ធ្យូង គឺជាមធ្យោបាយមួយទៀតត្រូវបានគេយកមកប្រើ ដើម្បីជួយបង្កើនគុណភាពដី និងដំណាំគ្រប់យ៉ាង ។ កំទេចកំទីធ្យូងដែលមិនអាចប្រើសម្រាប់ដុតចំអិន អាហារបានគួរសន្សំទុកសម្រាប់យកមកលាយតាមគល់ដំណាំ ឬរងបន្លែ ។ ធ្យូងអាចជួយកាត់បន្ថយមេរោគយាយីដល់ដំណាំ និងការលូតលាស់របស់ដំណាំ មិនតែប៉ុណ្ណោះវានៅអាចជួយកាត់បន្ថយពពួកផ្សិតដែលបំផ្លាញ ឫសរបស់បន្ថែ ឬដំណាំបានយ៉ាងល្អទៀតផង ។ ក្រៅពីជួយការពារដល់ដំណាំ ធ្យូងក៏បានជួយបង្កើន PH របស់ដីកុំឲ្យមានជាតិអាស៊ីដច្រើនពេក ជួយឲ្យដីសើម និងរក្សាគុណភាពដីឲ្យនៅល្អបានច្រើនឆ្នាំ ។
តាមការពិសោធន៍ជាច្រើនដែលត្រូវបានគេសិក្សា គេបានរកឃើញថា ដីដែលបានបាចកំទេចធ្យូងពីលើបានធ្វើឲ្យដីស្រទាប់ក្រោមឡើងខ្មៅ សម្បូរជីវជាតិ ជាងដីដែលមិនបានបាចកំទេចធ្យូងពីលើ ។
ការលូតលាស់របស់បន្លែ និងដំណាំក៏ខុសគ្នាដែរ ព្រោះនៅត្រង់ទីដែលបានបាចធ្យូងពីលើដំណាំមានស្លឹកខៀវជាង និងមានការលូតលាស់បានល្អជាង ទីដែលមិនបានប្រើធ្យូង ចំណែកដីស្រទាប់ក្រោមដីមានពណ៌ខ្មៅ និងរក្សាបានសំណើមប្រសើរជាងដីមិនបានប្រើធ្យូង ។
គេអាចបាចធ្យូងនៅតាមគល់ដំណាំចំនួនប្រហែល 2 ស.ម ឬ ច្រើនជាងនេះ ឬអាចបាចលើរងបន្លែក៏បាន ។
ក្នុងករណីដែលគ្មានធ្យូងគេអាចប្រើផេះអង្កាមជាជំនួសបានដោយចាក់់ពង្រាយលើផ្ទៃដី រួចភ្ចួរលុប ឬក៏អាចដាក់ក្នុងរណ្ដៅដាំដំណាំក៏បាន ។ ដោយហេតុថាផេះអង្កាមមានតម្លៃថោកជាង ងាយស្រួលរកជាងធ្យូង ដូចនេះយើងមានជម្រើសពីរអាចប្រើធ្យូងក៏បាន ឬមួយប្រើផេះអង្កាមក៏បាន ។
គួរដាក់ធ្យូង ឬផេះអង្កាមនេះមុនរដូវភ្លៀងធ្លាក់ទើបជាការល្អ ដោយធ្វើម្ដងមួយចំណែកៗ ក្នុងទំហំដីដែលមានរហូតផ្ទៃដីទាំងមូលត្រូវបានគ្របដោយផេះ អង្កាម ឬធ្យូង ។
ការប្រើប្រាស់វត្ថុទាំងពីរយ៉ាងនេះ អាចជួយកាត់បន្ថយចំណាយទៅលើ ការប្រើជីគីមីបានមួយចំណែកធំ និងថយការចំណាយបានមួយចំណែកដែរ ៕