Join with Health.com.kh on Telegram

បបូរមាត់ស្ងួតប្រេះ គឺមិនត្រឹមតែជាបញ្ហាគួរឱ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បបូរមាត់ប្រេះស្ងួតមិនមែនកើតមានដោយសារតែកត្តាអាកាសធាតុតែមួយឡើយ ប៉ុន្តែក៏បណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។ ហើយការដឹងអំពីហេតុបង្ក គឺជាគន្លឹះដ៏ល្អមួយក្នុងការទប់ស្កាត់នូវបញ្ហាកុំឱ្យកើតឡើង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតដែលធ្វើឲ្យបបូរមាត់ឧស្សាហ៍ស្ងួតប្រេះ ៖

១. របបអាហារខ្វះជាតិខ្លាញ់សុខភាពល្អ

មិនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ឡើយ! ខ្លាញ់ល្អដែលមានប្រភពចេញពីត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងប្រេងបន្លែដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺល្អណាស់សម្រាប់រក្សាសុខភាពរឹងមាំ សម្រស់ស្រស់ស្អាតបែបធម្មជាតិ ជាពិសេសជួយរក្សាសំណើមនៃបបូរមាត់។ វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពខួរក្បាល បេះដូង ព្រមទាំងសន្លាក់ផងដែរ។

២. ឥទ្ធិពលនៃអាកាសធាតុ

បបូរមាត់ គឺងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅណាស់ ត្រឹមតែការប៉ះផ្ទាល់ជាមួយខ្យល់ត្រជាក់ ឬខ្យល់ធម្មតាក៏អាចធ្វើឲ្យវាប្រែជាស្ងួតបានយ៉ាងងាយដែរ។ ហើយពន្លឺកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ផ្ដល់ឥទ្ធិពលអវិជ្ជមានដល់បបូរមាត់មិនចាញ់ខ្យល់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរការពារបបូរមាត់ពីកត្តាអាកាសធាតុនេះ ដោយប្រើប្រាស់ឡេការពារកំដៅកម្ដៅ ឬក្រែមរលោងលាបលើបបូរមាត់។

៣. ការលិទ្ធបបូរមាត់

ការលិទ្ធបបូរមាត់ គឺមិនអាចធ្វើឲ្យបបូរមាត់ជៀសផុតពីការប្រេះឡើយ។ ផ្ទុយទៅវិញ វាមានតែធ្វើឲ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ជំនួសឲ្យការផ្ដល់សំណើមដល់បបូរមាត់ជាមួយនឹងទឹកមាត់ ចូរប្រើប្រាស់ក្រែមរលោងលាបការពារបបូរមាត់វិញទើបប្រសើរ។

៤. ការដកដង្ហើមតាមមាត់

បបូរមាត់ គឺងាយនឹងប្រែជាប្រេះ នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឲ្យស្ងួតបបូរមាត់។ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ ដើម្បីការពារ។

៥. ទទួលទានទឹកមិនបានគ្រប់គ្រាន់

ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះ មិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួត ហើយប្រេះសឹងគ្រប់ពេល។ ហើយកុំភ្លេចកំណត់កម្រិតនៃការទទួលទានគ្រឿងស្រវឹង និងកាហ្វេផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។

៦. ទទួលទានអាហារមានរសជាតិហឹរ និងមានជាតិអាស៊ីត

អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឲ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ។ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។

៧. បញ្ហាសុខភាព

ប្រសិនបើបញ្ហានៃការស្ងួតប្រេះបបូរមាត់របស់អ្នកមិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ។ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជាអាការៈ ឬរោគសញ្ញាមួយនៃជំងឺមួយចំនួនអាចជា ជំងឺ​រើមមាត់, រោគផ្សិត, ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីតជាដើម។

៨. កង្វះសារធាតុចិញ្ចឹមនិងវីតាមីនចាំបាច់ក្នុងរាងកាយ

កង្វះវីតាមីនចាំបាច់ដូចជាកម្រិតនៃជាតិដែក, ស័ង្កសី និងក្រុមវីតាមីន B ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យប្រេះកៀនមាត់និងស្ងួតបបូរមាត់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនេះដូចជាសាច់ក្រហម សណ្ដែក បន្លែបៃតង អយស្ទ័រ សាច់គោ ស្ពៃពួយឡេង គ្រាប់ល្ពៅ ផ្លែឈើ សាច់មាន់ ត្រី ស៊ុត និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាដើមក្នុងរបបអាហារប្រចាំថ្ងៃ៕