ការដែលស្រលាញ់នរណាម្នាក់ ក្រៅពីធ្វើឱ្យគេស្រលាញ់យើងវិញហើយ នៅមានបញ្ហាធំគួរសមមួយទៀត គឺពេលទៅជួបប៉ាម៉ាក់គេ គួរធ្វើឫកបែបណាទើបត្រូវចិត្តលោកទាំងពីរ ហើយអាចឱ្យលោកស្រលាញ់ ចាត់ទុកអ្នកដូចជាកូនប្រសាភ្លាមៗតែម្ដង។ បើអ្នកកំពុងត្រៀមខ្លួនទៅជួបប៉ាម៉ាក់គេមែន សូមមើលវិធីងាយៗខាងក្រោមនេះ ធានាថាបានផលល្អជាមិនខាន!
១. សិក្សាជាមុននូវអ្វីដែលទាក់ទងនឹងគ្រួសាររបស់គេ៖
វានឹងជាការល្អដែលអ្នកសាកសួរសង្សាររបស់អ្នកជាមុននូវរឿងមួយចំនួនទាក់ទងនឹងគ្រួសារគេ ដូចជាទម្លាប់នៃការញ៉ាំ ការស្លៀកពាក់ ការនិយាយស្ដីជាដើម។ វាអាចនឹងជួយឱ្យអ្នកត្រៀមខ្លួនបានល្អក្នុងការចុះសម្រុងជាមួយលោកទាំងពីរបានយ៉ាងងាយ។
២.ស្លៀកពាក់ឱ្យបានសមរម្យ៖
ពិតណាស់ មនុស្សចាស់ចាប់អារម្មណ៍មុនគេ គឺសំលៀកបំពាក់អ្នកដែលកូនគាត់ស្រលាញ់ហើយមកជួបគាត់លើកទីមួយនេះ។ សម្រាប់មិត្តនារី យកល្អកុំស្លៀកពាក់បញ្ចេញគល់ទ្រូង ឬគល់ភ្លៅ ព្រោះវាអាចមើលទៅមិនសូវសមរម្យសម្រាប់ភ្នែកប៉ាម៉ាក់គេ។ ម្យ៉ាងទៀត អ្នកអាចវិភាគទៅលើតំបន់ដែលគាត់រស់នៅ ថាវាជាទីប្រជុំជនដែលមានជីវិតស៊ីវិល័យច្រើន ឬក៏តំបន់តាមខេត្តជាដើម ដើម្បីងាយស្រួលរៀបចំខ្លួន។
៣. គោរពពេលវេលា៖
មិនថាសម្រាប់មនុស្សចាស់ ឬក្មេងទេ ការគោរពពេលវេលាគឺជាតម្លៃមួយដែលអាចឱ្យគេឃើញថា អ្នកជាមនុស្សមានការរៀបចំបានល្អ និងទៀងទាត់។ ការដែលមកយឺត គឺជាអាកប្បកិរិយាមិនល្អមួយដែលមនុស្សចាស់មិនចូលចិត្តខ្លាំងបំផុត។ ចំណែកការមកដល់លឿនពេក ក៏មិនសូវជាល្អប៉ុន្មានដែរ ព្រោះពួកគាត់ប្រហែលមិនទាន់បានត្រៀមខ្លួនទទួលអ្នករួចនៅឡើយ។
៤. មានអំណោយខ្លះទៅជាមួយ៖
មិនមែនមានន័យថា ម៉ាក់ប៉ាគេចង់បានអំណោយពីអ្នកនោះទេ តែវាជាសុជីវធម៌មួយសម្រាប់មនុស្សជួបគ្នាដំបូង។ អ្នកអាចសួរមិត្តប្រុសរបស់អ្នកនូវចំណង់ចំណូលចិត្តរបស់លោកទាំងពីរ ដើម្បីងាយស្រួលទិញកាដូជូនលោក។
៥. បង្ហាញទឹកមុខរួសរាយ៖
វាជាចំណុចទាក់ទាញមួយដែរដែលអ្នកចេះរៀបចំទឹកមុខបានល្អ ទោះបីអ្នកមិនពេញចិត្តក្នុងការណាត់ជួបលើកនេះក៏ដោយ។ វាបង្ហាញមួយផ្នែកថា អ្នកនឹងរីករាយក្នុងការចូលមករស់នៅក្នុងគ្រួសាររបស់គេ ដោយមិនរើសអើង ឬប្រកាន់អ្វី។ អ្នកអាចចាប់ផ្ដើមការសន្ទនាជាមួយលោកមុន តែមិនគួរនិយាយច្រើនពេកឡើយ។
៦. ពេញចិត្តនឹងជួយការងារមួយចំនួន៖
បើអ្នកត្រូវបានអញ្ជើញមកជួបនៅផ្ទះ គ្មានអ្វីក្រៅពីនេះឡើយដែលអាចទាក់ចិត្តប៉ាម៉ាក់គេ ដែលមិត្តស្រីកូនប្រុសគាត់ចេះមកជួយរៀបចំម្ហូប រើចាន និងជួយលាងទុកដាក់នោះ។ ព្រោះនេះជាការណាត់ជួបលើកដំបូង លោកច្បាស់ជាមិនឱ្យអ្នកធ្វើការងារទាំងនេះទេ តែវាបង្ហាញឱ្យគាត់ឃើញថា អ្នកជានារីដែលចំណាប់ចំនួនខាងការងារជាស្រី៕
ចុះមិត្តនារីផ្សេងទៀត មានអ្វីចង់ចែករំលែកក្រៅពីចំណុចខាងលើដែរឬទេ?