ក្រៅពីជំងឺបេះដូង តើអ្នកធ្លាប់ដឹងទេថាភាពធាត់ជ្រុលអាចបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើជំងឺមហារីកអ្វីខ្លះផ្សារភ្ជាប់នឹងភាពធាត់ជ្រុល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺមហារីកដែលអាចបង្កឡើងដោយភាពធាត់ជ្រុល ៖
១. មហារីកថង់ទឹកប្រមាត់
ប្រវត្តិនៃជំងឺក្រួសក្នុងថង់ទឹកប្រមាត់ជាហានិភ័យធំបំផុតមួយនៃជំងឺមហារីកថង់ទឹកប្រមាត់។ ផ្អែកតាមស្ថតិជាច្រើនបានឱ្យដឹងថា ជំងឺក្រួសក្នុងថង់ទឹកប្រមាត់ច្រើនកើតមានឡើងចំពោះអ្នកធាត់ជ្រុល ឬលើសទម្ងន់។
២. មហារីកលំពែង
ភាពធាត់ជ្រុលផ្សារភ្ជាប់នឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ហើយមួយក្នុងចំណោមនោះ គឺជំងឺមហារីកលំពែង។ ការស្រកទម្ងន់ ឬការរក្សាបាននូវទម្ងន់ត្រឹមត្រូវមួយមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងជំងឺផ្សេងៗទៀតផងដែរ។
៣. ជំងឺមហារីកតម្រងនោម
អ្នកដែលធ្លាប់មានប្រវត្តិកើតជំងឺក្រួសក្នុងប្រមាត់ងាយនឹងប្រឈមមុខជាមួយហានិភ័យនៃជំងឺមហារីកប្រមាត់គួរឱ្យកត់សម្គាល់។ ហើយក្រួសក្នុងប្រមាត់ច្រើនតែកើតឡើងចំពោះអ្នកដែលធាត់ជ្រុល។ អ្នកជំនាញជាច្រើនបានឱ្យដឹងថាប្រមាណ ៦០ភាគរយនៃអ្នកដែលធាត់លើសទម្ងន់ប្រឈមមុខខ្ពស់នឹងជំងឺមហារីកប្រមាត់។
៤. មហារីកសុដន់
ស្ត្រីដែលធាត់ជ្រុលងាយប្រឈមមុខនឹងការកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់ក្រោយពេលអស់រដូវ។ ស្ត្រីដែលអស់រដូវដែលធាត់លើសទម្ងន់មានហានិភ័យខ្ពស់នឹងជួបបញ្ហានៃជំងឺមហារីកសុដន់ពី ២០ ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងស្ត្រីដែលអស់រដូវ ប៉ុន្តែមានទម្ងន់ត្រឹមត្រូវមួយ។
៦. មហារីកក្រពេញទីរ៉ូអ៊ីត
ភាពធាត់ជ្រុល ឬលើសទម្ងន់អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតគួរឱ្យកត់សម្គាល់។
៧. ជំងឺមហារីកកោសិកាផ្លាស្មា ឬជំងឺមហារីកឈាមខួរឆ្អឹង
ជំងឺមហារីកកោសិកាផ្លាស្មា (multiple myeloma) គឺជាប្រភទនៃជំងឺមហារីកឈាមដែលជះឥទ្ធិពលលើកោសិកាផ្លាស្មារបស់ខួរឆ្អឹង។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ជាលិកាខ្លាញ់ច្រើនលើសក្នុងរាងកាយអាចបង្កើតអ័រម៉ូនដែលបង្កការរលាកក្នុងរាងកាយនាំឱ្យកោសិកានៅពីក្រោយជំងឺមហារីកកោសិកាផ្លាស្មាលូតលាស់ឡើង។ នេះហើយជាមូលហេតុដែលជំងឺមហារីកឈាម multiple myeloma ច្រើនកើតមានចំពោះអ្នកដែលធាត់ជ្រុល ឬលើសទម្ងន់ច្រើនជាងអ្នកដែលមានទម្ងន់ត្រឹមត្រូវដល់ទៅ ២០ភាគរយ។
៨. ជំងឺមហារីកក្រពេញអូវ៉ែ
យោងតាមស្ថិតិ ជំងឺមហារីកក្រពេញអូវ៉ែ គឺជាធម្មតាច្រើនកើតមានចំពោះស្ត្រីដែលធាត់ជ្រុល។ នេះក៏ព្រោះតែអ័រម៉ូន estrogen ដែលត្រូវបានផលិតដោយកោសិកាខ្លាញ់លើសក្នុងរាងកាយរបស់ស្ត្រី ហើយនេះជាអ្វីមួយដែលបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវ៉ែ។
៩. ជំងឺមហារីកពោះវៀនធំ
បុរសនិងស្ត្រីដែលធាត់ជ្រុលងាយប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំដល់ទៅ ៣០ ភាគរយបើប្រៀបធៀបនឹងអ្នកដែលមានទម្ងន់ត្រឹមត្រូវមួយ។ អ្នកជំនាញជាច្រើននិយាយថាកោសិកាខ្លាញ់ច្រើនហួសអាចផលិតអ័រម៉ូនដែលបង្កឱ្យមានការបង្កើតកោសិកាមហារីកពោះវៀនធំ។
១០. មហារីកបំពង់អាហារ
ភាគច្រើននៃអ្នកដែលធាត់ជ្រុលជួបប្រទះជំងឺច្រាលទឹកអាស៊ីតក្រពះ ហើយជំងឺនេះជាកត្តាហានិភ័យចម្បងមួយនៃការវិវត្តន៍ទៅជាជំងឺមហារីកបំពង់អាហារ។
១១. មហារីកក្រពះ
មហារីកក្រពះជាប្រភេទមហារីកដែលជះឥទ្ធិពលដល់ផ្នែកខាងលើនៃក្រពះ។ អ្នកដែលធាត់គឺងាយប្រឈមនឹងជំងឺមហារីកក្រពះប្រភេទនេះទ្វេដង។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យនិយាយថាអតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀនក៏ជាកត្តាចូលរួមផងដែរ។
១២. ជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើមអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើន ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ។ យោងតាមអ្នកជំនាញខាងសុខភាពបានអោយដឹងថា កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម មានដូចជា ការឆ្លងមេរោគថ្លើមរយៈពេលយូរ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងការទទួលទានគ្រឿងស្រវឹងលើសកម្រិត។ វត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់ផងដែរ៕