សក់របស់អ្នកប្រែជាងាយជំពាក់ដោយសារវាស្ងួតនិងខូច។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការប្រើប្រាស់ក្រាស់សិតសក់បង្ខំផ្ដាច់សក់ដែលជំពាក់ចេញពីគ្នាមិនអាចផ្ដល់ផលល្អអ្វីក្រៅពីធ្វើឱ្យសក់កាន់តែមានបញ្ហាថែមនោះឡើយ។ ដូច្នេះមុនពេលអ្នកមានអារម្មណ៍ខឹងខ្លាំង ចូរអនុវត្តតាមគន្លឹះងាយៗដែលវេបសាយសុខភាព Health.com.kh នឹងបង្ហាញជូនខាងក្រោម ៖
១. លាងសម្អាតសក់ជាមួយទឹកក្ដៅឧណ្ហៗ
វិធីដ៏សាមញ្ញនិងលឿនបំផុតមួយដើម្បីស្រាយសក់ដែលជំពាក់ គឺតាមរយៈការលាងសក់ជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់ម្រាមដៃស្រាយសក់ថ្នមៗកុំបង្ខំ។ ជាចុងក្រោយកុំភ្លេចសិតសក់ជាមួយក្រាស់ដែលមានធ្មេញ ឬចន្លោះធំៗ។
២. ប្រើប្រាស់ក្រែមបន្ទន់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម្រាមដៃលាបម៉ាស្សាក្រែមបន្ទន់សក់លើសក់ដែលជំពាក់។ ក្រោយរយៈពេលពី ២ ទៅ ៣នាទី ចូរប្រើប្រាស់ម្រាមដៃអូសកាត់សក់ថ្នមៗដោយយកចិត្តទុកដាក់។ អ្នកក៏អាចប្រើប្រាស់ក្រាស់សិតសក់ដែលមានធ្មេញ ឬចន្លោះធំៗដើម្បីសិតសក់ក៏បាន។ ទោះជាយ៉ាងណាត្រូវចាំថាកុំសិតដោយបង្ខំឱ្យសោះចៀសវាងបង្កឱ្យសក់កាន់តែមានបញ្ហា។
៣. ទឹកឃ្មុំ ឬជែលប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំឆៅ ឬជែលប្រទាលកន្ទុយក្រពើស្រស់លើសក់ជំពាក់។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមប្រើប្រាស់ម្រាមដៃអូសកាត់សក់និងលាងសម្អាតចេញ។
៤. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងអូលីវបន្តិចលើសក់ដែលជំពាក់។ ប្រេងអូលីវជួយផ្ដល់សំណើមដល់សក់ដែលស្ងួតធ្វើឱ្យវាស្រួលស្រាយលែងជំពាក់ជាប់គ្នា។ បន្ថែមពីនេះប្រេងអូលីវក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជួសជុលសក់ដែលទទួលរងការបំផ្លាញនិងការពារសក់មិនឱ្យមានបញ្ហាផ្សេងទៀត។
៥. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមលាបលើសក់ដែលជំពាក់។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមប្រើប្រាស់ម្រាមដៃស្រាយសក់ដែលជំពាក់ ឬសិតសក់ជាមួយក្រាស់ដែលមានធ្មេញ ឬចន្លោះធំៗ។ លាងសម្អាតចេញតាមក្រោយជាមួយទឹកធម្មតាជាការស្រេច៕