ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ ៖

១. សង្គ្រោះកូឡាជែនដែលមានស្រាប់ពីការបំផ្លាញ

ក្រៅពីព្យាយាមបង្កើនការផលិតកូឡាជែនហើយនោះ អ្នកក៏ចាំបាច់គួរតែផ្ដោតការយកចិត្តទុកដាក់រក្សាកូឡាជែនដែលមានស្រាប់កុំឱ្យទទួលរងការបំផ្លាញឬផលប៉ះពាល់ផង។ អ្នកជំនាញជាច្រើននិយាយថា អ្នកគួរគិតពិចារណាកម្រិតការប៉ះផ្ទាល់ទៅនឹងបរិយាកាសពុលនិងកម្ដៅថ្ងៃក្ដៅខ្លាំងទើបប្រសើរ។

២. គេងឱ្យបានយ៉ាងហោចណាស់ ៧ម៉ោង ក្នុងមួយយប់

នេះក៏ព្រោះតែនៅពេលអ្នកគេង គឺរាងកាយអាចមានពេលវេលាជួសជុលខ្លួនឯង ហើយបង្កើនការផលិតកូឡាជែនជួយរក្សាភាពក្មេងជាងវ័យនៃស្បែក។ ទោះជាយ៉ាងណាដោយសារភាពតានតឹងក្នុងអារម្មណ៍ និងជំងឺថប់បារម្ភមានមនុស្សមិនតិចទេដែលពិបាកនឹងគេងបានស្កប់គ្រប់គ្រាន់។

៣. បង្កើនការទទួលទានវីតាមីន C

រាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។ នេះជាមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការធ្វើលំហាត់ប្រាណជាប្រចាំក៏ជួយរាងកាយបង្កើនការផលិតកូឡាជែនផងដែរ។ លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ថែមទាំងជួយរក្សាសុខភាពរាងកាយទប់ស្កាត់ហានិភ័យជំងឺផ្សេងៗគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកមិនគួរធ្វើលំហាត់ប្រាណហួសកម្រិតពេកដែរ! នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណច្រើនជាងអ្វីដែលចាំបាច់អាចពន្លឿនដំណើរការនៃភាពចាស់តាមវ័យ ខណៈដែលវាអាចបង្កើនការបង្កើតរ៉ាឌីកាល់សេរីបង្កការបំផ្លាញដល់កោសិកាស្បែកដែលមានសុខភាពល្អ។

៥. រួមបញ្ចូលតែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែបៃតងមិនត្រឹមតែជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការផលិតកូឡាជែនផងដែរ។ ការទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃត្រូវបានណែនាំ ប៉ុន្តែមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយកាហ្វេអ៊ីនឡើយ។ អ្នកចាញ់កាហ្វេអ៊ីនក៏មិនគួរទទួលទានតែបៃតងច្រើនពេកដែលចៀសវាងគេងមិនលក់។

៦. កុំរំលងខ្ទឹមស

ក្រៅពីជួយបន្ថែមក្លិននិងរសជាតិដល់អាហារហើយនោះ ខ្ទឹមសក៏បង្កើនការផលិតកូឡាជែនផងដែរ។ ខ្ទឹមសមានផ្ទុកសារធាតុ sulfur ដែលអាចបញ្ឈប់ការបំបែកកូឡាជែន។

៧. កម្រិតការទទួលទានអាហារកែច្នៃ

អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

៨. កម្រិតការទទួលទានគ្រឿងស្រវឹង

នេះក៏ព្រោះតែជាតិអាល់កុលបំផ្លាញកូឡាជែនដែលកាត់បន្ថយភាពតឹងណែននៃស្បែកលើសុដន់ ដើមទ្រូង និងកន្លែងផ្សេងទៀតគួរឱ្យកត់សម្គាល់។

  • អត្ថប្រយោជន៍នៃកូឡាជែនសម្រាប់សុខភាពនិងសម្រស់

១. វាធ្វើឱ្យស្បែកនិងសក់ស្រស់ស្អាត

កូឡាជែនអាចជួយឱ្យស្បែកតឹងណែនទប់ស្កាត់ស្នាមជ្រីវជ្រួញនិងយារធ្លាក់។ នេះហើយជាមូលហេតុដែលបណ្ដាលឱ្យផលិតផលថែរក្សាសម្រស់ប្រឆាំងភាពចាស់តាមវ័យភាគច្រើនមានផ្ទុកកូឡាជែន។ ប្រូតេអ៊ីនប្រភេទនេះក៏សំខាន់សម្រាប់ពង្រឹងសុខភាពសក់និងជួយឱ្យសក់កាន់តែស្រស់ស្អាត។ នេះក៏ជាមូលហេតុដែលផលិតផលថែរក្សាសក់មួយចំនួនធំមានផ្ទុកកូឡាជែន។

២. វាជួយបំបាត់ការឈឺចាប់និងរលាកសន្លាក់

សន្លាក់ត្រូវបានការពារដោយជាលិកាភ្ជាប់ដែលមានផ្ទុកកូឡាជែន។ អស់កាលជាយូរកន្លងផុតទៅជាលិកាការពារសន្លាក់ចុះខ្សោយ ឬដាច់រហែកដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់និងរលាក។ វេជ្ជបណ្ឌិតមួយចំនួនសព្វថ្ងៃក៏ប្រើប្រាស់កូឡាជែនសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនិងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងសន្លាក់។

៣. វាជួយឱ្យស្រកទម្ងន់ដែលលើស

កូឡាជែនក៏អាចត្រូវបានរកឃើញនៅក្នុងសាច់ដុំផងដែរ។ តាមរយៈការបង្កើ​នការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់ កូឡាជែនជួយកម្ចាត់ខ្លាញ់ ឬទម្ងន់ដែលលើស ខណៈដែលល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយកើនឡើង។ ល្បឿននៃការដុតរំលាយអាហារកាន់តែលឿនប៉ុណ្ណា ប្រសិទ្ធភាពនៃការដុតបំផ្លាញកាឡូរីកាន់តែប្រសើរតាមនោះ។

៤. វាជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

វ័យកាន់តែជ្រេ សសៃឈាមប្រែក្លាយជារឹងឡើងៗ។ ជាលទ្ធផលកំណកខ្លាញ់និងកូឡេស្តេរ៉ូលត្រូវស្ទះកកកុញក្នុងសសៃឈាម។ វាក៏អាចបណ្ដាលឱ្យសម្ពាធឈាមកើនឡើងផងដែរ។ ទោះជាយ៉ាងណាកូឡាជែនអាចជួយឱ្យសសៃឈាមរក្សាបាននូវភាពបត់បែនកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង