ្ទៃជាតិសសៃនិងវីតាមីន C ដែលជួយឱ្យការសម្រាលកាន់តែស្រួល។ សារធាតុចិញ្ចឹមទាំងនោះក៏ល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៃគភ៌ផងដែរ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសទឹកផ្លែឈើស្រស់និងសុទ្ធធម្មជាតិ។ ទោះជាយ៉ាងណាក្នុងកំឡុងពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ឡើយដើម្បីចៀសវាងការរលូត។ នេះក៏ព្រោះតែផ្លែម្នាស់មានផ្ទុកសារធាតុ bromelain នាំឱ្យស្បូនទន់និងបង្កការកន្ត្រាក់។

៥. ទឹកបន្លែស្រស់

សម្រាប់អ្នកម្ដាយដែលមិនចូលចិត្តទទួលទានបន្លែ ប៉ុន្តែនៅតែចង់បានអត្ថប្រយោជន៍ពីបន្លែនោះ ចូរសាកល្បងកិនបន្លែឱ្យក្លាយជាទឹកស្រស់ៗដើម្បីទទួលទានជំនួសវិញ។

៦. ទឹកដោះគោស្រស់មានជាតិខ្លាញ់ទាប

ស្ត្រីត្រូវការ ១០០០ មីលីក្រាមនៃកាល់ស្យូមក្នុងមួយថ្ងៃកំឡុងពេលមានផ្ទៃពោះដើម្បីរក្សាសុខភាពខ្លួនឯងនិងការលូតលាស់នៃកូនក្នុងផ្ទៃ។ ហើយទឹកដោះគោមានផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់នេះ។ ម្យ៉ាងវិញទៀតទឹកដោះគោស្រស់ក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ និងវីតាមីន b12 ដែលល្អសម្រាប់ចរន្តឈាម សាច់ដុំ ព្រមទាំងប្រព័ន្ធសសៃប្រសាទផងដែរ។

៧. ទឹកក្រូចឆ្មារ

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ហើយនៅពេលទទួលទានត្រជាក់ៗ គឺជួយផ្ដល់ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ភេសជ្ជៈទឹកក្រូចឆ្មារ គឺល្អណាស់សម្រាប់រំងាប់ប្រព័ន្ធសសៃប្រសាទក្រោយពេលអាការៈចាញ់។

ប្រយ័ត្ន! សកម្មភាពមួយចំនួនគួរចៀសវាងកំឡុងពេលមានផ្ទៃពោះ ៖

១. គ្រឿងស្រវឹង ឬភេស្ជជៈមានផ្ទុកជាតិអាល់កុល

មិនថាក្នុងកម្រិតតិចតួចប៉ុណ្ណាក៏ដោយ ក៏គ្រឿងស្រវឹងអាចផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះស្ត្រីកំពុងពពោះ និងកូនក្នុងផ្ទៃដែរ។ ដូច្នេះដើម្បីជាការប្រសើរ ស្ត្រីគួរជៀសអោយផុតពីការទទួលទានគ្រឿងស្រវឹងកំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណា អ្នកក៏មិនគួរទទួលទានគ្រឿងស្រវឹងកំឡុងពេលបំបៅដោះកូនដែរ ក៏ព្រោះជាតិអាល់កុលអាចជ្រាបចូលក្នុងរាងកាយទារកនៅពេលបំបៅ។

២. ឈ្លោះប្រកែកគ្នានិងស្រែកខ្លាំងៗ ​

នោះក៏ព្រោះតែការឈ្លោះប្រកែកគ្នាអាចបង្កជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្តចំពោះស្ត្រីជាម្ដាយដែលអាចជះឥទ្ធិពលកាន់តែគួរឱ្យបារម្ភចំពោះទារកក្នុងផ្ទៃ។ បញ្ហាសុខភាពផ្លូវចិត្តរបស់ម្ដាយអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាល និងប្រព័ន្ធភាពស៊ាំនៃទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀតការស្រែកក៏មិនល្អចំពោះស្ត្រីជាម្ដាយផ្ទាល់ផងដែរដោយវាអាចនាំឱ្យឈឺក្បាល ចង្អោរចង់ក្អួត និងពិបាកគេងលក់។

៣. ទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនជ្រុល ​

ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក គឺមិនល្អសោះឡើយសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាស្ត្រីជាម្ដាយដែលទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ឬភេសជ្ជៈផ្អែមច្រើនកំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឱ្យទារកជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការចងចាំ។

៤. យំ​ ​

ការយំកំឡុងពេលមានផ្ទៃពោះក៏ជារឿងធម្មតាមួយដែរ។ ទោះជាយ៉ាងណាការយប់អាចនឹងក្លាយជាអាការៈគួរឱ្យព្រួយបារម្ភចំពោះទាំងសុខភាពម្ដាយ រួមទាំងកូនក្នុងផ្ទៃ ប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាបាត់បង់ចំណង់អាហារ មានអារម្មណ៍ខុសរហូត គេងច្រើនពេក និងបាត់បង់អារម្មណ៍រីករាយចង់ធ្វើសកម្មភាពអ្វីផ្សេងៗ។

៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន ​

ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន គឺមិនល្អឡើយចំពោះសុខភាព។ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនលើសពី ៣០០ មីលីក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះឡើយ! នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចនឹងចូលទៅដល់ក្នុងសុក ហើយជ្រៀតចូលក្នុងចរន្តឈាមហូររបស់ទារកក្នុងផ្ទៃ។

៦. គេងមិនបានគ្រប់គ្រាន់

ស្ត្រីមួយចំនួនអាចជួបប្រទះបញ្ហាដំណេកកំឡុងពេលមានផ្ទៃពោះ។ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យមានអារម្មណ៍មិនល្អនិងចង្អោរចង់ក្អួត។ ដូច្នេះដើម្បីជាការប្រសើរចូរកំណត់ម៉ោងគេងឱ្យបានត្រឹមត្រូវ។ ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យអំពីទីតាំងល្អប្រសើរមួយដែលជួយឱ្យអ្នកគេងបានស្រួលនិងល្អចំពោះទារកក្នុងផ្ទៃ។

៧. អសកម្មភាពរាងកាយនិងទទួលទានច្រើនជ្រុល

ការកើនទម្ងន់ខ្លាំងកំឡុងពេលមានផ្ទៃពោះអាចនាំ​ឱ្យមានផលវិបាកជាច្រើនចំពោះទាំងការលូតលាស់របស់ទារកក្នុងផ្ទៃនិងសុខភាពម្ដាយក្រោយពេលសម្រាល។ លើសពីនេះទៅទៀតវាក៏បង្កើនហានិភ័យនៃជំងឺធាត់ជ្រុលលើទារកផងដែរ។ ដើម្បីជាការប្រសើរស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ កុំភ្លេចដើរដោយវាមិនត្រឹមតែជួយរក្សារាងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ខួរក្បាលក្នុងការទទួលបានអុកស៊ីសែនបន្ថែម។

៨. ចៀសវាងអង្គុយ ឬឈរយូរពេក

ដោយសារគភ៌ក្នុងផ្ទៃដាក់សម្ពាធលើផ្នែកខាងក្រោមនៃរាងកាយ ក្នុងន័យនេះអ្នកចាំបាច់ត្រូវចៀសវាងការឈរ ឬអង្គុយសម្រាប់រយៈពេលយូរៗពេកដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺឬសដូងបាតកុំឱ្យកើតឡើង៕